ខេត្តកំពង់ឆ្នាំង៖ ក្រោយពីទទួលសំណូមពររបស់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារតែក្រុមហ៊ុនមួយបានចាក់ដី លុបប្រឡាយចាស់ធ្វើឲ្យជំនន់ទឹកភ្លៀងបានលិចលើដំណាំ ពួកគាត់ប្រមាណ ២០ គ្រួសារនៅភូមិកោះក្របី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។ នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានដឹកនាំក្រុមការងារចុះទៅពិនិត្យមើល ដល់ទីតាំងកើតហេតុ។


ឯកឧត្តម ស៊ុន សុវណ្ណរិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ក្រោយពេលចុះទៅពិនិត្យមើល បានឃើញថា៖ ដោយសារស្ថានភាពមុខប្រឡាយតូចពេក ទើបទឹកភ្លៀងដែលធ្លាក់មកម្សិលមិញ ពេញមួយថ្ងៃនោះហូរចេញមិនទាន់ បណ្ដាលឱ្យលិចបន្លែក្នុងចំការពួកគាត់។ ដូច្នេះចំពោះវិធានការ ឯកឧត្តមនិងឲ្យមន្ទីរធនធានទឹកខេត្ត យកគ្រឿង ចក្រមកកាយមុខប្រឡាយឲ្យធំដើម្បីរំដោះទឹក ចេញពីចំការបន្លែប្រជាពលរដ្ឋ។ ចំពោះផែនការខាងមុខនេះ ឯកឧត្តម និងលើកគម្រោងស្ដារប្រឡាយប្រវែងជាង៤ គីឡូម៉ែត្រ មានមុខទឹកធំ ចេញពីស្ពានខ្សាម តាមប្រឡាយចាស់មានស្រាប់ (តូចរាក់) ធ្លាក់មកស្របតាមចំការបន្លែពលរដ្ឋក្នុងភូមិកោះក្របីនេះ ដើម្បីឱ្យទឹកជំនន់ហូរបានលឿនធ្លាក់ចូលទន្លេ។


លោក ហួន វ៉ន ចៅសង្កាត់ផ្សារឆ្នាំងរង ក៏បានឲ្យដឹងផងដែរថា ប្រជាពលរដ្ឋនៅភូមិកោះក្របីនេះ រងផលប៉ះពាល់មានប្រមាណ២០គ្រួសារ ដែលជាអ្នកដាំបន្លែ ក្រោយភូមិជារៀងរាល់ឆ្នាំ បានជួបផលប៉ះពាល់ដោយសារតែក្រុមហ៊ុនដីឡូត៍ចាក់លុបប្រឡាយចាស់ទុកមុខទឹកតែ៨តឹកតូចពេក។ ហើយម្សិលមិញនេះពលរដ្ឋបានខូចខាតបន្លែប្រមាណ៣០% ដោយសារតែជំនន់ទឹកភ្លៀង ធ្លាក់មកពេញមួយថ្ងៃទឹកហូរចេញបន្ទាន់។ ហេតុនេះហើយទើបអាជ្ញាធរសង្កាត់ និងប្រជាពលរដ្ឋសំណូមពរដល់ ឯកឧត្តមអភិបាលខេត្តឱ្យជួយចុះមកពិនិត្យ និងជួយដោះស្រាយ។


ស្ត្រីជាអ្នកដាំបន្លែម្នាក់ បាននិយាយឲ្យដឹងថាពួកគាត់បានរងផលប៉ះពាល់ដូចខាងលើនេះ២ឆ្នាំហើយ ដែលពីមុនមកមុខទឹកដែលហូរចុះទៅទន្លេមានមុខ ៣ទៅ ៤ម៉ែត្រ។ តែ២ ឆ្នាំចុងក្រោយនេះមានក្រុមហ៊ុនមួយ បានចាក់ដីឡូត៍លុបប្រឡាយចាស់អស់ទុកមុខទឹកតូចពេក ទើបមានជំនន់ទឹកភ្លៀង នៅពេលមានភ្លៀងធ្លាក់ម្តងៗ។














ដោយ៖ Puthinews
Telegram Channel: Puthi News
Puthinews Android app: Puthi News
Youtube Channel: Puthi News