30 C
Phnom Penh
Saturday, July 27, 2024

អាជីវករ បានត្អូញត្អែរចំពោះការលក់ដូរមិនសូវដាច់ ទោះបីថ្ងៃបុណ្យភ្ជុំបិណ្ឌនឹងចូលមកដល់ក៏ដោយ

ស្តាប់អត្ថបទជាសំឡេង

បាត់ដំបង៖ ជារៀងរាល់ឆ្នាំនៅមុនថ្ងៃបុណ្យភ្ជុំបិណ្ឌចូលមកដល់មួយថ្ងៃ ការលក់ដូរទំនិញ និងគ្រឿងឧបភោគ បរិភោគ សម្រាប់ការរៀបចំធ្វើជាចង្ហាន់យកទៅវេរប្រគេនព្រះសង្ឃនៅតាមទីអារាមវត្តនានាមានការលក់ដាច់ខ្លាំង តែសម្រាប់ឆ្នាំនេះមិនសូវលក់ដាច់នោះឡើយ មានន័យថា អ្នកមកទិញមានការថយចុះច្រើន ដែលធ្វើឱ្យក្រុមអាជីវករលក់ត្រី សាច់ បន្លែផ្លែឈើ នៅក្នុងផ្សារធំបាត់ដំបង មានការត្អូញត្អែរពីការលក់ដូររបស់ខ្លួនគ្រប់ៗគ្នា ។

អ្នកស្រី ជា ពិសី អាជីវករលក់គ្រឿងទេសក្នុងផ្សារធំបាត់ដំបង បានឱ្យដឹងថា ក្នុងឱកាសនៃពិធីបុណ្យកាន់បិណ្ឌឆ្នាំនេះ ការលក់ដូររបស់គាត់មិនសូវលក់ដាច់ដូចឆ្នាំមុនៗនោះឡើយ ។

អ្នកស្រី បានទទួលស្គាល់ថា បញ្ហានេះគឺបណ្តាលមកពីជំងឺកូវីដ១៩ ដែលបានបង្ខំចិត្តឱ្យប្រមុខដឹកនាំរាជរដ្ឋាភិបាល ត្រូវតែធ្វើការផ្អាកពិធីកាន់បិណ្ឌនិងបុណ្យភ្ជុំបិណ្ឌ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅក្នុងសហគមន៍ ។

ដោយឡែកអ្នកស្រី សម វណ្ណា អាជីវករលក់សាច់ជ្រូក និងមាន់ បានរៀបរាប់ថា ឆ្នាំនេះហាក់ដូចជាមានសភាពស្ងប់ស្ងាត់ណាស់ គឺលក់មិនសូវដាច់ដូចឆ្នាំមុនៗទេ ។  

អ្នកស្រី បានបន្តទៀតថា កាលពីមុន ក្នុងរដូវបុណ្យទានម្តងៗ ការលក់ដូររបស់គាត់ ក៏ដូចជាអាជីវករផ្សេងៗទៀត គឺលក់ដាច់ច្រើនណាស់ តែសម្រាប់ឆ្នាំនេះ ពិសេសក្នុងពិធីកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌនេះ ការលក់ដូរមិនសូវដាច់នោះទេ ដោយសារ តែវិបត្តិនៃជំងឺកូវីដ-១៩ បានផ្ទុះឡើងទាំងក្នុងខេត្តបាត់ដំបង ក៏ដូចជានៅក្នុងប្រទេសកម្ពុជាផងដែរ ។

អ្នកស្រី បានបញ្ជាក់ទៀតថា មិនចំពោះតែអ្នកលក់គ្រឿងទេស ឬអ្នកលក់បន្លែ ត្រីសាច់ និងគ្រឿងសំណែនផ្សេងៗទៀតប៉ុណ្ណោះទេ តែចំពោះអ្នកលក់នំអន្សមចេក អន្សមជ្រូក នំគម នំបត់  ដែលជានំរបស់ខ្មែរយើង ដែលប្រជាពុទ្ធបរិស័ទ តែងតែយកទៅវេរប្រគេនដល់ព្រះសង្ឃ អមជាមួយនឹងចង្ហាន់បិណ្ឌបាត្រនោះ ចាប់តាំងពីថ្ងៃបិណ្ឌ១ រហូតដល់បិណ្ឌ១៤ ខណៈថ្ងៃបុណ្យភ្ជុំធំនៅថ្ងៃស្អែកទៅហើយ ក៏លក់មិនសូវដាច់ដែរ បើប្រៀបធៀបទៅនឹងឆ្នាំមុន គឺបាត់ម៉ូយរបស់គាត់រហូតដល់ជាង៧០%ទៅហើយ ។

សូមបញ្ជាក់ថា នៅមានអ្នកលក់ផលិតផលផ្សេងៗទៀត ទាំងក្នុងបរិវេណផ្សារ និងអ្នកនៅជុំវិញផ្សារ  បានបញ្ជាក់ស្រដៀងៗគ្នាថា តាំងពីមានការឆ្លងរាលដាលនៃជំងឺកូវីដ១៩មក ពួកគាត់លក់ដូរមិនសូវដាច់ឡើយ តែយ៉ាងណាក៏ពួកគាត់នូវបានបង្ហាញពីការសាទរចំពោះចំណាត់ការភ្លាមៗចំពោះមុខរបស់ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ដែលបានធ្វើការផ្អាកកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ និងការជួបជុំផ្សេងទៀត ខណៈដែលខេត្តបាត់ដំបង ក៏ដូចជានៅទូទាំងប្រទេសកម្ពុជា កំពុងមានការផ្ទុះជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ ដើម្បីធ្វើការទប់ស្កាត់មិនឱ្យឆ្លងរាលដាលបន្តទៅមុខទៀត អ្វីដែលសំខាន់សូមឱ្យប្រជាពលរដ្ឋទាំងអស់បន្តការអនុវត្តវិធានការសុវត្ថិភាព ៣ការពារ ៣កុំ ឱ្យបានខ្ជាប់ខ្ជួន ដើម្បីខ្លួនឯង គ្រួសារ សហគមន៍ និងប្រទេសជាតិយើងបានឆ្លងផុតពីការឆ្លងជំងឺសកលមួយនេះ ក្នុងពេលខាងមុខនេះ៕

អត្ថបទ និងរូបភាពដោយ៖ Puthinews

អានបន្ត

spot_img