30 C
Phnom Penh
Saturday, July 27, 2024

អង្គការសុខភាពពិភពលោកថា​ ការចាក់វ៉ាក់សាំងកូវីដ-១៩​ ដូសទី៣​មិនទាន់ចាំបាច់ទេនៅពេលនេះ

ស្តាប់អត្ថបទជាសម្លេង

អង្គការសុខភាពពិភពលោក កាលពីថ្ងៃពុធ​ បានឲ្យដឹងថា ទិន្នន័យបច្ចុប្បន្នមិនបានចង្អុលបង្ហាញថា គេចាំបាច់ត្រូវតែចាក់វ៉ាក់សាំងកូវីដ-១៩​ ដូសជំរុញប្រសិទ្ធភាព​ ឬដូសទី៣​ នោះទេ​ និងបានបន្ថែមថា ក្រុមមនុស្សដែលងាយរងគ្រោះបំផុតនៅទូទាំងពិភពលោកគួរតែត្រូវបានចាក់វ៉ាក់សាំងកូវីដ-១៩​ ឲ្យបានពេញលេញជាមុនសិន មុនពេលប្រទេសមានប្រាក់ចំណូលខ្ពស់ចាក់វ៉ាក់សាំងដូសជំរុញប្រសិទ្ធភាព។ 

ការអត្ថាធិប្បាយនេះបានកើតឡើងមុនពេលដែលរដ្ឋាភិបាលអាមេរិកបានប្រកាសថា ខ្លួនគ្រោងនឹងចាក់វ៉ាក់សាំងកូវីដ-១៩​ ដូសជំរុញប្រសិទ្ធភាពដល់ពលរដ្ឋអាមេរិកទាំងអស់ចាប់ពីថ្ងៃទី២០ ខែកញ្ញាតទៅ ក្នុងគ្រាដែលករណីឆ្លងវីរុសកូវីដ-១៩​ បំប្លែងខ្លួន ដែលតា​ (Delta) កំពុងកេីនឡេីង។ 

ប្រធានផ្នែកវិទ្យាសាស្ត្ររបស់អង្គការសុខភាពពិភពលោក​ លោកស្រី ស៊ុមយ៉ា​ ស្វាមីណាថាន​ (Soumya Swaminathan) បាននិយាយនៅឯសន្និសីទសារព័ត៌មានក្នុងទីក្រុងហ្សឺណែវ​ ប្រទេសស្វីស​ ថា «យើងជឿជាក់យ៉ាងច្បាស់ថា ទិន្នន័យបច្ចុប្បន្ននេះ មិនបានបង្ហាញថា គេចាំបាច់ចាក់វ៉ាក់សាំងកូវីដ-១៩​ ដូសជំរុញប្រសិទ្ធភាពនោះទេ»។ 

លោកស្រីបានបន្ថែមថា ការសិក្សាបន្ថែមទៀតគឺត្រូវការជាចាំបាច់។

ជាមួយគ្នានោះដែរ ទីប្រឹក្សាជាន់ខ្ពស់របស់អង្គការសុខភាពពិភពលោក​ លោក ប្រូស​ អាលវ៉ត​ (Bruce Aylward) បាននិយាយប្រាប់ក្រុមអ្នកយកព័ត៌មានថា «មានវ៉ាក់សាំងគ្រប់គ្រាន់នៅជុំវិញពិភពលោក ប៉ុន្តែវ៉ាក់សាំងទាំងនោះមិនត្រូវបានចែកចាយឲ្យចំទីកន្លែង»។

លោក​ អាលវ៉ត​ បាននិយាយបែបនេះដោយសំដៅទៅលើវ៉ាក់សាំងកូវីដ-១៩​ ដូសជំរុញប្រសិទ្ធភាព​ ឬដូសទី៣​ ដែលកំពុងត្រូវបានចាក់នៅក្នុងប្រទេសដែលមានប្រាក់ចំណូលខ្ពស់។

លោកបាននិយាយថា វ៉ាក់សាំងពីរដូសគួរតែត្រូវបានចាក់ទៅឲ្យអ្នកដែលងាយរងគ្រោះបំផុតនៅទូទាំងពិភពលោកជាមុនសិន មុនពេលចាក់ដូសជំរុញប្រសិទ្ធភាពទៅឲ្យអ្នកដែលបានចាក់វ៉ាក់សាំងពេញលេញហើយ៕

អត្ថបទ នឹងរូបភាព​ Puthinews

អានបន្ត

spot_img