30 C
Phnom Penh
Saturday, July 27, 2024

អភិបាលខេត្តមណ្ឌលគិរី ណែនាំ រៀបចំសណ្ដាប់ធ្នាប់ក្នុងក្រុងសែនមនោរម្យឱ្យល្អប្រសើរ និងពន្លឿនដំណោះស្រាយបញ្ហាផ្សេងៗ

ស្តាប់អត្ថបទជាសំឡេង

មណ្ឌលគិរី៖ លោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានធ្វើការណែនាំដល់មន្ទីរអង្គភាពពាក់ព័ន្ធ ពិសេស រដ្ឋបាលក្រុងសែនមនោរម្យ ត្រូវយកចិត្តទុកដាក់គិតគូរពីសោភណភាព បរិស្ថាន សណ្ដាប់ធ្នាប់សាធារណៈ នៅក្នុងក្រុងសែនមនោរម្យ រៀបចំសំអាតបរិវេណសួនឧទ្យាន ចាប់ពីរូបសំណាកដំរីដែក រហូតដល់វិមានឯករាជ្យ។

ការថ្លែងនេះរបស់លោក ថង សាវុន កាលពីរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ ក្នុងឱកាស អញ្ជើញចុះជួបសំណេះសំណាលជាមួយអាជីវករ និងពិនិត្យមើលស្ថានភាពសោភណភាពក្នុងផ្សារសែនមនោរម្យ ខេត្តមណ្ឌលគិរី ដើម្បីធ្វើការកែលម្អឱ្យមានសណ្តាប់ធ្នាប់ល្អប្រសើរ។

លោកអភិបាលខេត្ត ក៏បានណែនាំដល់អាជ្ញាធរក្រុង និងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវចូលរួមសម្របសម្រួល ដោះស្រាយបញ្ហាផ្សេងៗ ដែលអាជីវករស្នើសុំឱ្យបានទាន់ពេលវេលា។ ចំណែកសមត្ថកិច្ចជំនាញ និងអាជ្ញាធរក្រុង ត្រូវរៀបចំកន្លែងលក់ដូរថ្មីសមរម្យ សម្រាប់អាជីវករដែលលក់ដូរតាមរទេះ នៅជុំវិញបរិវេណរង្វង់មូលគោព្រៃ ដើម្បីរៀបចំសណ្តាប់ធ្នាប់ជុំវិញបរិវេណរង្វង់មូលនេះឱ្យមានសោភណភាពល្អ សម្រាប់ទាក់ទាញ់ភ្ញៀវទេសចរជាតិ អន្តរជាតិ មកទស្សនាកម្សាន្តនៅលើទឹកដីដ៏ស្រស់បំព្រង នៃខេត្តមណ្ឌលគិរី។


ហើយចំពោះអាជីវករ និងប្រជាពលរដ្ឋទាំងអស់ ត្រូវអនុវត្តវិធានការរបស់រាជរដ្ឋាភិបាល ៣កុំ ៣ការពារ និងអំពាវនាវដល់ប្រជាពលរដ្ឋដែលមិនទាន់បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ សូមអញ្ជើញទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នានៅតាមទីតាំងដែលអាជ្ញាធរក្រុង/ស្រុក បានកំណត់ជូនប្រជាពលរដ្ឋ៕

អត្ថបទ និងរូបភាពដោយ៖ Puthinews

Join Telegram group: ឯកសារចំណេះដឹងសាធារណៈជន

អានបន្ត

spot_img