
កំពត៖ អភិបាលខេត្តកំពត លោក ម៉ៅ ធនិន បានបើកវេទិកាសាធារណៈមួយ នៅព្រឹកថ្ងៃ២៤ ខែតុលា ឆ្នាំ២០២១ ដើម្បីសម្របសម្រួល ដោះស្រាយរវាងភាគីម្ចាស់គម្រោងបុរីដងទង់ ខេត្តកំពត និងប្រជាពលរដ្ឋចំនួន ៤គ្រួសារ ដែលបានអះអាងថា ជាម្ចាស់ដីក្នុងគម្រោង ស្ថិតនៅភូមិសុភី ឃុំស្រែជាខាងជើង ស្រុកដងទង់ បន្ទាប់ពីទំនាស់នេះ បានអូសបន្លាយជាយូមកហើយ និងបានដោះស្រាយជាច្រើនសារតែមិនមានលទ្ធផល។

ក្នុងវេទិកានោះ លោក ម៉ៅ ធនិន បន្ទាប់ពីជជីកសួរ និងបានស្តាប់ភាគីជម្លោះទាំងសងខាងលើកឡើងរួចមក លោកបានព្រមទទួលស្គាល់ថា ខាងភាគីគម្រោងបុរីថា បានទិញសិទ្ធិអាស្រ័យផលបន្តពីប្រជាពលរដ្ឋ ១៩គ្រួសារ តែគម្រោងសាងសង់បុរីនោះ មិនទាន់សម្រេចឱ្យទេ រង់ចាំសិក្សាផ្លូវច្បាប់ និងការធ្វើវេទិការពិគ្រោះយោបល់ជាមួយពលរដ្ឋសិន ព្រោះការអភិវឌ្ឍដើម្បីប្រជាពលរដ្ឋ មិនមែនដើម្បីបុគ្គលម្នាក់ពីរនាក់នោះទេ។ ដោយឡែកចំពោះប្រជាពលរដ្ឋ៤គ្រួសារដែលអះអាងថា ជាម្ចាស់ដីស្ថិតនៅក្នុងគម្រោងបុរី នឹងទទួលបានដីវិញ ប្រសិនបើពួកគាត់មានដីពិតប្រាកដមែន។

ទន្ទឹមនឹងនេះ លោក ម៉ៅ ធនិន បានស្នើដល់ប្រជាពលរដ្ឋ ត្រូវចេះស្រឡាញ់ រាប់រក អធ្យាស្រ័យគ្នាទៅវិញទៅមក ក្នុងនាមជាក្រុមគ្រួសារតែមួយ កុំឈ្លោះទាស់ទែងគ្នា កុហកបោកបញ្ឆោតគ្នាព្រោះតែលុយ។ បច្ចុប្បន្នអាហារបីពេលប្រជាពលរដ្ឋមានរួចហើយ បើប្រជាពលរដ្ឋណាមានខ្លាំង ត្រូវមកជួយអ្នកមិនសូវមាន កុំបំភ្លឺស ឬបំពាបំពានគ្នា។ រីឯការអាក់អន់ចិត្តចំពោះបុគ្គលមានតួនាទីណាម្នាក់ ត្រូវពលរដ្ឋអធ្យាស្រ័យ និងឈប់ខឹងគ្នាពីថ្ងៃនេះតទៅ ហើយលោកនឹងស្វែងរកភាពយុត្តិធម៌ត្រឹមត្រូវ តាមលក្ខខ័ណ្ឌទាំងពីរជូនដល់ប្រជាពលរដ្ឋគ្រប់រូប៕




អត្ថបទនឹងរូបភាពដោយ Puthinews
Join Telegram group: ឯកសារចំណេះដឹងសាធារណៈជន