30 C
Phnom Penh
Monday, November 11, 2024

អភិបាលរាជធានីភ្នំពេញ កំពុងពួយបារម្ភពីការឆ្លងកូវីដ-១៩ ខណៈពលរដ្ឋធ្វើដំណើរចេញចូលរាជធានីភ្នំពេញ

ស្តាប់អត្ថបទជាសំឡេង

ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានណែនាំឱ្យអភិបាលខណ្ឌទាំង១៤ និងមន្ទីរធម្មការ និងសាសនា ពង្រឹងវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងញែកកុំឱ្យមានការប្រមូលផ្តុំមនុស្សច្រើន នៅតាមទីអារាមនានាក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ការណែនាំដូចនេះ បានធ្វើឡើងក្នុងកិច្ចអង្គប្រជុំបន្ទាន់នាព្រឹកថ្ងៃទី0៤ ខែតុលា ឆ្នាំ២០២១ តាមប្រព័ន្ធ Video Conference ដើម្បីពង្រឹងការអនុវត្តសារាចរណែនាំរបស់រាជរដ្ឋាភិបាល ស្ដីពី​ការពង្រឹងវិធានការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-​១៩ មុន និងក្រោយពេលឈប់សម្រាកក្នុងពិធីបុណ្យភ្ជុំបិណ្ឌ។

ក្រៅពីនេះ លោក ឃួង ស្រេង ក៏បានជុំរុញឱ្យអាជ្ញាធរពាក់ព័ន្ធ បន្តពង្រឹងវិធានការការពារតាមក្លិបកម្សាន្ត បៀហ្គាដិន ខារ៉ាអូខេ និងទីតាំងប្រមូលផ្តុំមនុស្សច្រើន ដែលអាជ្ញាធរធ្លាប់បានបិទខ្ទប់កន្លងមក ត្រូវបន្តអនុវត្តវិធានការសុខាភិបាលជាបន្តទៀត។ បើហាងផឹកស៊ីជួបជុំណាមួយល្មើសការណែនាំ ត្រូវបិទជាបន្ទាន់ និងម្ចាស់ហាង ម្ចាស់ទីតាំងនោះត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។

ទន្ទឹមននឹងនេះផងដែរ លោកអភិបាលក្រុង ក៏បានបង្ហាញពីការព្រួយបារម្ភ ចំពោះការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងឪកាសបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ក្នុងពេលដែលប្រជាពលរដ្ឋធ្វើដំណើរចេញពីរាជធានីភ្នំពេញទៅភ្ជុំនៅស្រុកកំណើត ដែលទាមទាឱ្យអាជ្ញាធរត្រូវពង្រឹងការទប់ស្កាត់ការីករាលដាលនៃជំងឺកូវីដ-១៩ និងពង្រឹងការអនុវត្តច្បាប់ចរាចរផ្លូវគោកឱ្យបានហ្មត់ចត់ ជាពិសេសតាមច្រកចេញចូលរាជធានីភ្នំពេញ។

លោក ឃួង ស្រេង បានលើកឡើងថា រាជរដ្ឋាភិបាលបានចំណាយធនធានច្រើនណាស់ ក្នុងគោលដៅទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ និងដោះស្រាយជីវភាពប្រជាពលរដ្ឋតាមតំបន់បិទខ្ទប់ជាដើម។ ការ​នឿយ​ហត់របស់អាជ្ញាធរ គឺជាពលីកម្មដ៏មានតម្លៃ ដើម្បីសុខមាលភាពប្រជាពលរដ្ឋទាំងអស់គ្នា៕

អត្ថបទ និងរូបភាពដោយ៖ Puthinews

អានបន្ត

spot_img
spot_img