32 C
Phnom Penh
Saturday, March 2, 2024

អបអរសាទរខួប១ឆ្នាំនៃការបើកដំណើរការជាផ្លូវការរោងចក្រដំឡើងរថយន្ត Ford និងពិធីប្រគល់-ទទួលអំណោយរថយន្តគិលានសង្គ្រោះ Ambulance ជូនដល់កាកបាទក្រហមកម្ពុជាសាខាខេត្តពោធិ៍សាត់

[ភ្នំពេញថ្ងៃទី១៣ខែកក្កដាឆ្នាំ២០២៣] ក្រុមហ៊ុន RMA (Cambodia)​ PLC ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខរថយន្ត Ford ក្នុងទីផ្សារប្រទេសកម្ពុជាបានប្រារព្ធពិធីប្រគល់-ទទួលអំណោយរថយន្តគិលានសង្គ្រោះចំនួន ២ គ្រឿង ជូនទៅដល់កាកបាទក្រហមកម្ពុជា សាខាខេត្តពោធិ៍សាត់ ដែលកម្មវិធីនេះត្រូវបានប្រារព្ធឡើង ក្រោមអធិបតីភាពរបស់ ឯកឧត្តមកែវរតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងអគ្គនាយកអគ្គីសនីកម្ពុជា និងលោកអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ព្រមទាំងថ្នាក់ដឹកនាំក្រុមហ៊ុន Ford Motor Company ថ្នាក់ដឹកនាំក្រុមហ៊ុន RMA Group និងក្រុមហ៊ុន RMA (Cambodia) PLC រួមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិប្រមាណជាង ២០០ នាក់។​ កម្មវិធីនេះបានប្រារព្ធឡើងនៅក្នុងបរិវេនរោងចក្រដំឡើងរថយន្ត Ford ក្នុងភូមិសារវ័ន ឃុំស្នាអន្សារ ស្រុកក្រគរ​ ខេត្តពោធិ៍សាត់ នៅថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២៣ ។

ក្នុងឱកាសនៃពីធីអបអរសាទរខួប១ឆ្នាំ នៃការបើកដំណើរការជាផ្លូវការរោងចក្រដំឡើងរថយន្ត Ford និងពិធីប្រគល់-ទទួលអំណោយរថយន្តគិលានសង្គ្រោះ Ambulance ចំនួន ២​ គ្រឿង ជូនដល់កាកបាទក្រហមកម្ពុជា សាខាខេត្តពោធិ៍សាត់ លោកងនសាំង អគ្គនាយកក្រុមហ៊ុន RMA (Cambodia)​ PLC បានមានប្រសាសន៍ថា៖​ “ យើងខ្ញុំមានមោទភាពជាពន់ពេកដែលទទួលបានសេចក្ដីទុកចិត្តពីក្រុមហ៊ុន FORD MOTOR COMPANY ក្នុងការដំឡើងរថយន្ត FORD RANGER និង FORD EVEREST ជំនាន់ថ្មីនៅ លើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ស្របតាមស្តង់ដាររបស់ក្រុមហ៊ុន FORD ។ យើងខ្ញុំជឿជាក់ថា ការបោះជំហានវិនិយោគក្នុងវិស័យយានយន្តរបស់ក្រុមហ៊ុនយើងខ្ញុំ ចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍវិស័យឧសហ្សាកម្មយានយន្តនៅកម្ពុជា និងជាសក្ខីភាពនៃទំនុកចិត្តលើកិច្ចខិតខំប្រឹង ប្រែងរបស់រដ្ឋាភិបាលក្នុងការធ្វើឱ្យប្រសើរឡើង នូវបរិយាកាសធុរកិច្ច និងវិនិយោគ។ វត្តមានរបស់ រោងចក្រយើងខ្ញុំក៏បានចូលរួមចំណែកការកាត់បន្ថយការធ្វើចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេស របស់ប្រជាពលរដ្ឋ និងលើកកម្ពស់សេដ្ឋកិច្ចក្នុងតំបន់តាមរយៈការជំរុញសន្ទុះអាជីវកម្មសហគ្រាស ធុនតូច និងមធ្យម ការបង្កើតឱកាសការងារដោយផ្ទាល់និងដោយប្រយោល ក៏ដូចជាការអភិវឌ្ឍន៍ ធនធានមនុស្សនៅក្នុងទឹកដី ខេត្តពោធិ៍សាត់នេះផ្ទាល់ផងដែរ។ ” 

