30 C
Phnom Penh
Tuesday, October 8, 2024

ស្នងការខេត្តកំពត ប្រាប់អធិការក្រុងបូកគោឱ្យយកចិត្តទុកដាក់ទប់ស្កាត់ការរំលោភដីធ្លីខុសច្បាប់

កំពត៖ ស្នងការនគរបាលខេត្តកំពតគឺ លោកឧត្តមសេវនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានប្រាប់ដល់អធិការក្រុងបូកគោ ឱ្យផ្តោតលើការយកចិត្តទុកដាក់ក្នុងការទប់ស្កាត់ការរំលោភដីធ្លីខុសច្បាប់ ដែលជាប្រធានបទដ៏ក្តៅ នាពេលបច្ចុប្បន្ន។ ក្រៅពីនេះ ក្នុងនាមជាមេដឹកនាំ មិនមែនអង្គុយចាំតែបញ្ជាតាមទូរស័ព្ទពីក្នុងបន្ទប់ម៉ាស៊ីត្រជាក់នោះទេ ត្រូវតែចុះទៅស្រាវជ្រាវដល់ទីតាំងកើតហេតុ ដើម្បីធ្វើរបាយការណ៍ជូនទៅអភិបាលក្រុង។ 

លោកឧត្តមសេវនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានប្រាប់អធិការក្រុងបូកគោដូចនេះ នៅក្នុងពិធីប្រកាសតែងតាំងមុខដំណែង ផ្ទេរភារកិច្ច និងតម្លើងឋានន្ទរស័ក្តិមន្ត្រីនគរបាលជាតិនៅក្រុងបូកគោ ដែលក្រុងនេះទើបតែបង្កើតឡើងកាលពីពេលថ្មីៗនេះ ហើយក្រុងនេះកំពុងមានសក្តានុពលដីធ្លីជាច្រើនផងដែរ ដែលងាយនឹងកើតនូវទំនាស់ដីធ្លីឡើង។ ម្យ៉ាងវិញទៀត ក្រុងបូកគោមានទីតាំងភូមិសាស្ត្រ និងសកត្តានុពលសេដ្ឋកិច្ចល្អប្រសើរ ដែលបច្ចុប្បន្នមានវិស័យធំៗពីរកំពុងកម្រើកខ្លាំងគឺ វិស័យទេសចរណ៍ វិស័យចលនទ្រព្យ ខណៈដែលក្រុមហ៊ុនវិនិយោគជាច្រើន បាននិងកំពុងរៀបចំដីធ្លីដើម្បីដំណើរការសាងសងទីតាំងឈរជើងរបស់ក្រុមហ៊ុនរបស់ខ្លួន ហើយក្រុងបូកគោមានកំពង់ផែប្រាំកន្លែងដែលកំពុងដំណើរការ។

ទន្ទឹមនឹងនេះ ក្រុងបូកគោក៏មានបញ្ហាមួយចំនួនដែលទាមទាឱ្យកម្លាំងសមត្ថកិច្ច ត្រូវបង្កើនការយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការទប់ស្កាត់បញ្ហារំលោភដីធ្លីនៅឧទ្យានជាតិព្រះមុនីវង្សបូកគោ ដែលបច្ចុប្បន្នមានជនខិលខូចមួយចំនួនកំពុងធ្វើសកម្មភាពរំលោភបំពាន ហើយអធិការក្រុង នាយប៉ុស្តិ៍ និងកម្លាំងនរគបាលទាំងអស់ក្នុងក្រុងបូកគោត្រូវសហការ និងធ្វើជាសេនាធិការឱ្យលោកស្រីអភិបាលក្រុងឱ្យបានល្អ ពិសេសក្នុងនាមជាមេដឹកនាំកម្លាំងសមត្ថកិច្ចមិនមែនអង្គុយចាំតែបញ្ជាពីក្នុងបន្ទប់ម៉ាស៊ីត្រជាក់នោះទេ។ ក្រៅពីការបង្ក្រាប់បទល្មើស មន្ត្រីកម្លាំងសមត្ថកិច្ចទាំងអស់ ក៏មិនត្រូវទៅពាក់ព័ន្ធ ឬឃុបឃិតជាមួយជនល្មើសឡើយ ហើយប្រសិនបើមានការពាក់ព័ន្ធក្នុងករណីល្មើសណាមួយនោះនឹងត្រូវទទួលទោសចំពោះមុខច្បាប់។ 

សូមបញ្ជាក់ថា ក្រុងបូកគោដែលទើបតែបង្កើតថ្មីនេះ មានមន្ត្រីនគរបាលដែលត្រូវប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែងចំនួន ២៦រូប និងបំពាក់ឋានន្តរស័ក្តិចំនួន ១៤រូប ផងដែរ៕

អត្ថបទ និងរូបភាពដោយះ Puthi News

អានបន្ត

spot_img
spot_img