30 C
Phnom Penh
Saturday, July 27, 2024

អង្គការសហប្រជាជាតិថា​ ក្រុមតាលីបង់សន្យាធានាសុវត្ថិភាពដល់បុគ្គលិកផ្ដល់ជំនួយមនុស្សធម៌

មន្ត្រីនាំពាក្យឲ្យអង្គការសហប្រជាជាតិបាននិយាយថា​ នៅក្នុងកិច្ចប្រជុំជាមួយប្រធានផ្នែកផ្ដល់ជំនួយរបស់អង្គការសហប្រជាជាតិនៅក្នុងទីក្រុងកាប៊ុល​ ក្រុមតាលីបង់បានសន្យាធានាសុវត្ថិភាពដល់បុគ្គលិកផ្ដល់ជំនួយ​ និងធានាឲ្យមានការទទួលបានជំនួយមនុស្សធម៌នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។

លោកម៉ាទីនហ្គ្រីហ្វីត (Martin Griffiths) ប្រធានផ្នែកផ្ដល់ជំនួយរបស់អង្គការសហប្រជាជាតិបានទៅដល់រដ្ឋធានីកាប៊ុលកាលពីថ្ងៃអាទិត្យសម្រាប់កិច្ចប្រជុំជាច្រើនថ្ងៃជាមួយថ្នាក់ដឹកនាំក្រុមតាលីបង់ក្នុងគ្រាដែលវិបត្តិមនុស្សជាតិកំពុងកើតឡើងនៅក្នុងប្រទេសមួយនេះដែលទេីបតែបានធ្លាក់នៅក្រោមការគ្រប់គ្រងរបស់ក្រុមតាលីបង់។ 

សេចក្តីថ្លែងការណ៍របស់មន្ត្រីនាំពាក្យឲ្យអង្គការសហប្រជាជាតិបានលេីកឡេីងថា​ «អាជ្ញាធរបានសន្យាថាសុវត្ថិភាពនិងសន្តិសុខរបស់បុគ្គលិកផ្ដល់ជំនួយមនុស្សធម៌និងការផ្ដល់ជំនួយទៅដល់មនុស្សដែលកំពុងត្រូវការជំនួយនឹងត្រូវបានធានាហើយបុគ្គលិកផ្ដល់ជំនួយទាំងបុរសនិងស្ត្រីនឹងត្រូវបានធានានូវសេរីភាពក្នុងការធ្វើដំណើរ» 

សេចក្តីថ្លែងការណ៍បានបន្ថែមថាលោកហ្គ្រីហ្វីតបានបញ្ជាក់ម្តងទៀតនៅក្នុងកិច្ចប្រជុំនោះថាសហគមន៍ផ្ដល់ជំនួយមនុស្សធម៌បានប្តេជ្ញាផ្តល់​ «ជំនួយមនុស្សធម៌ដោយមិនលំអៀងនិងឯករាជ្យ»

លោកក៏បានអំពាវនាវឱ្យគ្រប់ភាគីទាំងអស់ធានានូវសិទ្ធិនិងសុវត្ថិភាពរបស់ស្ត្រីទាំងអ្នកដែលរួមចំណែកក្នុងការផ្តល់ជំនួយនិងពលរដ្ឋស៊ីវិល។

សូមបញ្ជាក់ថាសេរីភាពរបស់ស្ត្រីនៅក្នុងប្រទេសអាហ្វហ្គានីស្ថានត្រូវបានកាត់បន្ថយយ៉ាងខ្លាំងក្រោមការគ្រប់គ្រងរបស់ក្រុមតាលីបង់ពីឆ្នាំ១៩៩៦ដល់២០០១៕

អត្ថបទ​​ និងរូបភាពដោយះPuthinews

អានបន្ត

spot_img