32 C
Phnom Penh
Sunday, December 8, 2024

អភិបាលខេត្តបាត់ដំបង អំពាវនាវឱ្យពលរដ្ឋ និង កុមារអាយុ១២ឆ្នាំដល់១៧ឆ្នាំ ទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់គ្នា ដើម្បីទប់ស្កាត់ការឆ្លងជំងឺក្នុងសហគមន៍

បាត់ដំបង៖ អភិបាលខេត្តបាត់ដំបង លោកងួន រតនៈ នៅក្នុងឱកាសនៃការចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងជូនកុមារ ដែលមានអាយុចាប់ពី១២ឆ្នាំដល់១៧ឆ្នាំ និងប្រជាពលរដ្ឋទូទៅ នៅស្រុកចំនួនបី គឺស្រុកគាស់ក្រឡ ស្រុកមោងឫស្សី និងស្រុករុក្ខគិរី ដើម្បីជំរុញដំណើរការចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា ទៅតាមផែនការ កំណត់របស់រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ និង កុមារដែលមិនទាន់ទទួលបានវ៉ាក់សាំងកូវីដ-១៩  សូមមក ទទួលវ៉ាក់សាំងនៅតាមមណ្ឌលចាក់វ៉ាក់សាំងកូវីដ-១៩ នៅតាមមណ្ឌលនានា ដែលអាជ្ញាធរបានកំណត់រួចជាស្រេច ដើម្បីការពារការឆ្លងរាលដាលនៃវីរុសកូវីដ-១៩ ចូលទៅក្នុងសហគមន៍បន្តទៀត ពិសេសដើម្បីធានាបាននូវភាពស៊ាំនៅក្នុងសហគមន៍  ការពារសុខុមាលភាពរបស់ ប្រជាជន  ក៏ដូចជាឈានទៅបើ ដំណើ ការឡើងវិញនូវសង្គមសេដ្ឋកិច្ចកម្ពុជាយើង បន្ទាប់ពីការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ត្រូវបានបញ្ចប់នៅពេលខាងមុខនេះ ។

លោកងួន រតនៈ បានថ្លែងអំណរគុណ ដល់ក្រុមគ្រូពេទ្យ កងកម្លាំងប្រដាប់អាវុធ និងក្មួយៗជាក្រុមយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញកាតព្វកិច្ចរបស់ខ្លួនជួយដល់សង្គមជាតិ ដើម្បីឱ្យដំណើរការនៃការចាក់វ៉ាក់សាំងទៅមុខដោយរលូន បើទោះបីជាក្មួយៗទាំងអស់មិនមានជំនាញផ្នែកពេទ្យក៏ដោយ តែក៏អាចជួយសម្រាលការងារមួយចំនួនដូចជាការចុះឈ្មោះ ការបញ្ជូលទិន្នន័យ ឬការរៀបចំសណ្ដាប់ធ្នាប់ជាដើម។ 

លោកបានបន្តទៀតថា សម្រាប់ប្រជាពលរដ្ឋដែលមកទទួលការចាក់វ៉ាក់សាំង សូមរក្សារបៀបរៀបរយដោយត្រូវមានការរក្សាគម្លាតស្ដង់ដា តាមការណែនាំរបស់ក្រសួងសុខាភិបាល មិនត្រូវធ្វើការបញ្រ្ចៀតគ្នា បង្កឱ្យមានហានិភ័យនោះទេ ហើយបន្ទាប់ពីទទួលការចាក់វ៉ាក់សាំងគ្រប់ចំនួនដូសរួចហើយ សូមបន្តអនុវត្ត ៣កុំ ៣ការពារឱ្យបានខ្ជាប់ខ្ជួន ដោយមិនត្រូវមានការធ្វេសប្រហែសឡើយ និងបន្តអនុវត្តទៅតាមវិធានការរបស់ក្រសួងសុខាភិបាល បានដាក់ជូនផងដែរ។

លោកអភិបាលខេត្តបាត់ដំបង ក៏បានសំដែងនូវការគោរព ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ  ជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយក រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានខិតខំប្រឹងប្រែងស្វែងរកវ៉ាក់សាំងកូវីដ-១៩  ដើម្បី ប្រជាពលរដ្ឋគ្រប់ៗរូបផងដែរ ៕

ត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img
spot_img