26 C
Phnom Penh
Saturday, July 27, 2024

អន្ទាក់ចំនួន ៦ម៉ឺន ត្រូវដោះចេញពីតំបន់ការពារធម្មជាតិនៅឆ្នាំ ២០២១ និងកាំភ្លើងកែច្នៃ ៧៥៨គ្រឿង ត្រូវបានដកហូត

ភ្នំពេញ៖ ក្នុងកិច្ចខិតខំប្រឹងប្រែងការពារនិងអភិរក្សព្រៃឈើ និងសត្វព្រៃនៅកម្ពុជា មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាន រួមនឹងអង្គការអភិរក្សជាដៃគូ និងសហគមន៌តំបន់ការពារធម្មជាតិ បានដោះអន្ទាក់បានចំនួន ៦១ ៦១១អន្ទាក់ ពីក្នុងតំបន់ការពារធម្មជាតិ ដែលបានជួយសង្គ្រោះសត្វព្រៃ មិនឱ្យជាប់អន្ទាក់របស់ព្រានព្រៃ និងគ្រោះថ្នាក់ដល់មនុស្ស។ នេះបើយោងតាមការឱ្យដឹងពី លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាននៅថ្ងៃទី១៩ ខែមករាឆ្នាំ២០២២។

លោក នេត្រ ភក្ត្រា បានបញ្ជាក់ថា បរិមាណអន្ទាក់ដែលបានដោះនៅឆ្នាំ២០២១កន្លងទៅ មានចំនួនកើនឡើងប្រមាណជាង ២០ភាគរយ ធៀបនឹងបរិមាណអន្ទាក់ដោះបាននៅឆ្នាំ២០២០ ដែលមានចំនួន ៤៣ ២៧០ អន្ទាក់។ អន្ទាក់ទាំងនេះ ជាឃាតកលាក់មុខសម្លាប់សត្វព្រៃ ព្រោះមានប្រភេទអន្ទាក់ឆក់ខ្សែភ្លើង អន្ទាក់វាយបំបាក់ស្មងជើង និងប្រភេទផ្សេងៗទៀត។ អន្ទាក់នៅតែជាការគំរាមកំហែងយ៉ាងខ្លាំងដល់សត្វព្រៃគ្រប់ប្រភេទ ជាពិសេសសត្វជើងចំពាម ហើយមិនមែនត្រឹមតែកម្ពុជាទេមានបញ្ហាប្រឈមនឹងវត្តមានអន្ទាក់នៅក្នុងតំបន់ការពារធម្មជាតិ ចំណែកតំបន់អភិរក្សនៅតាមបណ្តាប្រទេសនានាក្នុងទ្វីបអាស៊ី ក៏ទទួលរងនូវការគំរាមកំហែង ដោយសារតែអន្ទាក់ផងដែរ។ អន្ទាក់ជាច្រើនលានត្រូវបានគេដឹងថា បានដាក់នៅក្នុងតំបន់អភិរក្សក្នុងប្រទេសវៀតណាម កម្ពុជា ឡាវ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី។

លោក នេត្រ ភក្ត្រា បានលើកឡើងយ៉ាងដូច្នេះថា៖ «កត្តាដែលគំរាមកំហែងខ្លាំងចំពោះសត្វព្រៃ គឺអន្ទាក់ដែលជាឃាតកលាក់មុខ។ ដោយសារតែសម្ភារសម្រាប់ធ្វើអន្ទាក់មានលក់នៅលើទីផ្សារ និងមានតម្លៃថោក ចំនួនអន្ទាក់ត្រូវបានប៉ាន់ស្មានថា មានការកើនឡើង ហើយនៅអាស៊ីមានអន្ទាក់ប្រមាណជាង ១២លានអន្ទាក់ ត្រូវបានលួចដាក់ក្នុងតំបន់ការពារនៅទូទាំងតំបន់អាស៊ី»។

