ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានជំរុញឱ្យកម្លាំងមានសមត្ថកិច្ចទាំងអស់ចំណុះឱ្យគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌទាំង១៤ ត្រូវពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ឱ្យបានល្អ និងអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុតជុំវិញវិធានការការពារជំងឺកូវីដ-១៩ នៅក្នុងពិធីបុណ្យដាក់បិណ្ឌ និងភ្ជុំបិណ្ឌ ដែលនឹងចូលមកដល់នាពេលប៉ុន្មានថ្ងៃទៀតខាងមុខ។
ក្នុងកិច្ចប្រជុំតាមរយៈការបញ្ជូនរូបភាព និងសំឡេង ( Video Conference ) របស់គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញនៅល្ងាចថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ លោក ឃួង ស្រេង បានលើកឡើងថា ចំពោះកងកម្លាំងមានសមត្ថកិច្ចដែលមានតួនាទីអនុវត្តការងារក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងពិធីបុណ្យដាក់បិណ្ឌ និងភ្ជុំបិណ្ឌខាងមុខ ត្រូវតែមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុតចំពោះការឆ្លងជំងឺកូវីដ-១៩ និងត្រូវចេះការពារខ្លួនឯង ទោះបីមានបទពិសោធន៍ នាពេលកន្លងមកហើយក្តី។ ក្រៅពីនេះក៏បានណែនាំឱ្យប្រធានមន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ ត្រូវកោះប្រជុំជា មួយគណៈកម្មការ អាចារ្យវត្តទាំង១៥១វត្ត នៅក្នុងរាជធានីភ្នំពេញដើម្បីត្រៀមលក្ខណសម្បត្តិឱ្យបានគ្រប់គ្រាន់ ក្នុងការរៀបចំវត្តអារាម ធ្វើយ៉ាងណាមិនឱ្យមានហានិភ័យឆ្លងជំងឺកូវីដ-១៩ នៅក្នុងពិធីបុណ្យដាក់បិណ្ឌ និងភ្ជុំបិណ្ឌ ហើយក្នុងវត្តនីមួយៗនៅតាមខ្លោងទ្វារវត្តត្រូវបាញ់អាល់កុល និងវាស់កម្តៅ។
លោក ឃួង ស្រេង បានបញ្ជាក់ផងដែរថា ក្រោយការចាក់វ៉ាក់សាំងជូនពលរដ្ឋនៅរាជធានីភ្នំពេញ និងបច្ចុប្បន្នកំពុងចាក់វ៉ាក់សាំងជូនកុមារអាយុពី៦ឆ្នាំដល់ក្រោម១២ឆ្នាំ ឃើញថា ការឆ្លងជំងឺកូវីដ-១៩ បានថយចុះយ៉ាងខ្លាំងនៅភ្នំពេញ ដែលធ្វើឱ្យដើរទៅមុខជាជំហានៗ ក្នុងនោះបានបើកឱ្យមានការធ្វើចរាចរណ៍ឡើងវិញរបស់ប្រជាពលរដ្ឋ បើកឱ្យដំណើរការរោងចក្រឡើងវិញ ហើយនៅពេលថ្មីៗនេះបានបើកសាលារៀនថ្នាក់អនុវិទ្យាល័យ និងវិទ្យាល័យឡើងវិញថែមទៀត។ បន្ថែមពីលើនេះទៀត កងកម្លាំងមានសមត្ថកិច្ច អាជ្ញាធរខណ្ឌទាំង១៤ ត្រូវល្បាតមើលថែសម្បត្តិសាធារណៈរបស់រដ្ឋ ត្រូវការពារឱ្យបានគង់វង្សពីអំពើចោរកម្ម ៕
អត្ថបទ និងរូបភាពដោយ៖ Puthi News