

ប៉ៃលិន ៖ លោកស្រី អភិបាលខេត្តប៉ៃលិន ផ្ដាំផ្ញើអ្នកគ្រូលោកគ្រូសូមរាយការណ៍បន្ទាន់ ករណីសិស្សមានអាការៈមិនប្រក្រតី ឬសង្ស័យទាក់ទងនឹងជំងឺកូវីដ-១៩ នៅពេលចូលរៀនវិញនេះ។
ការថ្លែងនេះ ធ្វើឡើងនៅក្នុងពិធីបើកបវេសកាលឆ្នាំសិក្សាថ្មី ២០២១-២០២២ នៅវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិតប៉ៃលិន ស្ថិតក្នុងភូមិអូរតាពុកក្រោម សង្កាត់ ទួល ល្វា ក្រុងនិងខេត្តប៉ៃលិន នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ ។


លោកស្រី បានមានប្រសាសន៍ផ្តាំផ្ញើដល់លោកគ្រូ អ្នកគ្រូ សូមពិនិត្យឱ្យមែនទែនអំពីអាការៈសិស្សានុសិស្ស បើឃើញថាមានអ្វីមិនប្រក្រតីសូមរាយការណ៍ជាបន្ទាន់ ហើយត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់អាណាព្យាបាលគ្រប់រូប ពេលកូនមករៀនត្រូវពាក់ម៉ាស ចូលដល់សាលាត្រូវលាងដៃឱ្យបានគ្រប់គ្នា។
ក្នុងឱកាសនោះលោកស្រី បានមានមតិសំណោះសំណាល ផ្តាំផ្ញើ ដល់ប្អូនៗក្មួយៗ ត្រូវខិតខំរៀនសូត្រ និងថែរក្សាសុខភាព អនាម័យឱ្យបានល្អ ហើយក្មួយៗត្រូវធ្វើជាសិស្សល្អ កូនល្អ និងត្រូវឆ្លើយថាទេចំពោះគ្រឿងញៀន។ ជាពិសេសត្រូវបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមវិធានការរបស់ក្រសួងសុខាភិបាល ៣កុំ និង៣ការពារ និងបន្តការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ តាមកម្មវិធីដែលក្រសួងបានដាក់ជូន។


យោងតាមរបាយកាណ៍ លោក តង់ ធារ៉ា ប្រធាន មន្ទីរ អប់រំ យុវជន និង កីឡា ខេត្ត ប៉ៃលិន បានឱ្យ ដឹងថា ឆ្នាំសិក្សាថ្មី២០២១-២០២២ គ្រឹះស្ថាន សិក្សា សាធារណៈ ទូទាំង ខេត្ត នឹង ដំណើរការរៀន និងបង្រៀន មានមធ្យមសិក្សា០៩កន្លែង វិទ្យាល័យចំនួន០២ កន្លែង និងអនុវិទ្យាល័យចំនួន០៧កន្លែង មានសិស្សសរុប ៥៧២៣ នាក់ ក្នុងនោះស្រី ៣១១៦ នាក់ បឋមសិក្សា សាធារណៈ និងឯកជន ចំនួន ៥៦សាលា មានសិស្សសរុប ១១៧៥៤ ស្រី ៥៦៩៥ នាក់ មេតេយ្យ សាធារណៈ មត្តេយ្យ សហគមន៍ និងមត្តេយ្យឯកជន ២០៦០ នាក់ ស្រី ៨៣៧នាក់ ។ បុគ្គលិក អប់រំ សរុប ៨២៥ នាក់ ស្រី ៤០១នាក់ ។






អត្ថបទ និងរូបភាពដោយ៖ Puthinews
Telegram group: Puthinews
YOUTUBE | Puthinews
WEBSITE | Puthinews