30 C
Phnom Penh
Saturday, July 27, 2024

អង្គការយូនីសេហ្វប្រចាំប្រទេសកម្ពុ ផ្តល់ជំនួយបរិក្ខារប្រព័ន្ធត្រជាក់សម្រាប់ថែរក្សាវ៉ាក់សាំងចំនួន២១គ្រឿង ដល់ក្រសួងសុខាភិបាល សម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ពី

ភ្នំពេញ៖ ជំនួយជាបរិក្ខារត្រជាក់ សម្រាប់ថែរក្សាវ៉ាក់សាំង ចំនួន២១គ្រឿង តាម រយៈអង្គការយូនីសេហ្វប្រចាំប្រទេសកម្ពុជា ជូនក្រសួងសុខាភិបាល ដោយ  រដ្ឋាភិបាល និងប្រជាជនជប៉ុន នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១នេះ សម្រាប់ប្រើប្រាស់ក្នុងការការពារ ទប់ស្កាត់ និងឆ្លើយតបនឹងជំងឺកូវីដ-១៩។

ពិធីប្រគល់ និងទទួលនេះ បានធ្វើឡើងក្រោមអធិបតីភាពលោកសាស្ដ្រាចារ្យ អេង ហួត រដ្ឋលេខាធិការក្រសួងសុខាភិបាល រួមជាមួយលោក មីកាមី ម៉ាសាហ៊ីរ៉ូ ឯកអគ្គរដ្ឋទូតនៃប្រទេសជប៉ុន ប្រចាំកម្ពុជា និងលោកស្រី ហ្វ័ររូ ហ្វ័រយូហ្សាត តំណាងអង្គការយូនីសេហ្វប្រចាំប្រទេសកម្ពុជា ដែលប្រព្រឹត្ដទៅនៅឃ្លាំងឱសថកណ្ដាលនៃក្រសួងសុខាភិបាល។

លោក មីកាមី ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន បានសម្តែងនូវការកោតសរសើរ ចំពោះរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល ដែលបានខិតខំប្រឹងប្រែងមិនខ្លាចនឿយហត់ ក្នុងការទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ ក៏ដូចជាការការពារសុខភាព របស់ប្រជាជនកម្ពុជាទាំងមូល។

លោកឯកអគ្គរាជទូតជប៉ុន ក៏បានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់ជនជាតិជប៉ុនទាំងអស់ ដែលរស់នៅលើទឹកដីកម្ពុជា។

ក្នុងឱកាស នោះ  លោកសាស្ដា្រចារ្យ អេង ហួត ក៏បានគូសបញ្ជាក់ផងដែរថា ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លារបស់រដ្ឋាភិបាល និងប្រជាជននៃប្រទេសជប៉ុន ត្រូវបានចងចាំទុកដោយរាជរដ្ឋាភិបាលកម្ពុជា និងមន្ត្រីសុខាភិបាល ព្រមទាំងអ្នករងគ្រោះដោយជំងឺកូវីដ-១៩។

លោករដ្ឋលេខាធិការ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះជំនួយមនុស្សដ៏ថ្លៃថ្លារបស់រដ្ឋាភិបាល និងប្រជាជននៃប្រទេសជប៉ុន គឺជាកាយវិការនៃវប្បធម៌ចែករំលែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាពិសេសក្នុងកាលៈទេសៈបច្ចុប្បន្ន ដែលយើងបាននឹងកំពុងខិតខំប្រឹងប្រែងរួមគ្នា ដើម្បីជំរុញវិធានការការពារ ទប់ស្កាត់ និងឆ្លើយតបការរីកររាលដាលនៃជំងឺកូវីដ-១៩ នៃព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ៕

អត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img