30 C
Phnom Penh
Saturday, July 27, 2024

អគ្គលេខាធិការអាស៊ាន ជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសកម្ពុជា

ភ្នំពេញ៖ មុនអញ្ជើញចូលរួមកិច្ច ប្រជុំរដ្ឋមន្រ្តីទេសចរណ៍អាស៊ានថ្ងៃទី១៩ ខែមករា នៅខេត្តព្រះសីហនុ លោក លឹម ចុក ហ៊ុយ អគ្គលេខាធិការអាស៊ាន នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២នេះ អគ្គលេខាធិការអាស៊ាន បានបន្តជួបពិភាក្សាការងារជាមួយលោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅទីស្តីការក្រសួងការបរទេស បន្ទាប់ពីចប់ជំនួបពិភាក្សាការងារជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រួចមក។


លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ លោក លឹម ចុក ហ៊ុយ អគ្គលេខាធិការ អាស៊ានមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី១៥ -១៩ ខែមករា ឆ្នាំ២០២២។


ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ លោក លឹម ចុក ហ៊ុយ នឹងជំនួបដាច់ដោយឡែកពីគ្នាជាមួយ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ, លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្ដី ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ, លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ,លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និង លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ។


លោកអគ្គលេខាធិការអាស៊ាន ក៏នឹងអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីទេសចរណ៍អាស៊ាន ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ នៅក្រុងព្រះសីហនុ ផងដែរ។


ទស្សនកិច្ចរបស់ លោក លឹម ចុក ហ៊ុយ មកព្រះរាជាណាចក្រកកម្ពុជាក្នុងនាមជាប្រធានអាស៊ាននាពេលបច្ចុប្បន្ន នឹងស្វែងរកមធ្យោបាយនានាដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលរវាងលេខាធិការដ្ឋានអាស៊ាន និងក្រសួងពាក់ព័ន្ធនានារបស់កម្ពុជា ដែលស្ថិតនៅក្រោមសសរស្តម្ភទាំងបីរបស់សហគមន៍អាស៊ាន រួមមាន សហគមន៍នយោបាយ- សន្តិសុខ សេដ្ឋកិច្ច និងសង្គម- វប្បធម៌ ដើម្បីធានាសម្រេចបាននូវសមិទ្ធផលល្អប្រសើរសម្រាប់គ្រួសារអាស៊ានដែលកាន់តែរឹងមាំ និងស្អិតរមួតខ្លាំងឡើង៕
អត្ថបទ និងរូបភាពដោយ Puthinews

Telegram group: Puthinews

YOUTUBE | Puthinews

WEBSITE | Puthinews

អានបន្ត

spot_img