30 C
Phnom Penh
Saturday, July 27, 2024

អាជីវករលក់ដូរជុំវិញផ្សារក្រុងបានលុង ស្នើសុំអាជ្ញាធរខេត្តជួយអន្តរាគមន៍ រឿងក្រុមហ៊ុនវិនិយោគផ្សារ មិនអនុវត្តតាមសន្យា

ស្តាប់អត្ថបទជាសំឡេង

រតនគិរី៖ក្រុមអាជីវករផ្សារក្រុងបានលុង បានប្រមូលផ្ដុំគ្នានៅមុខសាលាខេត្តរតនគិរី បន្ទាប់ពីក្រុមហ៊ុនហេង ដារ៉ាវិនិយោគផ្សារបានលុងបានរុះរើកន្លែងលក់ដូររបស់ពួកគាត់ រៀបចំជាតូបដោយសន្យាថារក្សាភាពដើមជូនពួកគាត់វិញពោល គឺលក់នៅកន្លែងណាឱ្យលក់នៅកន្លែងនោះវិញ។

បើយោងតាមការឱ្យដឹងពីអាជីវករ ដែលមកតវ៉ាមុខសាលាខេត្ត កាលពីរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថាពួកគាត់មកនេះមានគោលបំណងសុំឱ្យអាជ្ញាធរខេត្តជួយអន្តរាគមន៍ចំពោះការសន្យា របស់គណៈកម្មការផ្សារ មុនចុះរុះរើរៀបចំ សង់ជាតូប បានសន្យាថា នឹងរក្សាកន្លែងដែលពួកគាត់លក់ឱ្យនៅដដែល គឺអ្នកណាលក់កន្លែងណា ឱ្យនៅលក់កន្លែងនោះ តែផ្ទុយទៅវិញឱ្យពួកគាត់ចាប់ឆ្នោតយកកន្លែងលក់ទៅវិញ ហើយចំណុចមួយទៀត ដែលពួកគាត់មិនសុខចិត្ត គឺកន្លែងលក់ក្នុងមួយតូបទំហំតែ១,២ម៉ែត្រតែប៉ុណ្ណោះ។ គាត់ថាទំហំប៉ុណ្ណឹងតើឱ្យគាត់លក់ដូរយ៉ាងម៉េចកើត យ៉ាងហោចណាស់មួយតូបឱ្យបាន២ម៉ែត្រទើបសមរម្យអាចលក់បាន។

ពាក់ព័ន្ធបញ្ហាខាងលើនេះលោក ជួន សុផល តំណាងក្រុមហ៊ុនវិនិយោគផ្សារបានលុង បានឱ្យដឹងនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១នេះ ថាកាលដែលលោកឱ្យគេរុះរើ រៀបចំជាតូបឱ្យមានសណ្ដាប់ធ្នាប់នោះ គឺកន្លែងលក់ពួកគាត់ពីមុនបាំងតង់ និងឆត្រមិនមានសណ្ដាប់ធ្នាប់ទេ។ ពេលនេះលោករៀបចំមានដំបូលត្រឹមត្រូវ ចែកចេញជាតូបដែលមានទទឹង១,២ម៉ែត្រ និងបណ្ដោយ៣ម៉ែត្រ។ លោកបន្តថាបើតូបតូចពិបាកក្នុងការលក់ដូរ អាជីវករម្នាក់ៗ មានសិទ្ធិអាចយក០២តូប បានអាស្រ័យលើមុខរបរក៏ប៉ុន្តែក្នុងសៀវភៅបន្ទុកឈ្នួលតូបលក់ចម្រុះតម្លៃ១០០ដុល្លារ ក្នុង១ឆ្នាំ តូបលក់ត្រីសាច់តម្លៃ៩០ដុល្លារក្នុង១ឆ្នាំ តូបលក់បន្លែតម្លៃ៨០ដុល្លារក្នុង១ឆ្នាំ (តូបមានទទឹង១,២ម៉ែត្រនិងបណ្តោយ៣ម៉ែត្រ)។ ម្យ៉ាងវិញទៀតបើនិយាយពីអ្នកលក់កន្លែងណា ត្រូវលក់កន្លែងនោះវិញមិនអាចបានទេ គឺត្រូវធ្វើការចាប់ឆ្នោតមានភាពយុត្តិធម៌ស្មើភាពគ្នា។

បើតាមការបញ្ជាក់ឱ្យដឹងពីលោក ម៉ឹង ស៊ីនាថ អ្នកនាំពាក្យសាលាខេត្តរតនគិរី កាលពីរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ កន្លងទៅបានប្រាប់ក្រុមអាជីវករដែលមកតវ៉ាថា រឿងរ៉ាវខាងលើនេះសូមឱ្យបងប្អូនក្រុមអាជីវករទាំងអស់វិលត្រឡប់ទៅលំនៅឋានវិញសិនរួចឱ្យពួកគាត់ជ្រើសរើសតំណាងចំនួន០៣នាក់ ដោយមាន​លិខិតលាយលក្ខណ៍អក្សរបញ្ជាក់ស្នាមមេដៃដាក់មករដ្ឋបាលខេត្ត ដើម្បីរៀបចំកិច្ចប្រជុំពិភាក្សាជាមួយក្រុមហ៊ុនវិនិយោគផ្សារ និងមន្ត្រីជំនាញពាក់ព័ន្ធគ្រប់ស្ថាប័នដើម្បីរកដំណោះស្រាយជូនបងប្អូនអាជីវករឱ្យទទួលយកបានបានទាំងអស់គ្នាដោយតម្លាភាព។

ជាមួយគ្នានេះដែរអ្នកនាំពាក្យរូបនេះក៏បានសំណូមពរឱ្យក្រុមជីវករទាំងអស់បំបែក គ្នាត្រឡប់ទៅលំនៅ​ឋាន​រៀងៗខ្លួនដើម្បីបញ្ចៀសការឆ្លងនៃជំងឺកូវីដ-១៩ ដោយអនុវត្តតាមវិធានសុខាភិបាល “៣ការពារ៣កុំ” ឱ្យបានគ្រប់ៗគ្នាផងដែរ៕

អត្ថបទ និងរូបភាពដោយ៖ Puthinews

អានបន្ត

spot_img