ស្តាប់អត្ថបទជាសម្លេង
រដ្ឋាភិបាលអង់គ្លេស កាលពីថ្ងៃអង្គារ បានសន្យាថា ជនភៀសខ្លួនអាហ្វហ្គានីស្ថានរាប់ពាន់នាក់នឹងបានតាំងទីលំនៅថ្មីនៅអង់គ្លេស បន្ទាប់ពីក្រុមតាលីបង់បានចូលគ្រប់គ្រងប្រទេសអាហ្វហ្គានីស្ថានវិញ។
នៅក្រោមគម្រោងថ្មីនេះ ពលរដ្ឋអាហ្វហ្គានីស្ថានរហូតទៅដល់ ២ម៉ឺននាក់នឹងត្រូវបានទទួលយកដេីម្បីឲ្យទៅតាំងទីលំនៅនៅក្នុងប្រទេសអង់គ្លេសនៅក្នុងរយៈពេលប៉ុន្មានឆ្នាំទៅមុខ។
នៅក្នុងឆ្នាំដំបូង ជនភៀសខ្លួនអាហ្វហ្គានីស្ថានចំនួន ៥ពាន់នាក់នឹងត្រូវបានទទួលយក នៅក្រោមគម្រោងនេះ ដោយអាទិភាពនឹងត្រូវបានផ្ដល់ទៅឲ្យស្ត្រី , ក្មេងស្រី និងអ្នកផ្សេងៗទៀតដែលមានតម្រូវការចាំបាច់។
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃអង់គ្លេសបានជំរុញឱ្យប្រទេសដទៃទៀតជួយទទលយកជនភៀសខ្លួនអាហ្វហ្គានីស្ថាន ដោយលោកបានសរសេរនៅលេីបណ្ដាញសង្គមថា «យើងមិនអាចធ្វើរឿងនេះតែម្នាក់ឯងបានទេ»។
ប៉ុន្តែទោះជាយ៉ាងណា គណបក្សប្រឆាំងខ្លះនៅអង់គ្លេសបានរិះគន់គម្រោងទទួលយកជនភៀសខ្លួនអាហ្វហ្គានីស្ថានឲ្យមកតាំងទីលំនៅនៅអង់គ្លេសនេះ ដោយពួកគេបាននិយាយថា គម្រោងនេះមិនទាន់ទូលំទំលាយគ្រប់គ្រាន់ទេ។
សូមបញ្ជាក់ថា ផែនការថ្មីនេះគឺជាគម្រោងបន្ថែមពីលើគម្រោងដែលមានស្រាប់របស់អង់គ្លេសដែលនឹងទទួលយកអ្នកបកប្រែជនជាតិអាហ្វហ្គានីស្ថាន និងបុគ្គលិក ដទៃទៀតដែលធ្លាប់បានធ្វើការឱ្យអង់គ្លេសឲ្យទៅតាំងទីលំនៅនៅអង់គ្លេស៕
អត្ថបទ នឹង រូបភាព Puthi News