ព្រះវិហារ៖ អភិបាលរង នៃគណៈអភិបាលខេត្តព្រះវិហារ លោក សុខ សាន្តតារា បានដឹកនាំមន្ត្រីជំនាញសូរិយោដីខេត្ត មន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្ត មន្ត្រីរដ្ឋបាលព្រៃឈើ ដែលមានការចូលរួមពី អាជ្ញាធរស្រុកឆែប កម្លាំងយោធាការពារព្រំដែន នៃតំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនទៀតផងដែរ។


ដំណើរចុះពិនិត្យសិក្សា អំពីផលប៉ះពាល់ការធ្វើអត្តសញ្ញាណកម្មដី និងប្រជាពលរដ្ឋលើទីតាំងតំបន់ប្រវត្តិសាស្ត្រយោធា នៃតំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារ របស់ថ្នាក់ដឹកនាំខេត្ត និងមន្ត្រីជំនាញពាក់ព័ន្ធ គឺបានធ្វើឡើងនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣កន្លងទៅនេះ ស្ថិតនៅក្នុងចំណុចតេជោ បន្ទាយព្រៃតាសែង ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ។
អភិបាលរងខេត្តព្រះវិហារ លោក សុខ សាន្តតារា បានបញ្ជាក់ថា ការចុះពិនិត្យ និងសិក្សា អំពីផលប៉ះពាល់ការធ្វើអត្តសញ្ញាណកម្មដី និងប្រជាពលរដ្ឋ លើទីតាំងតំបន់ប្រវត្តិសាស្ត្រយោធា នាពេលនេះ គឺ ដោយមានការអនុញ្ញាតពី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី តាមការស្នើសុំរបស់ អង្គភាពតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ដើម្បីកំណត់ទីតាំងភូមិសាស្ត្រនេះ ឲ្យក្លាយជាតំបន់កំណត់ត្រាប្រវត្តិសាស្ត្រ ដែលមានការការពារ អភិរក្សទុកសម្រាប់អ្នកជំនាន់ក្រោយៗទៀត បានដឹង បានឃើញ អំពីប្រវត្តិសាស្ត្រសង្គ្រាមរបស់ខ្មែរយើង ដែលបានកើតឡើងនាច្រើនទសវត្សន៍កន្លងទៅនេះ។


អភិបាលរងខេត្តព្រះវិហារ លោក សុខ សាន្តតារា បានបញ្ជាក់ទៀតថា ទាំងមនុស្ស ទាំងសត្វ សុទ្ធតែរស់នៅត្រូវការសន្តិភាព ដូច្នេះ សន្តិភាព ពិតជាមានតម្លៃមិនអាចកាត់ថ្លៃបានឡើយ។ ហើយស្ថាបនិក នៃសុខសន្តិភាព នេះ មានតែសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា តែមួយប៉ុណ្ណោះ ដែលបានលះបង់គ្រប់បែបយ៉ាង យកអាយុជីវិតធ្វើជាដើមទុន ទើបនាំសុខសន្តិភាព មកជូនប្រទេសជាតិ និងប្រជាជនកម្ពុជា ប្រកបដោយភាពសុខសាន្ត រហូតមកដល់គ្រាបច្ចុប្បន្ន៕










ដោយ៖ Puthinews
Youtube Channel: Puthi News
Telegram Channel: Puthi News
Puthinews Android app: Puthi News