26 C
Phnom Penh
Saturday, July 27, 2024

អភិបាលខេត្តបាត់ដំបង ពិនិត្យមណ្ឌលថ្មីសម្រាប់ធ្វើចត្តាឡីស័ក និងព្យាបាលជំងឺកូវីដ-១៩ នៅតំបន់ព្រំដែន ដើម្បីត្រៀមបន្តបើកសាលារៀនឡើងវិញ

ស្តាប់អត្ថបទជាសំឡេង

បាត់ដំបង៖ អភិបាលខេត្តបាត់ដំបង លោក សុខ លូ បានដឹកនាំក្រុមការងាររដ្ឋបាលខេត្ត និងមន្ត្រីជំនាញតាមមន្ទីរនានាក្នុងខេត្ត ចុះពិនិត្យមណ្ឌលថ្មីសម្រាប់ការធ្វើចត្តាឡីស័ក និងព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតំបន់ជាប់ព្រំដែនកម្ពុជា ថៃ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង មានស្រុកសំពៅលូន ភ្នំព្រឹក និងស្រុកកំរៀង ដើម្បីត្រៀមបន្តការបើកសាលារៀនជូនក្មួយៗសិស្សានុសិស្ស បានចូលរៀនសូត្រឡើងវិញ ។

សម្រាប់មណ្ឌលថ្មី ដែលបាននិងកំពុងធ្វើការរៀបចំនេះមានចំនួន២កន្លែងទី១ គឺមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល មាន១ទីតាំង ស្មើនឹង៦អគារ បានរៀបចំមានរបៀបរៀបរយល្អ និងរួចរាល់ជាស្ថាពរ១០០%ហើយ មានទីតាំងស្ថិតនៅភូមិអូរចំណិត ឃុំសន្ដិភាព ស្រុកសំពៅលូន ដែលមានលទ្ធភាពអាចផ្ទុកបានចំនួន១ ៨៨០គ្រែ ព្រមទាំងមានបំពាក់នូវប្រព័ន្ធកាមេរ៉ាសុវត្ថិវភាពនៅក្នុងបរិវេណមណ្ឌលសម្រាកព្យាបាលជំងឺកូវីដ-១៩នេះ ក្នុងនោះក៏មានរៀបចំទីកន្លែងសម្រាប់លាងសម្អាតដៃ មានបន្ទប់ទឹក បន្ទប់អនាម័យ ទីលានហាត់ប្រាណ និងកន្លែងលេងកីឡាផងដែរ និងទី២ គឺមណ្ឌលចត្តាឡីស័កគីឡូ៩ មាន១ទីតាំងទៀត ស្មើនឹង៦អគារដែរ ដែលអាចផ្ទុកគ្រែបាន១,៨០០គ្រែ មានទីតាំងស្ថិតនៅភូមិអូរល្វា ឃុំជ្រៃសីមា ស្រុកសំពៅលូន ដែលក្រុមការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងក្រុមជាង បាន និងកំពុងធ្វើការរៀបចំបានរួចរាល់ បានប្រមាណ៩០% ហើយ ។

អភិបាលខេត្តបាត់ដំបង លោក សុខ លូ បានណែនាំបន្ថែមដល់ក្រុមការងារថ្នាក់ខេត្ត ស្រុកនិងមន្ទីរជំនាញ ត្រូវចាត់ចែងរៀបចំផ្ទេរនិងដឹកជញ្ជូនអ្នកជំងឺកូវីដ-១៩ ជាជំហានដំបូង ដែលកំពុងសម្រាកព្យាបាលនៅក្នុងមណ្ឌលវិទ្យាល័យព្រះមុនីវង្សក្រុងបាត់ដំបង ឱ្យមកបន្តសម្រាកព្យាបាលក្នុងមណ្ឌលថ្មី ដែលក្រុមការងារបានរៀបចំរួចរាល់ ក្នុងស្រុកសំពៅលូន និងជាជំហានបន្តបន្ទាប់ទៀត ត្រូវផ្ទេរពីមណ្ឌលវិទ្យាល័យសម្តេចឪក្រុងបាត់ដំបង ទៅដាក់នៅមណ្ឌលតាមបណ្តាស្រុកមួយចំនួនទៀតក្នុងខេត្តបាត់ដំបង ហើយក្នុងនោះត្រូវចាត់ចែងរៀបចំកម្លាំងសមត្ថកិច្ចធ្វើការចល័ត ដើម្បីរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនអ្នកជំងឺ និងអ្នកធ្វើចត្តាឡីស័ក ដើម្បីយកសាលាទាំងនោះប្រគល់ជូនមន្ទីរអប់រំយុវជន និងកីឡាខេត្ត ធ្វើការរៀបចំបោស លាងសម្អាត បាញ់ថ្នាំសម្លាប់មេរោគ ក្នុងការត្រៀមបើកសាលាឱ្យសិស្សានុសិស្សបានចូលរៀនសូត្រក្នុងជំហានទី២ តាមការកំណត់របស់ក្រសួងអប់រំយុវជននិងកីឡា ដែលបានប្រកាសឲ្យបើកដំណើរការគ្រឹះស្ថានអប់រំសាធារណៈ និងឯកជនគ្រប់កម្រិតឡើងវិញ ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១តទៅ ក្នុងភូមិសាស្ត្ររាជធានី ខេត្តទាំងអស់របស់ប្រទេសកម្ពុជា ។

លោកបានបញ្ជាក់ទៀតថា អ្វីដែលសំខាន់ជាងនេះទៀតនោះ គឺយើងទាំងអស់គ្នា ត្រូវចេះរៀនរស់នៅជាមួយនឹងជំងឺកូវីដ-១៩ឱ្យបាន ក្នុងបរិបទដែលប្រទេសជាតិកំពុងជួបនឹងវិបត្តិនៃជំងឺសកលមួយនេះ តែទោះជាយ៉ាងណា ក៏យើងទាំងអស់គ្នា មិនត្រូវភ្លេចនូវវិធានការសុវត្ថិភាព ៣កុំ ៣ការពារផងដែរ ទើបយើងឈ្នះជំងឺកូវីដ-១៩ និងរួមគ្នាស្តារសេដ្ឋកិច្ចជាតិយើងឡើងវិញ ៕

អត្ថបទ និងរូបភាពដោយ៖ Puthinews

Join Telegram group: ឯកសារចំណេះដឹងសាធារណៈជន

អានបន្ត

spot_img