ស្តាប់អត្ថបទជាសម្លេង
ត្បូងឃ្មុំ៖ ជាថ្មីម្តងទៀតអភិបាលខេត្តត្បូងឃ្មុំ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានអំពាវនាវដល់ប្រជាពលរដ្ឋ ពិសេសមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ ត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ពិសេសវិធានការ ៣កុំ ៣ការពារ ដើម្បីទប់ស្កាត់ការរីករាលដាលកាន់តែខ្លាំងនូវជំងឺកូវីដ-១៩ និងក្នុងសហគមន៍ខេត្តត្បូងឃ្មុំទាំងមូល។ ការអំពាវបែបនេះ បានធ្វើឡើងនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ក្នុងឱកាសជួបសំណេះសំណាលជាមួយមន្រ្តីនគរបាល នៃស្នងការនគរបាលខេត្តត្បូងឃ្មុំ។
លោក ជាម ច័ន្ទសោភ័ណ បានលើកឡើងថា ជំងឺកូវីដ-១៩ កំពុងរីករាលដាលយ៉ាងខ្លាំង ក្នុងនោះខេត្តត្បូងឃ្មុំក៏កំពុងជួបបញ្ហានេះមិនខុសពីបណ្តាខេត្តនានានោះដែរ។ ដូច្នេះត្រូវរួមគ្នាការពារឱ្យបានខ្លាំងថែមទៀត។ ក្រៅពីជំងឺកូវីដ-១៩ ក៏ត្រូវបន្តរឹតបណ្តឹងនូវការអនុវត្តច្បាប់ផ្សេងៗ ដើម្បីធ្វើយ៉ាងណារក្សាឱ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់ល្អជូនប្រជាពលរដ្ឋគ្រប់លំដាប់ថ្នាក់ ។
ទន្ទឹមនឹងការលើកឡើងដូចនេះ លោកក៏បានកោតសរសើរផងដែរ ចំពោះមន្រ្តីនគរបាលគ្រប់លំដាប់ថ្នាក់ក្នុងខេត្តទាំងមូលដែលបានលះបង់គ្រប់បែបយ៉ាង ដើម្បីរក្សាការពារសន្តិសុខជូន ប្រជាពលរដ្ឋ ពិសេសការងារចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ ដែលកំពុងបង្កផលប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។
ជាមួយគ្នានេះដែរ លោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានលើកឡើងថា ក្រៅពីការងារស្នូល កន្លងមកកម្លាំងនគរបាលគ្រប់លំដាប់ថ្នាក់បានចូលរួមយ៉ាងសកម្មក្នុងកិច្ចការងារផ្សេងៗ ពិសេសក្នុងកិច្ចការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ជាមួយរាជរដ្ឋាភិបាល និងរដ្ឋបាលខេត្តត្បូងឃ្មុំ ក្នុងការជួយសម្រួលដល់ប្រជាពលរដ្ឋ និងការងារអនុវត្តវិធានការដាក់បម្រាមគោចរក្នុងការកំណត់វេលាធ្វើចរាចរណ៍នៅទូទាំងខេត្តត្បូងឃ្មុំ។
ក្រៅពីនេះ ការងារទប់ស្កាត់ និងការចុះបំពេញភារកិច្ច បង្ក្រាបបទល្មើសល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទគឺ បន្តធ្វើដូចភ្លៀងរលឹម ដើម្បីរក្សាបាននូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព៕
អត្ថបទ និងរូបភាពដោយ៖ Puthi News