26 C
Phnom Penh
Saturday, July 27, 2024

អាជីវករផ្សារជម្ពូវ័ន ប្ដឹងទៅអាជា្ញធរសុំកិច្ចអន្តរាគមន៍ ខណៈមានអ្នកកាងយកលុយ អភិបាលខណ្ឌថា ពិបាកដោះស្រាយ

ភ្នំពេញ : អាជីវករលក់ដូរនៅតាមបណ្ដោយផ្លូវជាតិលេខ៤ មុខផ្សារជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ប្រមាណ៥០នាក់ បាននាំគ្នាផ្ដិតមេដៃប្ដឹងនិងសុំអន្តរាគមន៍ពីអាជា្ញធរពាក់ព័ន្ធ ក្រោយពីមានបុរសម្នាក់បានកាងនិងគំរាមយកលុយប្រចាំខែ ។
យោងតាមលិខិតសុំអន្តរាគមន៍ ទៅអភិបាលខណ្ឌពោធិ៍សែនជ័យ ស្នងការ និងអភិបាលរាជធានីភ្នំពេញ ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ បានបញ្ជាក់ថា យើងខ្ញុំទាំងអស់គ្នា ជាអាជីវករលក់ដូរនៅផ្សារជម្ពូវ័ន ស្ថិតនៅផ្លូវជាតិលេខ៤ ភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ សុំអន្តរាគមន៍ប្ដឹង ឈ្មោះ ជា ទី ភេទប្រុស ជាម្ចាស់ឃ្លាំង ថារ័ត្ន (វីង ថា រ័ត្ន) ស្ថិតនៅផ្លូវជាតិលេខ៤ (ទល់មុខឈៀងនឹងសាលាបឋមសិក្សាជម្ពូវ័ន) ភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលបានយករថយន្តមកចតលើផ្លូវសាធារណៈ ដែលបង្កការលំបាកដល់យើងខ្ញុំលក់ដូរ ហើយបានធ្វើការគំរាមបង្ខំឱ្យយើងខ្ញុំទាំងអស់គ្នាបង់ប្រាក់ជូនគាត់ក្នុងតម្លៃ ៨០ម៉ឺនទៅជាង១លានរៀល ក្នុង១ខែ ។


លិខិតសុំអន្តរាគមន៍ដដែល បានបញ្ជាក់ទៀតថា យើងខ្ញុំទាំងអស់គ្នា ជាអាជីវករលក់ដូរបន្លែ ត្រី សាច់ និងទំនិញផ្សេងៗនៅផ្សារជម្ពូវ័ន ដែលជាមុខរបរសម្រាប់ចិញ្ចឹមជីវិត និងសម្រួលដល់ជីវភាពរស់នៅឱ្យបានប្រសើរឡើង ។ កន្លងមកយើងខ្ញុំទាំងអស់គ្នា បានចូលរួមសហការរៀបចំសណ្ដាប់ធ្នាប់របៀបរៀបរយ អនាម័យ និងបរិស្ថាន តាមបណ្ដោយផ្លូវជាតិលេខ៤ តាមការណែនាំរបស់រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីចៀសវាងការប៉ះពាល់ដល់សោភ័ណភាព ការកកស្ទះចរាចរណ៍ អនាម័យ បរិស្ថាន និងសណ្ដាប់ធ្នាប់សាធារណៈ ហើយយើងខ្ញុំទាំងអស់គ្នាក៍បានស្វែងរកទីតាំងសមរម្យដើម្បីធ្វើការលក់ដូរផងដែរ ។

ប៉ុន្តែក្រោយមក ឈ្មោះ ជា ទី ដែលជាម្ចាស់ឃ្លាំង ថារ័ត្ន (វីង ថា រ័ត្ន) បានយករថយន្តមកចតនៅលើផ្លូវសាធារណៈ ដើម្បីបង្កឱ្យមានការលំបាកដល់ជីវករទាំងអស់គ្នា ព្រមទាំងបានគំរាមបង្ខំឱ្យយើងខ្ញុំទាំងអស់គ្នាបង់ប្រាក់ជូនគាត់ ក្នុងតម្លៃពី៨០ម៉ឺនទៅជាង១លានរៀល ក្នុង១ខែ តាមរយៈការហៅយើងខ្ញុំទៅប្រជុំជាមួយគាត់ លើសពីនេះគាត់ មិនត្រឹមតែគំរាមបង្ខំយកប្រាក់ផ្នែកខាងមុខផ្ទះគាត់នោះទេ គាត់ថែមទាំងបង្ខំប្រមូលប្រាក់ពីអាជីវករនៅផ្លូវផ្នែកម្ខាងទៀតផងដែរ ។

ម្យ៉ាងវិញទៀត ដោយសារបច្ចុប្បន្ននេះមាននូវបញ្ហាវិបត្តិសេដ្ឋកិច្ច ដែលបណ្តាលឱ្យយើងខ្ញុំទាំង អស់គ្នា លក់ដូរមិនសូវដាច់បង្កឱ្យមានការប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃយ៉ាងខ្លាំង លើសពីនេះផងដែ ស្រាប់តែបុគ្គលឈ្មោះ ជា ទី បានបង្កការលំបាកដល់យើងខ្ញុំបន្ថែមទៀតនោះ បានធ្វើឱ្យជីវភាពរបស់យើងខ្ញុំ កាន់តែពិបាកថែមទៀត។ យើងខ្ញុំទាំងអស់គ្នា ស្នើសុំឱ្យលោក ជា ទី ម្ចាស់ឃ្លាំង ថារ័ត្ន (វីងថារ័ត្ន) បញ្ឈប់រាល់ការប្រមូល ប្រាក់ពីអាជីវករ និងដកយករថយន្ត(រថយន្តដឹកដី និងយានយន្តផ្សេងៗ) ដែលចតនៅលើផ្លូវសាធារណៈចេញ។
គួរបញ្ជាក់ថា រយៈពេលប៉ុន្មានខែមកហើយដែលអាជា្ញធរបានហាមម្ចាស់ផ្ទះមិនឱ្យយកលុយពីអាជីវករ ។ ម្លោះហើយទើបម្ចាស់ផ្ទះខឹងសម្បារយករថយន្តផ្ទាល់ខ្លួន និងរថយន្តដឹកដីមកបាំងពីមុខកន្លែងលក់ដូរ ហើយអាជា្ញធរក៍ធ្លាប់ហៅមកសម្របសម្រួលដែរ តែលទ្ធផលបែបណានោះអាជា្ញធរមិនហ៊ានអាកាត់ឡើយ។
លោក សក់ ច័ន្ទកញ្ញារិទ្ធ បានបន្តថា មែនទែនទៅក្រុមអាជីវករក៍ខុសដែរ ដែលយកផ្លូវសាធារណៈធ្វើជាកន្លែងលក់ដូរ ប៉ុន្តែអាជា្ញធរពិបាកក្នុងការធ្វើ ។ ហើយអាជា្ញធរក៍មិនពាក់ព័ន្ធយកលុយយកកាក់ដែរ ។
អភិបាលខណ្ឌពោធិ៍សែនជ័យបន្ថែមថា បញ្ហាលក់ដូរលើផ្លូវសាធារណៈរបស់រដ្ឋនេះមានតាំងពីមុនពេលលោកធ្វើជាអភិបាលខណ្ឌទៅទៀត ។ លោកចាត់ទុកថា ការលក់ដូរនេះពិបាកក្នុងការដោះស្រាយ ពីព្រោះអាជា្ញធរគ្មានកន្លែងឱ្យអាជីវករទៅលក់នៅកន្លែងផ្សេង ៕

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img