ស្តាប់អត្ថបទជាសម្លេង
ភ្នំពេញ៖ ស្ថានអគ្គកុងស៊ុលកម្ពុជា បានប្រមូលប្រជាពលករ និងកម្មករខ្មែរ ដែលមកពីបណ្តារខេត្តនានានៃប្រទេសថៃ ហើយមកកកស្ទះនៅផ្សាររុងគ្លឿ និងនៅមុខស្ថានអគ្គកុងស៊ុល រួមទាំងបងប្អូនអាជីវករ កម្មករនៅផ្សាររុងគ្លឿផងដែរ ដែលត្រៀមសម្រុកចេញទៅប្រទេសខ្មែរ ចំនួន១៦៥នាក់ (ស្ត្រី៦១ និងក្មេង២០នាក់) កាលពីថ្ងៃទី១៨ ខែសីហា ២០២១ម្សិលមិញ។ នេះបើយោងតាម លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស នៅថ្ងៃនេះ។
អ្នកនាំពាក្យក្រសួងការបរទេស បានបញ្ជាក់ថា៖ ស្ថានអគ្គកុងស៊ុលកម្ពុជា តែងតែធ្វើអន្តរាគមន៍ទៅសម្ថកិច្ចថៃ និងបានជួលរថយន្តដឹកពលករខ្មែរទាំងនោះ ទៅប្រគល់ឱ្យសមត្ថកិច្ច និងក្រុមការងារទប់ស្កាត់ជំងឺកូវីដ-១៩កម្ពុជា នៅច្រកអូរបីជាន់ ដើម្បីចាត់វិធានការតាមនីតិវិធីសុខាភិបាលបន្ត។
អនុវត្តតាមអនុសាសន៍ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ឯកអគ្គរាជទូត និងស្ថានអគ្គកុងស៊ុល ប្រចាំខេត្តសាកែវប្រទេសថៃ បានជួយអន្តរាគមន៍ដល់ប្រជាពលរដ្ឋខ្មែរ ដែលជួបការលំបាក និងអ្នកដែលចាញ់បោកមេខ្យល់ នាំឆ្លងដែនដោយខុសច្បាប់ ទៅស្វែងរកការងារធ្វើនៅប្រទេសថៃ ដោយប្រថុយប្រថាន ដែលពួកគាត់ប្រឈមនឹងគ្រោះថ្នាក់ដោយប្រការណាមួយ៕
អត្ថបទ និងរូបភាពដោយ៖ Puthi News