30 C
Phnom Penh
Saturday, July 27, 2024

សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២២ ត្រូវបានព្យាករថា នឹងសម្រេចបានកំណើនក្នុងរង្វង់ ៤,៨%

ស្តាប់អត្ថបទជាសំឡេង

ភ្នំពេញ៖ សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២២ ត្រូវបានព្យាករថា នឹងសម្រេចបានកំណើនក្នុងរង្វង់ ៤,៨% ដែលធ្វើឱ្យ ផ ស ស ថ្លៃបច្ចុប្បន្នស្ថិតក្នុងរង្វង់១២៤.១៦២ ប៊ីលានរៀល សមមូលនឹងប្រមាណ ៣០.៥៤៤លានដុល្លារ ស្របពេលដែល ផ ស ស សម្រាប់មនុស្សម្នាក់ត្រូវបានរំពឹងថានឹងកើនឡើងដល់ ១.៨៤២ ដុល្លារ បើប្រៀបធៀបនឹង ១.៧៣០ដុល្លារក្នុងឆ្នាំ២០២១។

សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ បានឲ្យដឹងថា តាមការវាយតម្លៃពាក់កណ្តាលឆ្នាំកន្លងមកនេះ សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២១ ត្រូវបានប៉ាន់ស្មានថា នឹងមានកំណើនក្នុងអត្រា ២,៤% ដែលការប៉ាន់ស្មាននេះ គឺមាននិន្នាការស្រដៀងគ្នាទៅនឹងការវាយតម្លៃរបស់ ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិធំៗ ក្នុងរង្វង់ប្រមាណ ២,០%។

កំណើននេះគាំទ្រដោយការបន្តកើនឡើងនៃវិស័យសេដ្ឋកិច្ចសំខាន់ៗ ដូចជា វិស័យឧស្សាហកម្មត្រូវបានព្យាករថា នឹងសម្រេចបានកំណើនក្នុងអត្រា ៧,៧% ក្នុងឆ្នាំ២០២២ ពីកំណើន ៥,៧% ក្នុងឆ្នាំ២០២១ ដោយសារការរំពឹង ទុកកំណើនល្អប្រសើរនៃអនុវិស័យកាត់ដេរ និងកម្មន្តសាលមិនមែនកាត់ដេរ ខណៈដែលអនុវិស័យសំណង់ត្រូវបានរំពឹងថា នៅបន្តសម្រេចបានកំណើនទាប។

អនុវិស័យកាត់ដេរ ត្រូវបានរំពឹងថា នឹងបន្តកើនឡើង ដោយសារការរំពឹងទុកភាពល្អប្រសើរនៃតម្រូវការខាងក្រៅ ជាពិសេស ទីផ្សារសហរដ្ឋអាម៉េរិក និងចិន ស្របជាមួយការរំពឹងទុកការបង្វែររោងចក្រពីប្រទេសមីយ៉ាន់ម៉ា គួបផ្សំនឹងការដាក់ចេញនូវ “យុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជា ២០២១-២០២៥”។

ជាមួយគ្នានេះ អនុវិស័យកាត់ដេរក៏ត្រូវបានរំពឹងថា នឹងអាចជួបប្រទះនូវហានិភ័យមួយចំនួន ជាពិសេសការបន្តរីករាលដាលនៃជំងឺកូវីដ-១៩ និងការផ្ទុះជាទ្រង់ទ្រាយធំក្នុងរោងចក្រ ដែលអាចបណ្តាលឱ្យប៉ះពាល់ដល់សកម្មភាពផលិតកម្ម និងការផ្គត់ផ្គង់ បើទោះបីតម្រូវការខាងក្រៅនៅបន្តមានភាពល្អប្រសើរយ៉ាងណាក្តី។ អនុ-វិស័យកម្មន្តសាលមិនមែនកាត់ដេរត្រូវបានរំពឹងថា នៅរក្សាបានកំណើនរឹងមាំ ដោយសារមួយផ្នែកគឺការបន្ត កើនឡើងនៃតម្រូវការខាងក្រៅ និងមួយផ្នែកទៀតដោយសារកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលអាចបន្តជំរុញការនាំចេញលើផលិតផលសំខាន់ៗ រួមមាន គ្រឿងសង្ហារិម, ស្បែកសត្វមានរោម, ក្តារកុងប្លាកេ, ឈើមូល ឬឈើអារ និងឈើ veneer, វត្ថុសម្រាប់ជាងសំណង់ធ្វើពីប្លាស្ទិក, សូឡា, គ្រឿងអេឡិចត្រូនិក និងភាគបំណែក, ខ្សែភ្លើង និងបង្គុំខ្សែភ្លើង, កៅស៊ូ, ចេក, ស្ករស, ដំឡូងមី, ស្វាយ និងកសិផលផ្សេងៗជាដើម។

វិស័យសេវាកម្មត្រូវបានព្យាករថា នឹងបន្តកើនឡើងក្នុងអត្រា ៤,១% ក្នុងឆ្នាំ២០២២ ពីកំណើនត្រឹម ០,៣% ក្នុងឆ្នាំ ២០២១ ដោយសារការងើបឡើងវិញសន្សឹមៗនៃអនុវិស័យសណ្ឋាគារ និងភោជនីយដ្ឋាន និងវិស័យគាំទ្រទេសចរណ៍ផ្សេងទៀត។ អនុវិស័យសណ្ឋាគារនិងភោជនីយដ្ឋានត្រូវបានរំពឹងថា នឹងងើបឡើងវិញ ប៉ុន្តែស្ថិតក្នុងកម្រិតទាប ទាំងទំហំ និងអត្រាកំណើន, ដោយសារការរំពឹងទុកការងើបឡើងវិញក្នុងល្បឿនយឺតនៃភ្ញៀវទេសចរអន្តរជាតិ ខណៈដែលចំនួនភ្ញៀវទេសចរជាតិត្រូវបានរំពឹងថា នឹងងើបឡើងវិញក្នុងសម្ទុះលឿនជាងនៅពេលដែលការរាតត្បាត ក្នុងសហគមន៍មានការស្រាកស្រាន្ត និងគ្រប់គ្រងបាន។

អនុវិស័យលក់ដុំ-រាយត្រូវបានព្យាករថា នឹងបន្តកើនឡើង ប៉ុន្តែក្នុងអត្រាទាបជាងកំណើនមុនពេលមានវិបត្តិ ដោយសារឥទ្ធិពលថមថយចំណូលរបស់ប្រជាជន ស្របពេលដែលអនុវិស័យសំខាន់ៗ ដែលជាប្រភពចំណូលរបស់ប្រជាជន ត្រូវបានរំពឹងថា នឹងងើបឡើងសន្សឹមៗ។ អនុវិស័យអចលនទ្រព្យមាននិន្នាការដូចគ្នាទៅនឹងវិស័យសំណង់ដែលត្រូវបានរំពឹងថា បន្តកំណើនទាប ដោយសារការរំពឹងទុកនៃការងើបឡើងជាបណ្តើរៗនូវទំនុកចិត្តវិនិយោគ និងរំហូរវិនិយោគទុនពីបរទេស៕
អត្ថបទ និងរូបភាពដោយ៖ Puthinews

Join Telegram group: ឯកសារចំណេះដឹងសាធារណៈជន

អានបន្ត

spot_img