ខេត្ដស្វាយរៀង៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់អគាររដ្ឋបាល និងទីស្នាក់ការមូលដ្ឋាន កងរាជអាវុធហត្ថស្រុករមាសហែកថ្មី!
ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពីលោកមេបញ្ជាការរង នាយរងសេនាធិការ ស្នងការ ស្នងការរង មេបញ្ជាការកងរាជអាវុធហត្ថរាជធានី-ខេត្ត កម្លាំងប្រដាប់អាវុធ មន្ត្រីរាជការជុំវិញខេត្ត និងស្រុករមាសហែក។


ក្រោយបញ្ចប់ពិធីសម្ពោធ, នាយឧត្តមសេនីយ៍ សៅ សុខា និងលោក ម៉ែន វិបុល បានបន្ដអញ្ជើញជាអធិបតីនៅក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគាររដ្ឋបាល និងសាលប្រជុំសាលាស្រុករមាសហែក ខេត្តស្វាយរៀង ដោយសមាសភាពអញ្ជើញចូលរួម ពីមន្ត្រីរាជការដែលមានការពាក់ព័ន្ធផងដែរ។


ថ្លែងក្នុងឱកាសនោះ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះនាយឧត្ដមសេនីយ៍ សៅ សុខា ដែលតែងតែជួយឧបត្ថម្ភគាំទ្រ ដល់ដំណើរការកសាងសមិទ្ធផលនានា ក្នុងខេត្តស្វាយរៀង រួមទាំងហេដ្ឋារចនាសម្ព័ន្ធកងរាជអាវុធហត្ថនៅក្នុងខេត្តជាបន្តបន្ទាប់ ដែលសរបញ្ជាក់ឱ្យឃើញពីការគិតគូរយកចិត្តទុកដាក់បំផុតក្នុងការគាំទ្រ និងលើកទឹកចិត្តជំរុញដល់កងកម្លាំងកងរាជអាវុធហត្ថមូលដ្ឋាន ឱ្យកាន់តែខិតខំប្រតិបត្តិការរក្សាសន្តិសុខ សុវត្ថិភាព និងមានកន្លែងធ្វើការសមរម្យ ដើម្បីបម្រើសេវាជូនប្រជាពលរដ្ឋ ឱ្យកាន់តែល្អប្រសើរថែមទៀត។


លោកម៉ែន វិបុលបន្តថា សមិទ្ធផលនៅថ្ងៃនេះ គឺជាហេដ្ឋារចនាសម្ព័ន្ធផ្នែករឹងថ្មីមួយទៀត នៅក្នុងវិស័យសន្តិសុខ ក៏ដូចជានៅក្នុងវិស័យរដ្ឋបាលមូលដ្ឋានរបស់យើង បន្ថែមពីលើសមិទ្ធផលផ្សេងៗ ដែលយើងបានខិតខំកសាង ក្នុងគោលដៅបម្រើឱ្យផលប្រយោជន៍ និងសេចក្ដីត្រូវការនូវមូលដ្ឋាន ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យច្បាស់លាស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ធ្វើឱ្យប្រទេសជាតិយើងមានការអភិវឌ្ឍ និងរីកចម្រើនទៅមុខជានិច្ច។


ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ សៅ សុខា បានថ្លែងទៅកាន់កងកម្លាំងទាំងអស់នៅក្នុងខេត្តស្វាយរៀង ត្រូវរួមគ្នារក្សាសុខសន្តិភាព ពង្រឹងសន្តិសុខនៅតាមបន្ទាត់ព្រំដែន ឈរលើមូលដ្ឋាន សន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ ដើម្បីរក្សាបានសន្តិសុខជាតិកាន់តែល្អប្រសើរ។


នាយឧត្តមសេនីយ៍ សៅ សុខា ក៏បានកោតសរសើរដល់កងរាជអាវុធហត្ថខេត្តស្វាយរៀង ដែលបានបំពេញភារកិច្ច និងតួនាទីបានល្អប្រសើរឈរលើការសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងការអនុវត្តច្បាប់យ៉ាងត្រឹមត្រូវ ជាពិសេសបានកសាងអាគារទីបញ្ជាការមូលដ្ឋាននៅតាមបណ្ដាស្រុក ក្រុង មានកន្លែងធ្វើការសមរម្យដែលបានផ្ដល់ទំនុកចិត្ត ដល់ប្រជាពលរដ្ឋក្នុងការពឹងពាក់ឱ្យសមត្ថកិច្ចកងរាជអាវុធហត្ថ ចុះអន្តរាគមន៍ពាក់ព័ន្ធទៅនឹងការបង្ក្រាបបទល្មើសផ្សេងៗផងដែរ។


នាយឧត្តមសេនីយ៍ បានបន្តថា គ្មានការលំបាកណាដែលយើងមិនអាចធ្វើបាននោះទេ ព្រោះពួកយើងបានឆ្លងកាត់ នូវបទពិសោធន៍ និងការដឹកនាំបានល្អគ្រប់ថ្នាក់ ជាពិសេសយើងមានមគ្គុទេសក៍ដ៏ឆ្នើម គឺសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានស្វែងរកសន្តិភាពជូនជាតិ មាតុភូមិ និងប្រែក្លាយប្រទេសកម្ពុជា ពីចំណុចសូន្យឱ្យមានការអភិវឌ្ឍលើគ្រប់វិស័យ៕










ដោយ៖ Puthinews
Youtube Channel: Puthi News
Telegram Channel: Puthi News
Puthinews Android app: Puthi News