ស្តាប់អត្ថបទជាសំឡេង
ពោធិ៍សាត់៖ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ លោក ជាវ តាយ បានស្នើសុំឱ្យក្រុមហ៊ុនស្ថាបនាផ្លូវជាតិលេខ៥ ក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់ ស្ថាបនាឲ្យបានលឿនជាងនេះបន្តិច ដើម្បីសម្រួលដល់ការធ្វើដំណើរទៅមករបស់បងប្អូនប្រជាពលរដ្ឋ។
លោកអភិបាលខេត្ត បានស្នើសុំបែបនេះ នៅក្នុងឱកាសជួបប្រជុំជាមួយក្រុមការងារគណៈកម្មការអន្តរក្រសួង និងក្រុមហ៊ុនម៉ៅការ ស្ថាបនាផ្លូវជាតិលេខ៥ នៅរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១នេះ នៅសាលាខេត្តពោធិ៍សាត់។
លោក ជាវ តាយ បានលើកឡើងថា ការស្ថាបនាផ្លូវជាតិលេខ៥ សព្វថ្ងៃនេះយើងពិនិត្យឃើញថា កំណាត់ផ្លូវក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់ហាក់បីដូចជាមានការយឺតយ៉ាវជាងគេបន្តិច មានកន្លែងលំបាកច្រើន តើកត្តាទាំងនេះបណ្ដាលមកពីអ្វី?។
ជាឆ្លើយបតក្រុមការងារក្រសួងសាធារណៈការ និងដឹកជញ្ជូន និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានជម្រាបជូនថា ការយឺតយ៉ាវដោយសាររដូវនេះជារដូវភ្លៀងធ្លាក់មិនបានធ្វើពេញលេញ។ ម្យ៉ាងទៀតចំណាយពេលសិក្សាការធ្វើផ្លូវវាងក្រុង រកទីតាំងសាងសង់ស្ថានីយ៍ថ្លឹងរថយន្ដ ការស្ថាបនាស្ពានអាកាសឆ្លងស្ទឹងពោធិ៍សាត់ ការដោះស្រាយផលប៉ះពាល់ និងការរកទីតាំងសាងសង់រង្វង់មូលថ្មី ព្រោះរង្វង់មូលនៅចំណុចផ្លូវបំបែកចូលបូជនីយដ្ឋានឧកញ៉ា ឃ្លាំង មឿង មិនអំណោយផលនោះទេ។
ក្រុមការងារអន្ដរក្រសួងបន្តទៀតថា ទោះយ៉ាងណាការស្ថាបនាផ្លូវជាតិលេខ៥កំណាត់ផ្លូវក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់នេះ យ៉ាងយូរខែមករាឆ្នាំ២០២២ ខាងមុខនេះនឹងបានធ្វើចរាចរណ៍ ស្រួលបួលហើយ។
លោក ជាវ តាយ មានប្រសាសន៍ថា ចំពោះការស្ថាបនារង្វង់មូល យើងគួរតែធ្វើនៅដើមផ្លូវ និងចុងផ្លូវបំបែកវាងក្រុង ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ ឲ្យចូលមកទស្សនាសមិទ្ធផលនានា ឬស្នាក់នៅនិងទទូលអាហារតាមភោជនីយដ្ឋាន និងអាហារដ្ឋាននានាក្នុងខេត្ត ដើម្បីកុំឱ្យបាត់បង់សេដ្ឋកិច្ច របស់បងប្អូនប្រជាពលរដ្ឋយើង។
លោកអភិបាលខេត្ត ពិនិត្យឃើញថា គ្រឿងចក្ររបស់ក្រុមហ៊ុនមានតិចពេកទើបការស្ថាបនាផ្លូវមានការយឺតយ៉ាវ។ ដូច្នេះសូមក្រុមការងារអន្តរក្រសួង មេត្តាជួយជម្រុញឱ្យក្រុមហ៊ុនយកគ្រឿងចក្រមកបន្ថែម ដើម្បីពន្លឿនការស្ថាបនាផ្លូវជាតិលេខ៥កំណាត់ផ្លូវក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ឱ្យបានឆាប់រួចរាល់មុនពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ ៕
អត្ថបទ និងរូបភាពដោយ៖ Puthinews
Join Telegram group: ឯកសារចំណេះដឹងសាធារណៈជន