

ភ្នំពេញ ៖ លោក ប៉ៃ សំបូរ អគ្គលេខាធិការវេទិកាសម្ព័ន្ធសង្គមស៊ីវិល នៃទីស្តីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២២នេះ បានអំពាវនាវ ដល់សិស្សានុសិស្សទាំងអស់ បន្តនូវការអនុវត្តវិធានការការពារ “៣កុំ ៣កាពារ” និង “២ចូលរួម” ដើម្បីចូលរួមទប់ស្កាត់ការរាតត្បាតពីជំងឺកូវីដ-១៩ ជាពិសេសមេរោគបំប្លែងថ្មី អូមីក្រុង តាមការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងឱកាសបើកបវេសនកាលសិក្សាឆ្នាំថ្មី។
ការអំពាវនាវនេះ លោក ប៉ៃ សំបូរ បានធ្វើឡើងក្នុងឱកាសដឹកនាំក្រុមការងារ នាំយកអំណោយ “កញ្ចប់ក្តីស្រឡាញ់” មានជាកាតាប និងសម្ភារៈសិក្សា ចែកជូនកុមារា-កុមារី ដែលជាសិស្សានុសិស្ស ចំនួន៤០០នាក់ នៅសាលាបឋមសិក្សាមិត្តភាពកម្ពុជា-ចិន ឃ្មួញ ស្ថិតក្នុងសង្កាត់ឃ្មួញ រាជធានីភ្នំពេញ ដែលអំណោយនេះ ទទួលបានពីមូលនិធិ CFPD របស់ប្រទេសចិន តាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិល។


“យើងអាចភ្លេចកូវីដ តែកូវីដមិនអាចភ្លេចយើងទេ, ដូច្នេះសូមប្អូនៗទាំងអស់គ្នា ចូលរួមអនុវត្តវិធានការ ៣កុំ ៣ការពារ និង២ចូលរួម ដើម្បីការពារខ្លួន ពីជំងឺឆ្លងសកលកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា”, នេះបើតាមលោក ប៉ៃ សំបូរ បានលើកឡើង។
លោកបន្ថែមថា “ជាមួយគ្នានោះ ក៏សូមអំពាវនាវដល់សិស្សានុសិស្សទាំងអស់ ខិតខំប្រឹងប្រែងក្នុងការសិក្សា ដើម្បីក្លាយជាធនធានដ៏សំខាន់ ក្នុងការអភិវឌ្ឍប្រទេសជាតិ នៅជំនាន់ខាងមុខបន្តទៀត”។


បើតាមលោក ប៉ៃ សំបូរ សកម្មភាពសប្បុរសធម៌នេះ គឺជាការចូលរួមចំណែករបស់ភាគីចិន ក្នុងការកាត់បន្ថយភាពក្រីក្រ និងចែករំលែកនូវក្តីស្រឡាញ់ ជូនដល់ប្រជាជនកម្ពុជា។ នេះគឺជាលើកទី៣ហើយ ដែលវេទិកាសម្ព័ន្ធសង្គមស៊ីវិល បានចែកជូនអំណោយកញ្ចប់ក្តីស្រឡាញ់ ជូនដល់សិស្សានុសិស្សកម្ពុជា ហើយតាមការគ្រោងទុក នឹងបន្តចែកជូនដល់សិស្សានុសិស្ស នៅតំបន់ផ្សេងបន្ថែមទៀត នាពេលឆាប់ៗខាងមុខនេះ ដើម្បីចែករំលែកនូវក្តីស្រឡាញ់ និងជាការលើកទឹកចិត្ត ឱ្យសិស្សនុសិស្ស ខិតខំប្រឹងប្រែង ក្នុងការសិក្សា ដើម្បីក្លាយជាធនធានមនុស្ស ចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ នាពេលអនាគត៕


អត្ថបទ និងរូបភាពដោយ៖ Puthinews
Telegram group: Puthinews
YOUTUBE | Puthinews
WEBSITE | Puthinews