មិនតែប៉ុណ្ណោះ លោកក៏បានបន្ថែមទៀតថា៖ “ ក្រុមហ៊ុនយើងខ្ញុំនឹងបន្តប្តេជ្ញាគាំទ្រ និង ជំរុញវិស័យឧស្សាហកម្មយានយន្តនៅកម្ពុជា ដើម្បីឱ្យកម្ពុជា ផ្លាស់ប្ដូរមុខមាត់ថ្មី ពីប្រទេសដែលដំឡើងរថយន្ត ទៅជាប្រទេសដែលផលិតរថយន្ត ក្នុងពេលអនាគត។ ក្រុមហ៊ុននឹងពង្រីកការវិនិយោគគម្រោងដំឡើងរថយន្ត Ford ដោយបង្កើនការនាំចូលនៃចំនួន គ្រឿងបង្គុំច្រើនជាងមុន បង្កើនចំនួនការងារក្នុងស្រុក ជំរុញការប្រើប្រាស់ធាតុផ្សំក្នុងស្រុក និងបង្កើន ដើមទុនវិនិយោគបន្ថែមទៀត។ យើងខ្ញុំជឿជាក់ថា ការវិនិយោគនេះនឹងបន្តផ្តល់អត្ថប្រយោជន៍ជាច្រើនបន្ថែមទៀតជូនប្រទេសកម្ពុជា ជាពិសេសការអភិវឌ្ឍន៍ខ្សែសង្វាក់ផ្គត់ផ្គង់ និងធ្វើឱ្យប្រសើរ ឡើងនូវខ្សែចង្វាក់ដែលគាំទ្រគោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា។ ការវិនិយោគនេះ នឹងនាំមកនូវផលិតផលថ្មី បច្ចេកវិទ្យាថ្មី ដើម្បីផ្គត់ ផ្គង់តម្រូវការប្រើប្រាស់រថយន្តថ្មីក្នុងស្រុក ជាមួយនឹងមោទភាពផលិតកម្មក្នុងស្រុក រោងចក្រ ដំឡើងរថយន្ត Ford នឹងបន្តទាក់ទាញវិនិយោគិនផ្សេងៗជាច្រើនទៀតមកវិនិយោគនៅកម្ពុជា ជា ពិសេស អ្នកវិនិយោគដែល ពាក់ព័ន្ធនឹងការផលិត និងដំឡើងរថយន្ត ដូចជា៖ សំបកកង់ កង់ឡាន ខ្សែភ្លើងឡាន អាគុយឡាន និងអាជីវកម្មផ្សេងៗទៀត។” 

ឆ្លៀតក្នុងឱកាសនេះដែរ លោកស្រី Kay Hart​ ប្រធានគ្រប់គ្រងទីផ្សារអន្តរជាតិនៃក្រុមហ៊ុន Ford Motor Company បានមានប្រសាសន៍ថា៖ “ រថយន្តគិលានសង្គ្រោះ (The Next-Generation Ford Ranger-Converted Ambulances) នេះ បានបំពាក់មកជាមួយនូវបច្ចេកវិទ្យា និងប្រព័ន្ធសុវត្ថិភាពទំនើបជំនាន់ចុងក្រោយដែលធ្វើឱ្យរថយន្តនេះក្លាយជារថយន្តមួយដែលមានលក្ខណៈ ធន់ រឹងមាំ និងមានសមត្ថភាពក្នុងការចល័ត និងដឹកជញ្ជូនអ្នកជំងឺដោយសុវត្ថិភាព។ ”

