30 C
Phnom Penh
Saturday, July 27, 2024

អភិបាលខេត្តកំពង់ស្ពឺ ជំរុញឱ្យមន្ទីរពាក់ព័ន្ធបន្ថែមប្រឡាយមេទៅតាមស្រុក-ក្រុង ខណៈស្រូវពលរដ្ឋជាង៤៦០ហិកតា កំពុងរងគ្រោះដោយកូនរដូវប្រាំង

កំពង់ស្ពឺ៖ ទឹកមានសារៈសំខាន់សម្រាប់ស្រោចស្រពដំណាំកសិកម្ម ពិសេសដំណាំស្រូវ។ ដូច្នេះប្រជាកសិករគប្បីថែរក្សាទឹកទុកនៅតាមបឹងបួរ ឬប្រឡាយ ឱ្យបានល្អ កុំបូមបាចបង្ហូរចោល។ នេះជាការលើកឡើងរបស់ អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង នៅពេលដឹកនាំក្រុមការងារមន្ទីរជំនាញ ចុះពិនិត្យស្ថានភាពស្រែស្រូវប្រជាកសិកររងផលប៉ះពាល់ដោយឥទ្ធិពលកូនរដូវប្រាំង និងបើកមុខទឹកដើម្បីបូមជួយសង្គ្រោះ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១។

ដោយមើលឃើញពីស្ថានភាពប្រឈមនេះ លោក វ៉ី សំណាង បានជំរុញឱ្យមន្ទីរជំនាញពាក់ព័ន្ធទាំងអស់ប្រញ៉ាប់ចុះទៅជួយជាបន្ទាន់ តាមលទ្ធភាពដែលអាចធ្វើទៅបាន ដើម្បីសង្គ្រោះផលដំណាំរបស់អ្នកដែលកំពុងរងផលប៉ះពាល់ដោយកូនរដូវប្រាំងនេះ។ មួយវិញទៀតមន្ទីរធនធានទឹក ត្រូវបន្តស្តារប្រឡាយមេ និងបឹងតូចធំនៅទូទាំងស្រុក-ក្រុង ដើម្បីអាចស្តុកទឹកខែវស្សាបានច្រើនសម្រាប់ជួយសង្គ្រោះ ឬប្រើប្រាស់លើការដាំដុះផ្សេងៗ។ មិនតែប៉ុណ្ណោះត្រូវពង្រីកប្រព័ន្ធប្រឡាយបន្ថែមទៅតាមឃុំ-ស្រុក ដែលមិនទាន់មាន ដើម្បីឱ្យប្រជាកសិករអាចពង្រីកបន្ថែមនូវការបង្កបង្កើនផលរបស់ពួកគាត់ ដោយមិនចាំបាច់រពឹងទឹកភ្លៀងទៀត។

ដើម្បីឆ្លើយតបនឹងបញ្ហានេះ លោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ បានលើកឡើងថា ជារៀងរាល់ឆ្នាំកូនរដូវប្រាំងតែងតែកើតមានចាប់ពីពាក់កណ្តាលខែកក្កដា រហូតដល់ដើមខែកញ្ញា ហើយផលដំណាំរបស់ប្រជាកសិករតែងតែទទួលរងគ្រោះ ព្រោះតែគ្មានភ្លៀងស្រោចស្រព។ បញ្ហានេះមន្ទីរធនធានទឹកតែងទម្លាក់ម៉ាស៊ីនដើម្បីជួយបូមទឹកទម្លាក់ទៅតាមប្រឡាយនានាសម្រាប់ឱ្យប្រជាកសិករមានលទ្ធភាព និងបង្កភាពងាយស្រួលក្នុងការបូមទឹកបញ្ចូលក្នុងស្រែរបស់ខ្លួន។ ស្របពេលនេះដែរ សម្រាប់អ្នកដែលខ្វះលទ្ធភាព មន្ទីរក៏បានផ្តល់ជាប្រេងទៅដល់ពួកគាត់ ដើម្បីចាក់ម៉ាស៊ីនបូមខ្លួនឯងផងដែរ។

លោក ញ៉ាញ់ ជាបហ៊ង ក៏បានបញ្ជាក់បន្ថែមផងដែរ នៅចំពោះមុខ មន្ទីរបានទម្លាក់ម៉ាស៊ីនទៅចំនួន ៨គោលដៅ លើស្រុកចំនួន ៤ ដែលកំពុងប្រឈម ដើម្បីបើកប្រតិបត្តិការជួយបូមសង្គ្រោះស្រូវរងផលប៉ះពាល់ទាំងនោះ។ បច្ចុប្បន្នស្រូវដែលកំពុងតែត្រូវការជួយសង្គ្រោះបន្ទាន់មានចំនួន ៤៦២ហិកតា លើស្រុកចំនួន៤មានស្រុក សំរោងទង ស្រុកឧដុង្គ ស្រុកបសេដ្ឋ និងស្រុកគងពិសី។ ដោយឡែកចំពោះស្រុកឧដុង្គ មន្ទីរមិនមានលទ្ធភាពជួយទាន់ពេលវេលានោះទេ ព្រោះតែស្រុកនេះនៅមិនទាន់មានប្រភពទឹកចូលទៅដល់៕

អត្ថបទ និងរូបភាព Puthi News

អានបន្ត

spot_img