ស្តាប់អត្ថបទជាសម្លេង
ចក្រភពអង់គ្លេសបានបញ្ជូនទាហានចំនួន ២០០នាក់បន្ថែមទៀតទៅកាន់រដ្ឋធានីកាប៊ុល បន្ទាប់ពីក្រុមតាលីបង់បានដណ្តើមកាន់កាប់រដ្ឋធានីនេះរបស់ប្រទេសអាហ្វហ្គានីស្ថាន។
ជាសរុប ទាហានអង់គ្លេសប្រមាណ ៩០០នាក់នឹងល្បាតនៅអាកាសយានដ្ឋានអន្តរជាតិទីក្រុងកាប៊ុល ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីការពារយន្តហោះជម្លៀសមនុស្ស ក្រោយពីមានភាពវឹកវរនៅលើផ្លូវរត់របស់យន្តហោះ ។
ក្រសួងការបរទេសអង់គ្លេសបានណែនាំឲ្យពលរដ្ឋអង់គ្លេសប្រមាណជាង ៤ពាន់នាក់នៅក្នុងអាហ្វហ្គានីស្ថាន ចាកចេញពីប្រទេសនេះ។

រដ្ឋមន្រ្តីការបរទេសអង់គ្លេស លោក ដូមីនីក រ៉ាប (Dominic Raab) បានបញ្ជាក់ថា ជនជាតិអង់គ្លេស និងជនជាតិអាហ្វហ្គានីស្ថានចំនួន ៣៥០នាក់ថែមទៀតដែលធ្លាប់បានធ្វើការជាមួយកងទ័ពអង់គ្លេស នឹងត្រូវបានជម្លៀសចេញពីប្រទេសអាហ្វហ្គានីស្ថាននៅក្នុងរយៈពេលប៉ុន្មានថ្ងៃទៅមុខ។
លោកបាននិយាយថា អង់គ្លេសកំពុងពិចារណាថាតេីនឹងទទួលយកជនភៀសខ្លួនអាហ្វហ្គានីស្ថានប៉ុន្មាននាក់។ លោកបានបញ្ជាក់ថា ជនជាតិអាហ្វហ្គានីស្ថានចំនួន ២៨៩នាក់ហេីយដែលធ្លាប់បានធ្វើការជាមួយអង់គ្លេស បានមកដល់អង់គ្លេសកាលពីសប្តាហ៍មុន។
ក្រសួងមហាផ្ទៃអង់គ្លេស កាលពីល្ងាចថ្ងៃចន្ទ បានប្រកាសថា អង់គ្លេសបានទទួលយកអ្នកបកប្រែជនជាតិអាហ្វហ្គានីស្ថាន, បុគ្គលិក រួមនិងក្រុមគ្រួសាររបស់ពួកគេជាង ៣ពាន់៣រយនាក់ឲ្យមកអង់គ្លេសដើម្បីតាំងទីលំនៅ។
ចំណែកក្រសួងការពារជាតិអាមេរិកបានប្រកាសថា អាមេរិកនឹងបញ្ជូនទាហានមួយកងវរសេនាតូចទៀតទៅកាន់រដ្ឋធានីកាប៊ុលដើម្បីជួយជម្លៀសពលរដ្ឋអាមេរិក និងពលរដ្ឋអាហ្វហ្គានីស្ថានដែលធ្លាប់ធ្វេីការជាមួយអាមេរិកចេញពីប្រទេស អាហ្វហ្គានីស្ថាន ដែលនេះនឹងធ្វេីឲ្យចំនួនកងកម្លាំងអាមេរិកដែលឈរជេីងនៅទីនោះឡេីងដល់ ៦ពាន់នាក់៕


អត្ថបទនឹង រូបភាពដោយ Puthi news