លោកស្រីក៏បានបន្តទៀតថា៖ “ រថយន្តគិលានសង្គ្រោះ (The Next-Generation Ford Ranger-Converted Ambulances) នឹងចូលរួមចំណែកយ៉ាងសំខាន់សម្រាប់កាកបាទក្រហមកម្ពុជាក្នុងខេត្តពោធិ៍សាត់ ក្នុងការគាំពារ សង្គ្រោះបន្ទាន់ និងជាជំនួយការដ៏សំខាន់ក្នុងការជួយដល់សកម្មភាពសប្បុរសធម៌ផ្សេងៗដល់ប្រជាពលរដ្ឋ និងអ្នកជំងឺដើម្បីទទួលបាននូវសេវាកម្មសង្គ្រោះបន្ទាន់មួយដែលមាន គុណភាព សុវត្ថិភាព និងប្រសិទ្ធភាព។ ”

ឯកឧត្តមកែវរតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងអគ្គនាយកអគ្គីសនីកម្ពុជា បានមានប្រសាសន៍ថា៖ “ ការសាងសង់រោងចក្រដំឡើងរថយន្ត Ford ក្នុងខេត្តពោធិ៍សាត់ គឺជាសក្ខីភាពមួយដែលបានបង្ហាញពីទំនុកចិត្តរបស់ក្រុមហ៊ុន RMA Cambodia មកលើរាជរដ្ឋាភិបាលកម្ពុជា ហើយការផ្តល់ជូននូវរថយន្តគិលានសង្គ្រោះ ២ គ្រឿងក្នុងថ្ងៃនេះនឹងជាការចូលរួមចំណែកដ៏សំខាន់មួយក្នុងការពង្រឹងសមត្ថភាពមូលដ្ឋានសុខាភិបាលបន្ថែមទៀត ក្នុងការឆ្លើយតបទៅនឹងតម្រូវការសេវាថែទាំសុខភាពអោយកាន់តែមានគុណភាព ប្រសិទ្ធភាព និងសុវត្ថិភាព។ ភាពជាដៃគូរវាង RMA Cambodia និងវិទ្យាស្ថានបច្ចេកទេសក្នុងស្រុករបស់យើង បានដើរតួរនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ធនធានមនុស្ស តាមរយៈការបង្កើតកម្មវិធីបណ្តុះបណ្តាលដោយផ្ទាល់ពីអ្នកជំនាញដែលគ្រឹះមួយដ៏សំខាន់សម្រាប់យុវជន ក៏ដូចជាយុវនារីក្នុងការត្រៀមខ្លួនរួចជាស្រេចសម្រាប់ភាពជោគជ័យនាពេលខាងមុខ។ ” 

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន RMA (CAMBODIA) PLC ជាក្រុមហ៊ុនដំបូងគេបំផុត ដែលទទួលបានការទទួលស្គាល់ពី វិទ្យាស្ថានស្ដង់ដារកម្ពុជា នៃ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងនាមជាអ្នក អនុវត្តស្តង់ដារសុវត្ថិភាពយានយន្ត និងស្តង់ដារសុវត្ថិភាពគ្រឿងបង្គុំយានយន្តបានខ្ពស់បំផុត។ ក្នុងឆ្នាំ ២០២០ ក្រុមហ៊ុន RMA (CAMBODIA) PLC បានចុះបញ្ជីលក់មូលបត្រ បំណុលចំនួន ៨០ ពាន់លានរៀល ដែលស្មើនឹង ២០ លានដុល្លារអាមេរិក ក្នុងផ្សារមូលបត្រកម្ពុជា ហើយក្លាយជាក្រុមហ៊ុនមិនមែនស្ថាប័នហិរញ្ញវត្ថុដែលបានបោះផ្សាយមូលបត្របំណុលដំបូងគេបង្អស់នៅប្រទេសកម្ពុជា។ ការបោះផ្សាយមូលបត្របំណុលនេះ បង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនយើងខ្ញុំក្នុងការលើកកម្ពស់ទីផ្សារមូលបត្រកម្ពុជា និងចូលរួមចំណែកអភិវឌ្ឍទីផ្សារហិរញ្ញវត្ថុនៅប្រទេសកម្ពុជា។