ក្នុងនាមក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានថ្លែងកោតសរសើរចំពោះមន្ត្រីឧទ្យានុរក្ស អង្គការដៃគូ និងសហគមន៍តំបន់ការពារធម្មជាតិទាំងអស់ ដែលបានចូលរួមដោះអន្ទាក់ចេញពីព្រៃធម្មជាតិ។ មន្ត្រីឧទ្យានុរក្សមិនត្រឹមតែចុះល្បាត ដើម្បីទប់ស្កាត់បទល្មើសបំផ្លាញធនធានធម្មជាតិការកាប់បំផ្លាញព្រៃឈើប៉ុណ្ណោះទេ ប៉ុន្តែមន្ត្រីឧទ្យានុរក្សក៏បានដើរស្វែងរកអន្ទាក់ និងដោះចេញព្រមទាំងបំផ្លាញអន្ទាក់ចោលដើម្បីសង្គ្រោះជីវិតសត្វព្រៃផងដែរ។ ក្រៅពីនេះសត្វព្រៃជាច្រើនក្បាលត្រូវបានសង្គ្រោះនៅនឹងកន្លែង និងព្រលែងចូលក្នុងព្រៃធម្មជាតិវិញ។ ចំពោះសត្វព្រៃដែលរងរបួស ឬសុខភាពមិនអំណោយផល ក្រុមមន្ត្រីឧទ្យានុរក្សអាចទាក់ទងក្រុមមន្ត្រីជំនាញពេទ្យសត្វដើម្បីយកមកថែរក្សា និងព្យាបាលឱ្យជាសះស្បើយ មានសុខភាពល្អ មុននឹងព្រលែងចូលក្នុងព្រៃធម្មជាតិវិញ។

ក្រៅពីអន្ទាក់ដែលបានបង្កគ្រោះថ្នាក់សម្លាប់សត្វព្រៃ មន្ត្រីឧទ្យានុរក្សក៏បានដកហូតកាំភ្លើងកែច្នៃប្រើប្រាស់សម្រាប់ការប្រមាញ់សត្វព្រៃចំនួន ៧៥៨ដើម ផងដែរ ត្រូវបានដកហូតនៅឆ្នាំ២០២១។ បរិមាណនេះប្រហាក់ប្រហែលឆ្នាំ២០២០ដែរ។ ការកើនឡើងនៃកាំភ្លើងកែច្នៃក៏ជាផ្នែកមួយគំរាមកំហែងដល់សត្វព្រៃ ហើយកាំភ្លើងកែច្នៃនេះ ជាអាវុធដែលគ្រោះថ្នាក់បំផុតផងដែរ។ លើសពីនេះ សត្វឆ្កែប្រដេញ ក៏ជាមូលហេតុនាំឱ្យប៉ះពាល់ដល់សត្វព្រៃដែរ។ ប្រជាជនមួយចំនួនបានចិញ្ចឹមសត្វឆ្កែប្រដេញជាហ្វូង ដើម្បីបណ្តើរចេញទៅប្រមាញ់សត្វព្រៃ ដែលជាកត្តារួមផ្សំធ្វើឱ្យចំនួនសត្វព្រៃត្រូវបានថយចុះដោយការប្រមាញ់ និងស្លាប់ដោយសារតែជំងឺឆ្លងពីឆ្កែស្រុក។ ដើម្បីបញ្ឈប់ការបរបាញ់សត្វ បញ្ឈប់ការដាក់អន្ទាក់ចាប់សត្វ ប្រជាពលរដ្ឋត្រូវកុំបរិភោគសាច់សត្វ កុំជួញដូរសត្វព្រែ និងកុំជឿលើជំនឿថា បរិភោគសាច់សត្វ ឈាម ឬយកឆ្អឹងសត្វព្រៃទៅធ្វើឱសថប៉ូវកម្លាំង ឬជំនួយដល់សុខភាព តែវាអាចនឹងធ្វើឱ្យប្រឈមមុខនឹងគ្រោះថ្នាក់ទៅវិញទេ ដោយសារតែអាចមានមេរោគផ្សេងៗ៕


អត្ថបទ និងរូបភាពដោយ Puthinew

Telegram group: Puthinews

YOUTUBE | Puthinews

WEBSITE | Puthinews

អានបន្ត

spot_img