30 C
Phnom Penh
Saturday, July 27, 2024

អាជ្ញាធរក្រុងសិរីសោភ័ណសុំរយះពេលមួយសប្តាហ៍ដើម្បីធ្វើការដោះស្រាយជូនប្រជាពលរដ្ឋ៧៦គ្រួសារ ផ្ទុះការតវ៉ាប្រឆាំងនិងគ្រួសារមួយដែលបានសាងសង់របងរំលោភលើចំណីផ្លូវ

ស្តាប់អត្ថបទជាសំឡេង

បន្ទាយមានជ័យ៖ ប្រជាពលរដ្ឋចំនួន ៧៦គ្រួសារ ស្ថិតនៅក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសេរីសោភ័ណ្ឌខេត្តបន្ទាយមានជ័យ បានផ្ទុះការតវ៉ាប្រឆាំងនឹងប្រជាពលរដ្ឋមួយគ្រួសារថា បានសាងសង់របងរំលោភលើដីចំណីផ្លូវ។ ករណីនេះ បានកើតឡើងកាលពីរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១។

ប្រជាពលរដ្ឋប្រមាណជា ៤០នាក់ តំណាងឱ្យពលរដ្ឋ ៧៦គ្រួសារ បានអះអាងថា គ្រួសារមួយដោយអាងអំណាចបានរំលោភបំពានធ្វើប្លង់កម្មសិទ្ធិលើសពីដីដែលបានកាន់កាប់ និងបានរំលោភបំពានដីចំណីផ្លូវ។ ក្នុងករណីនេះបានអូសបន្ទាយកាលពីកំឡុងឆ្នាំ២០២០ មកម្លេះ ហើយត្រូវបានមន្ត្រីជំនាញភូមិបាល និងរដ្ឋបាលក្រុងសិរីសោភ័ណ្ឌធ្វើការផ្អាកការសាងសង់របងម្ដងរួចម្តងមកហើយ។ លុះមកដល់ថ្ងៃកើតហេតុខាងលើ ក្រុមគ្រួសារដែលមានម្ដាយឈ្មោះ ទុយ សឺយ ចំណែកកូនទី១ ឈ្មោះ តី តៃឡូវ កូនទី២ ឈ្មោះ តី តៃលឺ ទី៣ ឈ្មោះ តី តៃលាស់
និងទី៤ ឈ្មោះ តី តៃឡាយ ជាមន្ត្រីយោធាខេត្តផង បានព្យាយាមធ្វើរបងរំលោភលើដីចំណីផ្លូវចំនួន ៣ជ្រុង។

អ្នកស្រី ប៊ី ចាន់ធួក ដែលជាពលរដ្ឋម្នាក់ក្នុងចំណោមអ្នកតវ៉ា បានឱ្យដឹងថា ដោយសារតែមើលឃើញនូវការលោភលន់របស់គ្រួសារខាងលើ ធ្វើឱ្យប្រជាពលរដ្ឋនៅក្នុងភូមិមានការមិនពេញចិត្ត និងបានធ្វើការជំទាស់មិនឱ្យសាងសង់របងរំលោភលើចំណីផ្លូវដែលធ្វើឱ្យផ្លូវរួមតូច។ ដូចនេះ ពួកគាត់ក៏បានសំណូមពរ និងដាក់ពាក្យបណ្ដឹងទៅកាន់សាលាក្រុងសិរីសោភ័ណ ពេលនោះអាជ្ញាធរមានសមត្ថកិច្ចក៏បានធ្វើការផ្អាកការសាងសង់របងដោយរង់ចាំការដោះស្រាយនៅពេលក្រោយ។

នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ ស្រាប់តែក្រុមគ្រួសារ លោកយាយ ទុយ សឺយ បានកាប់ឆ្ការ និងគ្រោងសាងសង់របងសារជាថ្មី តែប្រជាពលរដ្ឋក៏មានការប្រតិកម្មនឹងលើកគ្នាតវ៉ា រហូតអាជ្ញាធរក្រុងចុះពិនិត្យមើលដើម្បីធ្វើការផ្អាកសកម្មភាពនេះតែម្ដង។ ខណៈពេលដែលលោកអភិបាលក្រុងសិរីសោភ័ណ បានចុះទៅកាន់កន្លែងកើតហេតុដើម្បីធ្វើការដោះស្រាយ បែរជាភាគីម្ខាងមិនព្រមផ្អាកការសាងសង់របងឡើយ ហើយថែមទាំងបានប្រាប់ឱ្យអាជ្ញាធរត្រឡប់ទៅវិញទៀតផង និងបានលើកឡើងថា ពួកគេរង់ចាំដំណោះស្រាយយូរមកហើយ ពេលនេះគេមិនអាចរង់ចាំបានទៀតទេ ត្រូវតែធ្វើរបងបន្ត។

