26 C
Phnom Penh
Saturday, July 27, 2024

អភិបាលខេត្តកំពត ប្រាប់មន្ទីរអង្គភាពនីមួយៗ ឱ្យយកចិត្តទុកដាក់ក្នុងការប្រមូលចំណូល ដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងសេដ្ឋកិច្ចខេត្ត

កំពត៖ អភិបាលខេត្តកំពត លោក ជាវ តាយ បានស្នើឱ្យថ្នាក់ដឹកនាំ មន្ទីរ អង្គភាពនីមួយៗ ដែលពាក់ព័ន្ធមានប្រភពចំណូល ត្រូវបង្កើនស្មារតីយកចិត្តទុកដាក់ក្នុងការប្រមូលឱ្យប្រសិទ្ធភាព គ្រប់ប្រភពចំណូលចូលជាថវិកាខេត្ត សម្រាប់បន្តការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងសេដ្ឋកិច្ចសង្គមនៅក្នុងខេត្ត សំដៅបម្រើប្រយោជសាធារណៈក៏ដូចជាប្រជាពលរដ្ឋ បានកាន់តែប្រសើរឡើងថែមទៀត។

ការជំរុញដោយ លោក ជាវ តាយ ដូចនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំពិនិត្យពិភាក្សា ស្ដីពីការរៀបគម្រោងចំណូលរបស់រដ្ឋបាលខេត្ត សម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ ដោយមានការចូលរួមពី មន្ទីរ អង្គភាពពាក់ព័ន្ធ ដែលមានលទ្ធភាពអាចប្រមូលប្រភពចំណូលចូលថវិការដ្ឋ នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១។

លោក ជាវ តាយ បានបញ្ជាក់ថា ការអភិវឌ្ឍ ក៏ដូចជាការលើកកម្ពស់សេដ្ឋកិច្ចសង្គមជាតិកម្ពុជា ពិសេសការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរដ្ឋបាលនៅថ្នាក់ក្រោមជាតិ រីកចម្រើនទៅបានពឹងផ្អែកលើប្រភពចំណូលចូលថវិការដ្ឋ។ ជាក់ស្ដែង ការអភិវឌ្ឍប្រទេស និងការជំរុញល្បឿនសេដ្ឋកិច្ចសង្គមកម្ពុជា ដែលមានការរីកចម្រើនមកដល់ពេលនេះ គឺរាជរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយ និងការអនុវត្តច្បាប់ស្ដីពី ការគ្រប់គ្រងថវិកាជាតិបានយ៉ាងមានប្រសិទ្ធភាពល្អប្រសើរ។

ដូច្នេះកិច្ចប្រជុំពេលនេះ គឺជាការងារសំខាន់មួយ ដើម្បីលើកកម្ពស់ប្រសិទ្ធភាព នៃការគ្រប់គ្រងចំណូលចូលថវិកាសម្រាប់ខេត្ត ដែលក្នុងនោះមានកំណត់គោលដៅអំពីការគ្រោង ការប្រមូល ការបែងចែក ការបង់ និងការប្រើប្រាស់ចំណូលដែលបានពីកម្រៃនៃការផ្តល់សេវារដ្ឋបាល និងសេវាសាធារណៈផ្សេងៗទៀតតាមរយៈការប្រគល់ ឬការធ្វើប្រតិភូកម្មមុខងារពីក្រសួងស្ថាប័ននានា រដ្ឋបាលក្រុង ស្រុក និងអង្គភាពច្រកចេញចូលតែមួយរបស់ខេត្ត៕

អត្ថបទ និងរូបភាព Puthi News

អានបន្ត

spot_img