30 C
Phnom Penh
Saturday, July 27, 2024

អភិបាលខេត្តកែប អំពាវនាវឱ្យប្រជាពលរដ្ឋគ្រប់អាយុ ទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់គ្នា

ស្តាប់អត្ថបទជាសម្លេង

កែប៖ ដើម្បីធានាឱ្យបញ្ជីឈ្មោះបោះឆ្នោត មានភាពពេញលេញ ត្រឹមត្រូវ និងមានបច្ចុប្បន្នភាព ប្រកបដោយសុវត្ថិភាព លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកែប នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ ២០២១នេះ បានរៀបចំពិធីបើកវគ្គបណ្តុះបណ្តាល រយៈពេល០២ថ្ងៃ គឺថ្ងៃទី១០ និងទី១១ ខែកញ្ញា ឆ្នាំ២០២១ លើការងារពិនិត្យបញ្ជីឈ្នោះ និងចុះឈ្មោះបោះឆ្នោត សម្រាប់ឆ្នាំ២០២១ ជូនដល់មន្ត្រីលេខាធិការដ្ឋាន រៀបចំការបោះឆ្នោតខេត្ត តំណាងគណបក្សនយោបាយ អាជ្ញាធរក្រុងស្រុក និងអង្គភាពពាក់ព័ន្ធ។ អភិបាលខេត្តកែប លោក សោម  ពិសិដ្ឋ បានអំពាវនាវឱ្យប្រជាពលរដ្ឋដែលគ្រប់អាយុ ទៅពិនិត្យបញ្ជីឈ្មោះ  និងចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា។

លោកបានមានប្រសាសន៍ថា ខេត្តកែប តែងតែរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ បានល្អប្រសើរជូនឥស្សរជន ថ្នាក់ដឹកនាំក៏ដូចជាជូនភ្ញៀវទេសចរ ជាតិ និងអន្តរជាតិ ពិសេសលើដំណើរការបោះឆ្នោតនានាកន្លងទៅ ទាំងបោះឆ្នោតសាកល និងអសាកល ជារៀងរាល់អាណត្តិ ហើយមានលក្ខណ:ប្រជាធិបតេយ្យត្រឹមត្រូវ និងយុត្តិធម៌អាចទទួលយកបាន។ 

ជាមួយគ្នានេះ លោកអភិបាលខេត្ត ក៏បានថ្លែងអំណរគុណ និងស្វាគមន៍ចំពោះលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្ត ដែលបានសម្របសម្រួលអោយមានវគ្គបណ្តុះបណ្តាលដ៏មានអត្ថប្រយោជន៍នេះ។ 

លោកក៏បានសំណូមពរ ដល់សិក្ខាកាមទាំងអស់នៃវគ្គបណ្តុះបណ្តាល សូមខិតខំត្រង់ត្រាប់ ក្រេបជញ្ជក់ចំណេះដឹងពីគ្រូបង្គោល ដើម្បីយកមកអនុវត្តការងារប្រកបដោយប្រសិទ្ធភាព 

ក្រៅពីនេះសូមឱ្យភាគីពាក់ព័ន្ធទាំងអស់ រួមសហការគ្នាជាមួយលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្ត ដើម្បីជំរុញដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១ ទទួលបានជោគជ័យ ពិសេសត្រូវយកចិត្តទុកដាក់ឱ្យបានខ្លាំង លើការអនុវត្តវិធានការសុខាភិបាល ក្នុងដំណើការនេះដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព ទប់ស្កាត់បាន នូវការឆ្លងរាលដាលជំងឺកូវីដ-១៩។ 

លោក ជា សំបូរ ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកែប បានធ្វើរបាយការណ៍ឱ្យដឹងថា វគ្គបណ្តុះបណ្តាលនេះផ្តោតសំខាន់ទៅលើ ការស្រង់ឈ្មោះអ្នកបោះឆ្នោតដែលទទួលមរណភាព អ្នកផ្លាស់ប្តូរលំនៅឋាន ឬទីសំណាក់ទៅឃុំ សង្កាត់ដ៏ទៃ ការកែតម្រូវឈ្មោះ ឬទិន្នន័យ អ្នកបោះឆ្នោតតាមការស្នើសុំ និងការចុះឈ្មោះថ្មីសម្រាប់ប្រជាពលរដ្ឋ ដែលមិនទាន់បានចុះឈ្មោះ ឬផ្លាស់ទីលំនៅ។ 

លោកប្រធានបញ្ជាក់ថា ទូទាំងខេត្តកែប មានប្រជាពលរដ្ឋសរុប៤២ ១៦១នាក់ ក្នុងនោះអាយុ១៨ឆ្នាំឡើង មានចំនួន២៨ ២២៩នាក់ ស្រី១៤ ១១៦នាក់, ប្រជាពលរដ្ឋទើបគ្រប់អាយុ ៣១៧នាក់ និងអ្នកមិនទាន់បានចុះឈ្មោះសរុប ២ ៥០៦នាក់។ ឈ្មោះក្នុងបញ្ជីគ.ជ.ប សរុបក្នុងខេត្ត ចំនួន២៥ ៣៣៣នាក់ និងមានការិយាល័យបោះឆ្នោត ឆ្នាំ២០២១ ចំនួន៦៩ការិយាល័យ ។ 

សូមបញ្ជាក់ថា ដំណើការនៃការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតសម្រាប់ឆ្នាំ២០២១ នេះមានរយៈពេល៥០ថ្ងៃ ដោយគិតចាប់ពី ថ្ងៃទី១២ ខែតុលា ដល់ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២១៕

អត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img