ដោយមើលឃើញនូវភាពកម្សោយរបស់អាជ្ញាធរក្រុងសិរីសោភ័ណ ក្នុងការរកដំណោះស្រាយជូនពួកគាត់ ប្រជាពលរដ្ឋក៏មានគម្រោងឡើងទៅតវ៉ានៅសាលាខេត្តបន្ទាយមានជ័យ ដើម្បីសុំកិច្ចអន្តរាគមន៍ពី លោក អ៊ុ រាត្រីអភិបាលខេត្តបន្ទាយមានជ័យ វិញម្ដង។ ប្រជាពលរដ្ឋលើកទ្បើងថា គ្រួសារនេះមិនសូវស្ដាប់អាជ្ញាធរនោះទេ ហើយតែងតែប្រើអំណាចគំរាមកំហែងប្រជាពលរដ្ឋណាដែលធ្វើការតវ៉ាមិនឱ្យពួកគេរំលោភយកដីចំណីផ្លូវនោះថែមទៀតផង។

ទោះជាយ៉ាងនេះក៏ដោយ ជុំវិញការចោទប្រកាន់ខាងលើ អ្នកស្រី តី តៃលាស់ ជាកូនរបស់អ្នកស្រី សឺន ទុយ បានបកស្រាយថា មូលហេតុដែលក្រុមគ្រួសារគាត់ព្យាយាមធ្វើរបងនេះ ព្រោះតែការព្រួយបារម្ភចំពោះសុវត្ថិភាពខ្លាចបាត់របស់របរ ព្រោះតែរង់ចាំដំណោះស្រាយរបស់អាជ្ញាធរយូរពេក ដែលពន្យារពេលរាប់ខែរាប់ឆ្នាំមកហើយ។ អ្វីដែលប្រជាពលរដ្ឋចោទប្រកាន់ និងជេរប្រមាថមកលើគ្រួសាររបស់គាត់ ថាលួចដីផ្លូវមួយម៉ែត្រ ពីរម៉ែត្រគឺមិនពិតនោះទេ ប៉ុន្តែគ្រួសារគាត់ធ្វើទៅតាមផ្លូវច្បាប់ដែលមានលិខិតបញ្ជាក់ការកាន់កាប់ដីធ្លី ពោលគឺប្លង់រឹង។ ទំនាស់នេះបានកើតឡើងរ៉ាំរ៉ៃយូរឆ្នាំមកហើយ និងសំណូមពរឱ្យអាជ្ញាធរគួរតែពន្លឿននៃការបញ្ចប់ទំនាស់ឱ្យបានឆាប់ៗ។

ពាក់ព័ន្ធនឹងបញ្ហានេះ លោក ហ៊ិល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ បានបញ្ជាក់នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ថា ចំពោះរឿងរ៉ាវដីទំនាស់នេះ ជាជំងឺរ៉ាំរ៉ៃ ហើយអាជ្ញាធរក្រុងសិរីសោភ័ណ្ឌក៏បានធ្វើការសម្របសម្រួលច្រើនលើកច្រើនសារមកហើយដែរ តែមិនចប់សោះ។ រឿងនេះអាជ្ញាធរក៏មិនអាចធ្វើក្តៅបានដែរ ព្រោះភាគីម្ខាងសំអាងទៅលើប្លង់រឹង ឬវិញ្ញាបនបត្របញ្ជាក់ការកាន់កាប់ដីធ្លី រឿងនេះមានតែតុលាការទេដែលអាចដោះស្រាយបាន។ ទោះជាយ៉ាងណា ពេលនេះលោកក៏កំពុងតែស្វែងរកដំណោះស្រាយជូនប្រជាពលរដ្ឋ ដោយកំពុងតែស្រាវជ្រាវនិងរកឯកសារ ហើយលោកសន្យាថា ថ្ងៃចន្ទសប្តាហ៍ក្រោយ លោកនឹងកោះហៅភាគីសងខាងជួបគ្នារកដំណោះស្រាយដោយរង់ចាំធ្វើការចុច GPS រកទំហំដីសិន។

ទោះយ៉ាងនេះក៏ដោយ ជុំវិញបញ្ហាខាងលើ ប្រជាពលរដ្ឋកំពុងតែរង់ចាំមើលដំណោះស្រាយរបស់លោកអភិបាលក្រុងសិរីសោភ័ណ ក្នុងការរកដំណោះស្រាយជូនពួកគាត់ឱ្យបានឆាប់ ព្រោះពួកគាត់ចង់បានផ្លូវធំទូលាយ ងាយស្រួលក្នុងការដឹកអ្នកជំងឺទៅកាន់មន្ទីពេទ្យ និងស្រួលក្នុងការជួយសង្គ្រោះនៅពេលដែលមានអគ្គិភ័យកើតឡើង ឡានទឹកអាចចេញចូលបានស្រួល៕


អត្ថបទ និងរូបភាពដោយ៖Puthi News

អានបន្ត

spot_img