30 C
Phnom Penh
Saturday, July 27, 2024

ស្វាយចន្ទីនៅតែជាដំណាំដែលមានសក្តានុពល

ស្តាប់អត្ថបទជាសម្លេង

ខេត្តសៀមរាប៖ បើទោះបីជាពិភពលោកកំពុងជួបប្រទះនូវវិបត្តិជំងឺឆ្លងជាសាកលកូវីដ-១៩ក្តី សម្រាប់ប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាប ដែលពួកគាត់ប្រកបរបរដាំដំណាំស្វាយចន្ទី បានអះអាងថា ដំណាំកសិឧស្សាហកម្មមួយនេះ នៅតែមានសក្តានុពលទាំងសម្រាប់ទីផ្សារក្នុងស្រុក និងទាំងសម្រាប់នាំចេញ។

កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ កន្លងទៅ ដើម្បីឈ្វេងយល់អំពីដំណាំនេះឱ្យកាន់តែច្បាស់បន្ថែម ប្រជាពលរដ្ឋប្រមាណជា២០នាក់ ដែលពួកគាត់ជាអ្នកដាំដុះដំណាំស្វាយចន្ធី បានជួបជុំគ្នា ដើម្បីចែករំលែកនូវបទពិសោធនានា ដើម្បីជំរុញឱ្យការការដាំដុះរបស់ពួកគាត់កាន់តែទទួលបានទិន្នផលខ្ពស់ ដើម្បីបំពេញតម្រូវការទីផ្សារ។

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មសៀមរាប ឧត្តរមានជ័យ លោកឧកញ៉ា ហ៊ុយ ភៀវ បានលើកឡើងថា ចាប់តាំងពីឆ្នាំ២០១២ មកទល់សព្វថ្ងៃនេះ  ដំណាំស្វាយចន្ទីរបស់លោកបានផ្តល់ផលបានយ៉ាងល្អ ទាំងទិន្នផល ទាំងទីផ្សារលក់ចេញ។ ជាក់ស្តែងទិន្នផលក្នុងឆ្នាំ២០២១នេះ ចម្ការស្វាយចន្ទីរបស់លោក បានផ្តល់ទិន្នផលលើសពីឆ្នាំ២០២០ប្រមាណជា៥០ភាគរយ។

លោឧកញ៉ា បានឱ្យដឹងថា ស្វាយចន្ទីទោះមានប៉ុន្មានក៏មិនចេះសល់ដែរ មានទាំងរោងចក្រនៅក្នុងស្រុក និងការនាំចេញទៅកាន់ប្រទេសវៀតណាមរាប់លានតោនក្នុងមួយឆ្នាំៗ។

បើទោះជាដំណាំស្វាយចន្ទីកម្ពុជា មានសក្តានុពលខ្លាំងយ៉ាងនេះក្តី សម្រាប់លោកឧកញ៉ា ដែលជាម្ចាស់ចម្ការស្វាយចន្ទីជាង១ពាន់ហិកតារូបនេះ នៅមើលឃើញថា កម្រិតនៃការរយល់ដឹងរបស់ប្រជាពលរដ្ឋនៅមានព្រំដែន។ ហេតុនេះហើយ ក្នុងនាមលោកជាអនុប្រធានសភាពាណិជ្ជកម្ពុជា ជាប្រធានសភាពណិជ្ជកម្មសៀមរាប ឧត្តរមានជ័យ និងជាសមាជិកទីប្រឹក្សាសមាគមស្វាយចន្ទីកម្ពុជាផងនោះ លោកបានចែករំលែកពីវិធីសាស្ត្រក្នុងការដាំដុះ ការថែទាំ និងការកាត់បន្ថយថ្លៃដើម តាមរយៈការប្រើជី ប្រើថ្នាំធម្មជាតិដែលផលិតដោយខ្លួនឯង។

លោកឧកញ៉ា ហ៊ុយ ភៀវ ក្រៅពីមានទីផ្សារល្អ បច្ចុប្បន្ននេះ វិស័យដំណាំស្វាយចន្ទី ក៏មានការជួយជ្រោមជ្រែងរកទីផ្សារបន្ថែមទៀត ពីសមាគមស្វាយចន្ទីកម្ពុជា ក៏ដូចជាការជួយពីទីភ្នាក់ងារជប៉ុនសម្រាប់សហប្រតិបត្តិការអន្តរជាតិ ហៅកាត់ថា ចៃកា (JICA) ក្នុងគម្រោងសាងសង់រោងចក្រត្រួតពិនិត្យគុណភាព ISO គ្រាប់ស្វាយចន្ទីកម្ពុជា ដែលការជួយនេះ ជាការជួយកាត់បន្ថមអាណានិគមសេដ្ឋកិច្ច និងនាំឱ្យកម្ពុជាអាចនាំចេញគ្រាប់ស្វាយចន្ទីរបស់ខ្លួនទៅកាន់ទីណាក៏បាន។

លោក ធូ រដ្ឋា ប្រធានសមាគមស្វាយចន្ទីខេត្តសៀមរាប បានឱ្យដឹងថា ក្នុងចំណោម១២ក្រុងស្រុកក្នុងទូទាំងខេត្តសៀមរាប មានតែក្រុងស្រុកចំនួន០៣ប៉ុណ្ណោះ ដែលមិនមានចម្ការដាំស្វាយចន្ទី រួមមាន ៖ ក្រុងសៀមរាប , ស្រុកពួក និង ស្រុកក្រឡាញ់ ក្រៅពីនេះ ស្រុកចំនួន០៩ សុទ្ធតែមានចម្ការដាំស្វាយចន្ទី ខណៈកសិករក្នុងសមាគមស្វាយចន្ទីខេត្តសៀមរាប មានផ្ទៃដីដាំស្វាយចន្ទីទំហំ ២ ៩២៧ហិកតា៕

អត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img