26 C
Phnom Penh
Saturday, July 27, 2024

អង់គ្លេសដាក់ទណ្ឌកម្មភ្នាក់ងារចារកម្មរុស្ស៊ី៧នាក់ពាក់ព័ន្ធនឹងការបំពុលមេបក្សប្រឆាំងរុស្ស៊ី

កាលពីថ្ងៃសុក្រ ប្រទេសអង់គ្លេសបានចេញផ្សាយនូវសេចក្តីលម្អិតជុំវិញការដាក់ទណ្ឌកម្មទៅលើមនុស្សចំនួន៧នាក់ដែលគេនិយាយថាជាភ្នាក់ងារចារកម្មរុស្ស៊ីដោយសង្ស័យមានជាប់ពាក់ព័ន្ធក្នុងការបំពុលមេដឹកនាំបក្សប្រឆាំងលោក អាឡិចស៊ី ណាវ៉ាល់នី (Alexei Navalny) ។

លោក ណាវ៉ាល់នី (Navalny) ត្រូវបានបញ្ជូនទៅប្រទេសអាល្លឺម៉ង់ដើម្បីទទួលការព្យាបាលបន្ទាប់ពីត្រូវបានគេបំពុលនៅក្នុងតំបន់ស៊ីបេរីកាលពីថ្ងៃទី២០ ខែសីហាឆ្នាំមុនជាមួយអ្វីដែលក្រុមអ្នកជំនាញរបស់លោកខាងលិចសន្និដ្ឋានថាជាសារធាតុគីមីបំផ្លាញសរសៃប្រសាទ។

ប៉ុន្តែរដ្ឋាភិបាលរុស្ស៊ីបានបដិសេធចំពោះសេចក្តីសន្និដ្ឋាននោះនិងបានចោទប្រកាន់ប្រទេសលោកខាងលិចពីយុទ្ធនាការលាបពណ៌ប្រឆាំងនឹងប្រទេសរបស់ខ្លួន។

លោក ណាវ៉ាល់នី ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារពីបទបំពានទៅនឹងលក្ខខណ្ឌក្នុងពេលត្រូវបានដោះលែងឲ្យស្ថិតនៅក្រៅឃុំបណ្ដោះអាសន្ននៅពេលដែលគាត់បានវិលត្រឡប់មករុស្ស៊ីវិញកាលពីដើមឆ្នាំនេះ។ ប៉ុន្តែគាត់បាននិយាយថាករណីនេះត្រូវបានគេប្រតិដ្ឋឡើងក្រោមហេតុផលនយោបាយ។

បញ្ជីនៃការដាក់ទណ្ឌកម្មរបស់អង់គ្លេសដែលត្រូវបានធ្វើបច្ចុប្បន្នភាពនោះត្រូវបានផ្សព្វផ្សាយនៅលើគេហទំព័ររបស់រដ្ឋាភិបាលអង់គ្លេសនៅថ្ងៃខួបមួយឆ្នាំនៃការបំពុលលោក ណាវ៉ាល់នី ដែលក្នុងនោះរួមមានឈ្មោះបុគ្គលថ្មីចំនួន៧រូប និងការសម្រេចបង្កកទ្រព្យសម្បត្តិ៕ 

អត្ថបទ និងរូបភាពដោយ Puthinews

អានបន្ត

spot_img