26 C
Phnom Penh
Saturday, July 27, 2024

អភិបាលខេត្តបាត់ដំបងអំពាវនាវ!សុំឱ្យមានការប្រុងប្រយ័ត្នចំពោះជំងឺកូវីដ១៩ ពិសេសវីរុសបំប្លែងថ្មី ប្រភេទ Delta ដែលកំពុងចាប់ផ្ដើមរាតត្បាតក្នុងសហគមន៍

ស្តាប់អត្ថបទជាសម្លេង

បាត់ដំបង៖ បើទោះបីជានៅក្នុងខេត្តបាត់ដំបង មិនទាន់មានការផ្ទុះរាលដាលក្នុងសហគមន៍យ៉ាងណាក៏ដោយ ក៏អភិបាលខេត្តបាត់ដំបង លោក ងួន រតនៈ នៅបានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទូទៅសូមឱ្យមានការប្រុងប្រយ័ត្នចំពោះជំងឺកូវីដ១៩ ពិសេសវីរុសកូវីដបំប្លែងថ្មី ប្រភេទDelta ដែលវីរុសមួយនេះកំពុងចាប់ផ្ដើមរាតត្បាតក្នុងសហគមន៍ជាបណ្តើៗហើយ។

ការអំពាវនាវនេះបានធ្វើឡើង ក្នុងពេលដែលលោកអភិបាលខេត្តបាត់ដំបង ចុះជួបជាមួយក្រុមគ្រូពេទ្យ កងកម្លាំងប្រដាប់អាវុធ ជាពិសេសអ្នកជំងឺកូវីដ-១៩ ដែលកំពុងសម្រាកព្យាបាលនៅមណ្ឌលព្យាបាលជំងឺ ក្នុងមណ្ឌលវិទ្យាល័យសម្ដេចឪនិងវិទ្យាល័យព្រះមុនីវង្ស ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

លោក បានបន្តទៀតថាបច្ចុប្បន្នយើងមានការព្រួយបារម្ភសារជាថ្មីទៅលើបញ្ហាវីរុសកូវីដ-១៩បំប្លែងថ្មីប្រភេទ Delta ដែលកំពុងចាប់ផ្ដើមរាតត្បាតក្នុងសហគមន៍ជាបណ្ដើរៗ ហើយ បើទោះបីជាវីរុសប្រភេទនេះមិនទាន់មានការផ្ទុះឆ្លងរាលដាលក្នុងសហគមន៍នៃខេត្តបាត់ដំបងយ៉ាងណាក៏ដោយ តែយើងទាំងអស់គ្នាត្រូវតែមានការប្រុងប្រយ័ត្នជាប់ជានិច្ច និងត្រៀមលក្ខណៈទុកជាមុន ជាពិសេសចំពោះពលករ ដែលទើបមកពីប្រទេសថៃ ដែលភាគច្រើនគឺពួកគាត់មានជំងឺកូវីដ-១៩ ដែលក្រសួងបានចាត់ទុកថា ជាប្រភេទ Delta ។ 

លោក អភិបាលខេត្តបាត់ដំបង បានជំរុញការណែនាំបន្ថែមដល់អ្នកជំងឺកូវីដ-១៩ទាំងអស់ ពេលដែលបានជាសះស្បើយពីជំងឺកូវីដនេះហើយ សូមកុំព្រលែងដៃឱ្យសោះ បើទោះបីធ្លាប់ផ្ទុកវីរុសកូវីដ១៩នេះក៏ដោយ ក៏មិនមែនមានន័យថា មិនអាចឆ្លងទៀតបាននោះដែរ បើមានការធ្វេសប្រហែសតែបន្តិច ពិសេសមិនបានចូលរួមអនុវត្តបន្តវិធានការសុវត្ថិភាព ៣ កុំ៣ការពារទេនោះ នឹងត្រូវឆ្លងជំងឺនេះបន្តទៀត ដូចនេះសូមបន្តការប្រុងប្រយ័ត្នជាប់ជានិច្ច ទាំងអនាម័យខ្លួនប្រាណ ការហូបចុក ក៏ដូចជាការរក្សាគម្លាតសង្គម និងគម្លាតបុគ្គល ហើយត្រូវអនុវត្តទៅតាមវិធានរដ្ឋបាលនានា ដែលបានដាក់ចេញអនុវត្តផងដែរ ។

  ក្នុងឱកាសនោះ លោក ងួន រតនៈ បានថ្លែងអំណរគុណដល់សប្បុរសជននានា ដែលបានចំណាយនូវធនធានផ្ទាល់ខ្លួនបរិច្ចាគជាគ្រឿងឧភោគបរិភោគ ឬសម្ភារៈផ្សេងៗតាមរយៈរដ្ឋបាលខេត្ត និងតាមរយៈការចែកជូនដោយផ្ទាល់ផង ដែលនេះគឺជាសកម្មភាពមួយដ៏ល្អ ក្នុងកិច្ចការសង្គម ដើម្បីរួមចំណែកក្នុងការចែករំលែកការលំបាកជាមួយរាជរដ្ឋភិបាល ក៏ដូចអាជ្ញាធរខេត្តបាត់ដំបង ស្របពេលដែលយើងទាំងអស់គ្នាកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាចសាហាវមួយនេះ ហើយសង្ឃឹមថានឹងមានសប្បុរសជនផ្សេងៗទៀត ចូលរួមសហការបែបនេះបន្តទៀត ៕

ត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img