ស្តាប់អត្ថបទជាសម្លេង
ខេត្តព្រះសីហនុ៖ មន្ត្រីសាលាក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ នេះបានចុះ ណែនាំ និងផ្សព្វផ្សាយឱ្យបងប្អូន ប្រជាពលរដ្ឋ និងអាជីវករដែលលក់ដូរនៅលើចិញ្ចើមផ្លូវសាធារណៈរបស់រដ្ឋ ទៅលក់ដូរនៅក្នុងផ្សារវិញ ព្រោះរដ្ឋបាលខេត្តបានអនុញ្ញាត បើកផ្សារឡើងវិញ ឱ្យបងប្អូនប្រកបរបរលក់ដូរ និងប្រកបរបរអាជីវកម្មផ្សេងៗជាធម្មតា ដោយអនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាល និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាគឺ ៣កុំ ៣ការពារ។
ក្រុមការងារ គណៈកម្មការអនុគណៈកម្មការ និងប្រធានផ្សារក៏បានរៀបចំ ដាក់ដំណើរការឡើងវិញ ទៅតាមលក្ខណៈបច្ចេកទេសក្នុងវិធានការ ចូលរួមការពារជំងឺកូវីដ-១៩ រួចរាល់ផងដែរ។


សូមបញ្ជក់ថានៅតាមបណ្ដាផ្លូវនានាមួយចំនួនក្នុងក្រុងព្រះសីហនុ ត្រូវបានបងប្អូនប្រជាពលរដ្ឋអាជីវករបានយកចិញ្ចើមផ្លូវសាធារណៈ មកធ្វើអាជីវកម្មលក់ដូរ បន្លែត្រីសាច់ និង សំភារៈប្រើប្រាស់ផ្សេងៗ បង្កឱ្យបាត់នៅ សោភណភាព និងប៉ះពាល់បរិស្ថាន ក្នុងក្រុងព្រះសីហនុ ខណៈពេលដែលរដ្ឋបាលខេត្ត បាន និងកំពុង អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងក្រុង ធំទូលាយមានសួនច្បារ មានផ្លូវខ្មៅជើងក្រាលថ្មក្រានីត ដើម្បីបម្រើដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ តែពេលបច្ចុប្បន្នដងផ្លូវមួយចំនួនត្រូវបាន បងប្អូនយកមកលក់ដូរធ្វើអាជីវកម្មផ្សេងៗ ធ្វើឱ្យបាត់នូវសោភណភាពរបស់ក្រុង៕






អត្ថបទ និងរូបភាពដោយ៖ Puthi News