តាមរយៈកំណើនសេដ្ឋកិច្ច និងកំរិត GDP របស់ប្រជាជនកម្ពុជាកើនឡើងខ្ពស់ជាបន្តបន្ទាប់ បានធ្វើឱ្យប្រជាជនកម្ពុជាងាកមកប្រើប្រាស់រថយន្តថ្មីមានការកើនឡើងជាលំដាប់។ ក្នុងនោះការប្រើប្រាស់ រថយន្តថ្មីម៉ាក FORD មានកំណើនកាន់តែ

ច្រើនឡើង និងបានក្លាយជាជម្រើសឈានមុខរបស់អតិថិជននៅកម្ពុជា។ ដូច្នេះ ក្រុមហ៊ុនបានសម្រេចចិត្តបង្កើតរោងចក្រដំឡើងរថយន្ត FORD ដែលទទួលបានសិទ្ធិពេញលេញក្នុងការផ្គុំ និងដំឡើងរថយន្តពីក្រុមហ៊ុនម្ចាស់ដើម FORD MOTOR COMPANY។ រោងចក្រនេះ ត្រូវបានសាងសង់ឡើងនៅលើផ្ទៃដីសរុបប្រមាណជាង ៥ ហិកតា ស្ថិតក្នុងភូមិសារវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ជាមួយនឹងទុនវិនិយោគចំនួន ២១ លានដុល្លារសហរដ្ឋអាមេរិក ដែលអាចបង្កើតការងារជំនាញបានជាង ៥០០ កន្លែង និងមានសមត្ថភាពអាចដំឡើងរថយន្តបានចំនួនប្រមាណ ៩,០០០ គ្រឿងក្នុងមួយឆ្នាំ។ 

រហូតមកដល់ពេលនេះ ក្រុមហ៊ុនបានដំឡើងរថយន្ត Ford Ranger Wildtrak និងរថយន្ត Ford Everest បានចំនួន ៣,០០០ គ្រឿងដើម្បីបម្រើតម្រូវការទីផ្សារក្នុងស្រុក។ ក្រុមហ៊ុនបន្តសហការ ជាមួយនឹងវិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់ក្នុងការបណ្តុះបណ្តាលអភិវឌ្ឍជំនាញបច្ចេកទេសដល់បុគ្គលិកក្រុមហ៊ុនដើម្បីធានាឱ្យបាននូវធនធានមនុស្សប្រកបដោយគុណភាព។ ថ្មីៗនេះ ក្រុមហ៊ុនបានបញ្ជូនបុគ្គលិកទៅប្រទេស Australia ដើម្បីសិក្សាអំពីបច្ចេកវិទ្យាដំឡើងរថយន្ត ក្នុងគោលបំណងបង្កើនកម្រិតបច្ចេកទេសបុគ្គលិកក៏ដូចជាពាំនាំចំណេះដឹងថ្មី និង បច្ចេកវិទ្យាថ្មីមកប្រទេសកម្ពុជា។ ដើម្បីបន្តចូលរួមលើកកម្ពស់វិស័យយានយន្ត ក្រុមហ៊ុននឹងបង្កើតមជ្ឈមណ្ឌលអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈដើម្បីផ្ដល់ឱកាសឱ្យប្រជាពលរដ្ឋកម្ពុជាទទួលបានការបណ្តុះបណ្តាលជំនាញបច្ចេកទេសប្រកបដោយគុណភាពដើម្បីចូលរួមចំណែកអភិវឌ្ឍធនធាន មនុស្សនៅកម្ពុជាស្របតាមគោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា។

អានបន្ត

spot_img