ស្តាប់អត្ថបទជាសំឡេង
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១នេះ នៅអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា មានរៀបចំពិធីប្រកាសស្វាគមន៍សមាជិកថ្មី ក្រោមអធិបតីភាព ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា ដោយមានការចូលរួមពីពាណិជ្ជករ និងសមាជិកសមាជិការបស់សភាពាណិជ្ជកម្មកម្ពុជា។
ក្នុងឱកាសនោះ ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងពីសារៈ សំខាន់និងតួនាទីរបស់សភាពាណិជ្ជកម្មកម្ពុជាទៅដល់សមាជិកថ្មី និងបានប្រគល់វិញ្ញាបនបត្រសំគាល់ទៅដល់សមាជិកថ្មី ព្រមទាំងបានពិភាក្សាសំណេះណាលទូទៅ ស្តីពីនាទី និងអត្ថប្រយោជន៍ក្នុងការចូលជាសមា ជិកសភាពាណិជ្ជកម្មកម្ពុជាផងដែរ។
ឧកញ៉ា ងួន ម៉េងតិច បានលើកឡើងពាក់ព័ន្ធនិងសកម្មភាពផ្សេងៗ ក៏ដូចជាវិស័យមួយចំនួន ដែលសភាពាណិជ្ជកម្មកម្ពុជា បាននឹងកំពុងធ្វើ។ ក្នុងនោះ ឯកឧត្តម ឧកញ៉ា បានលើកឡើងពី ចំនុចសំខាន់ៗ ដែលសភាពាណិជ្ជកម្មកម្ពុជា អាចជួយដល់សមាជិកថ្មី ក្នុងការពង្រីកអាជីវកម្ម ក៏ដូចជាឱកាសទំនាក់ទំនងជាមួយដៃគូបរទេសជាដើម។
សូមជម្រាបថា សភាពាណិជ្ជកម្មកម្ពុជា គឺជាស្ថាប័នមួយមិនសំដៅរកប្រាក់ចំណេញ ដែលសមាជិកភាពមានលក្ខណៈស្ម័គ្រចិត្ត និងជាស្ថាប័នតំណាងការពារផលប្រយោជន៍ជូនវិស័យឯកជន លើផ្នែកពាណិជ្ជកម្ម ឧស្សាហកម្ម សិប្បកម្ម សេវាកម្ម និងកសិកម្ម ដោយធ្វើសកម្មភាពបម្រើឲ្យសេដ្ឋកិច្ចជាតិ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងនៅទូទាំងប្រទេស។ ក្រុមហ៊ុនសហគ្រាសស្របច្បាប់ធុនតូច មធ្យម និងធំ គ្រប់វិស័យនៅទូទាំងប្រទេស អាចចូលជាសមាជិករបស់សភាពាណិជ្ជកម្មបានទាំងអស់។ សភាពាណិជ្ជកម្ម ដើរតួយ៉ាងសំខាន់ក្នុងការចូលរួមផ្ដល់យោបល់ជូនរាជរដ្ឋាភិបាល ដើម្បីសម្របសម្រួលអាជីវកម្មក្នុងវិស័យឯកជន ឲ្យកាន់តែមានប្រសិទ្ធិភាព និងបង្កលក្ខណ:ធុរកិច្ចឲ្យកាន់តែល្អប្រសើរ៕
អត្ថបទ និងរូបភាពដោយ៖ Puthinews