ស្តាប់អត្ថបទជាសម្លេង
កំពង់ស្ពឺ៖ អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានអះអាងថា សាលារៀនទាំងអស់នៅខេត្តកំពង់ស្ពឺ លែងជាកន្លែងមណ្ឌលចត្តាឡីស័ក ឬកន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩ដូចមុនទៀតហើយ។ ដូចនេះ សិស្សានុសិស្សអាចចូលរៀនវិញបានធម្មតាទៅតាមការគ្រោងទុករបស់ក្រសួងអប់រំ យុវជន និងកីឡា។ ការអះអាងដូចនេះ ធ្វើឡើងក្នុងកិច្ចប្រជុំតាមវីដេអូហ្សូម(Zoom)នៅពីថ្ងៃទី0១ ខែកញ្ញា ឆ្នាំ២០២១។
លោក វ៉ី សំណាង បានឱ្យដឹងថា ខេត្តកំពង់ស្ពឺមានសាលារៀនសរុបចំនួន៤១៣កន្លែង ក្នុងនោះសាលាវិទ្យាល័យមានចំនួន២៥កន្លែង សាលាអនុវិទ្យាល័យចំនួន៧១កន្លែង និងសាលាបឋមសិក្សាមានចំនួន៣១៧កន្លែង។ ក្នុងចំណោមសាលាទាំងនេះ ត្រូវបានរដ្ឋបាលខេត្តយកធ្វើជាមណ្ឌលថែទាំព្យាបាលអ្នកជំងឺកូវីដ-១៩ និងជាមណ្ឌលសម្រាប់ធ្វើចត្តាឡីស័កសម្រាប់អ្នកពាក់ព័ន្ធពេលដែលស្ថានភាពជំងឺរីករាលដាលខ្លាំង។ បច្ចុប្បន្ន ដោយសារស្ថានភាពនៃការរីករាលដាលត្រូវបានថយចុះស្ទើរអស់ទៅហើយក្នុងខេត្តមួយនេះ ក្រោយពីរាជរដ្ឋាភិបាលបានផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចាក់ជូនដល់ប្រជាពលរដ្ឋក្នុងខេត្តនេះបានគ្រប់គ្នា។ មួយវិញទៀត ចំពោះកុមារ និងយុវវ័យមានអាយុចាប់ពី១២ឆ្នាំរហូតដល់១៧ឆ្នាំដែលជាវ័យសិក្សារៀនសូត្រ ក៏បានទទួលវ៉ាក់សាំងបង្ការបានគ្រប់គ្នាផងដែរ។
ទន្ទឹមនឹងនេះអ្នកជំងឺត្រូវបានព្យាបាលជាសះស្បើយជារៀងរាល់ថ្ងៃ ហើយអត្រាឆ្លងកាន់តែទាបជាងមុន។ ដូច្នេះហើយទើបធ្វើឱ្យរដ្ឋបាលខេត្តលែងត្រូវការទីតាំងសាលាយកធ្វើជាកន្លែងព្យាបាល ឬធ្វើចត្តាឡីស័កទៀតហើយ និងក៏ស្របពេលដែលរាជរដ្ឋាភិបាលសម្រេចបើកឱ្យចូលរៀនវិញដែរខណៈសាលាបានត្រៀមរួចជាស្រេច។
លោក វ៉ី សំណាង ក៏បានបញ្ជាក់ផងដែរថា ស្របពេលដែលបើកសាលារៀនទាំងអស់ឡើងវិញនេះ មានសាលារៀនចំនួន០៩កន្លែង មិនត្រូវបានអនុញ្ញាតឱ្យបើកដំណើរការជាមួយគ្នានោះទេ ព្រោះសាលាស្ថិតក្នុងទីប្រជុំជនដែលកំពុងមានការប្រឈមខ្លាំងនៅឡើយ។
ជុំវិញការបើកសាលាឱ្យសិស្សានុសិស្សបានចូលរៀនវិញនេះ អ្នកស្រី អ៊ិន ណា រស់នៅក្នុងភូមិរការធំ សង្កាត់រការធំ ក្រុងច្បារមន បានសម្តែងការរីករាយនៅពេលដែលដឹងថា កូនជិតបានចូលរៀនវិញ។ កូនបានចូលសាលារៀនគឺជារឿងល្អបំផុតព្រោះគាត់មិនចង់ឱ្យកូនល្ងង់ដូចគាត់ទេ។ មួយវិញទៀតរឿងជំងឺកូវីដ-១៩ គាត់ហាក់មិនមានការភ័យខ្លាចប៉ុន្មានទេ ព្រោះកូនរបស់គាត់បានចាក់វ៉ាក់សាំងបង្ការរួចហើយដែរ។
ស្រដៀងគ្នានេះដែរ អ្នកស្រី ហេង ថារី រស់នៅក្នុងភូមិសំណង់ សង្កាត់រការធំ ក្រុងច្បារមន ក៏បានសម្តែងការត្រេកអរផងដែរនៅពេលកូនបានចូលរៀនវិញ ព្រោះការដែលបានរៀនសូត្រ ធ្វើឱ្យកូនគាត់មានអនាគតល្អ។ គាត់មិនសូវបារម្ភទេចំពោះជំងឺកូវីដ ព្រោះមានវ៉ាក់សាំងការពារកូនគាត់ហើយ និងបានអរគុណដល់រាជរដ្ឋាភិបាលដែលបានខ្នះខ្នែងរកវ៉ាក់សាំងចាក់ជូនពលរដ្ឋ និងកូនគាត់ព្រមទាំងបើកសាលាឱ្យកូនគាត់បានចូលសាលាវិញ។
អត្ថបទ និងរូបភាពដោយ៖ Puthi News