ភ្នំពេញ៖ អភិបាលខណ្ឌសែនសុខ លោក ម៉ូវ ម៉ានិត បានដឹកនាំមន្ត្រីខណ្ឌ សង្កាត់ ភូមិ កងកម្លាំងចម្រុះ លោកគ្រូ អ្នកគ្រូ ចុះយុទ្ធនាការបោសលាងសម្អាត និងបាញ់ថ្មាំសម្លាប់មេរោគនៅទីតាំងសាលារៀន ដែលមានក្នុងសង្កាត់ទាំង៦ក្នុងខណ្ឌ នៅព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីត្រៀមបើកដំណើរការចូលរៀនឡើងវិញនៅពេលឆាប់ៗខាងមុន។
ទន្ទឹមនឹងនោះ ក៏បានធ្វើការណែនាំដល់គណៈគ្រប់គ្រងសាលាទាំងអស់ក្នុងមូលដ្ឋានខណ្ឌសែនសុខ ឱ្យធ្វើការណែនាំដល់សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ ត្រូវរក្សាការពារ ថែរក្សាអនាម័យឱ្យបានល្អ ដោយត្រូវមានអាល់កុល ជែល ឬសាប៊ូលាងដៃ និងពាក់ម៉ាស់ឱ្យបានគ្រប់គ្នា ជាពិសេសត្រូវបន្តអនុវត្តវិធានការ ៣កុំ និង៣ការពារ ឱ្យបានត្រឹមត្រូវ និងទទួលបានប្រសិទ្ធភាពខ្ពស់។
សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានណែនាំដល់សាលានៅតំបន់ដែលមានហានិភ័យទាបនៃការឆ្លងកូវីដ-១៩ទាំងអស់ ឱ្យត្រៀមបើកដំណើការបង្រៀនសិស្សឡើងវិញ បន្ទាប់ពីពិនិត្យឃើញស្ថានភាពឆ្លងរាលជំងឺកូវីដ-១៩ បានធូរស្រាល បូកបន្ថែមការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋទាំងក្មេង ទាំងចាស់បានគ្រប់ៗគ្នា៕
អត្ថបទ និងរូបភាពដោយ៖ Puthi News