26 C
Phnom Penh
Saturday, July 27, 2024

សូមប្រុងប្រយ័ត្ន! ជំងឺកូវីដ-១៩បំប្លែងថ្មី ប្រភេទ Delta បានឆ្លងដល់ ឃុំកោះជីវាំង ដែលជាឃុំលិចទឹក របស់ស្រុកឯកភ្នំខេត្តបាត់ដំបងហើយ

ស្តាប់អត្ថបទជាសម្លេង

បាត់ដំបង៖ អភិបាលស្រុកឯកភ្នំ លោក ម៉ិល សុផល បានបញ្ជាក់ថា ជំងឺកូវីដ១៩បំប្លែងថ្មី ប្រភេទ Delta បានឆ្លងចូលមកដល់ឃុំកោះជីវាំងនៃស្រុកឯកភ្នំហើយ សូមប្រជាពលរដ្ឋទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់បំផុត ពិសេសត្រូវអនុវត្តបន្តតាមគោលការណ៍ ៣កុំ ៣ការពារ ឱ្យបានខ្ជាប់ខ្ជួន ដើម្បីទប់ស្កាត់កុំឱ្យឆ្លងជំងឺជាបន្ដបន្ទាប់ទៀត។

ក្នុងឱកាសនៃការចុះពិនិត្យការបើកយុទ្ធនាការនៃការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩ សម្រាប់កុមារ និងមនុស្សចាស់ទាំងដូសទី១ និងដូសទី២ នៅក្នុងឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង លោកមុិល សុផល អភិបាលស្រុកឯកភ្នំ និងសហការីបានអំពាវនាវដល់ប្រជាពលរដ្ឋ និងមាតា បិតា និងអាណាព្យាបាលទាំងអស់ នាំកូនចៅរបស់ខ្លួនទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា ។

លោក ម៉ិល សុផល បានឱ្យដឹងថា រហូតមកដល់ពេលនេះឃុំកោះជីវាំង ដែលជាឃុំលិចទឹក របស់ស្រុកឯកភ្នំ មានអ្នកវិជ្ជមានវីរុសកូវីដ១៩បំប្លែងខ្លួនថ្មីប្រភេទDelta ចំនួន០៧នាក់ហើយ ហើយត្រូវបានដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបងផងដែរ ។

លោកបានបន្តទៀតថា ការឆ្លងជំងឺកូវីដ១៩បំប្លែងខ្លួនថ្មីប្រភេទ(Delta)នេះ គឺបណ្តាលមកពីមានប្រជាពលរដ្ឋម្នាក់បានចេញទៅទិញទំនិញពីខេត្តសៀមរាប ខេត្តមួយនេះកំពុងតែមានការផ្ទុះឆ្លងជំងឺកូវីដ-១៩​នៅក្នុងសហគមន៍ ហើយបានមកស្នាក់នៅផ្ទះរបស់គាត់នៅឃុំកោះជីវាំងមានអាការៈមិនស្រួលខ្លួន បាន​យក​សំណាកធ្វើការវិភាគឃើញមានផ្ទុកវីរុសកូវីដ-១៩ និងបន្តការចម្លងបន្តទៀតទៅអ្នកភូមិតែម្តង។

លោក ម៉ិល សុផល បានធ្វើការផ្ដាំផ្ញើរនិងអំពាវនាវ យ៉ាងទទួចដល់ប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នជាប់ជានិច្ច ហើយត្រូវគិតថា យើងអាចភ្លេចមេរោគកូវីដ-១៩បាន តែមេរោគកូវីដ-១៩ មិនអាចភ្លេចយើងបានទេ។ ទន្ទឹមនឹងនោះលោកបានជំរុញដល់ប្រជាពលរដ្ឋ ក៏ដូចមាតា បិតា ឬអាណាព្យាបាល សូមប្រញ៉ាប់រួសរាន់នាំកូនចៅរបស់ខ្លួនមកទទួលការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា សម្រាប់ឃុំកោះជីវាំង ថ្ងៃចាក់វ៉ាក់សាំងនឹងបន្តរហូតដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ ដែលក្រុមការងារជំនាញរបស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង នឹងចុះទៅចាក់វ៉ាក់សាំងនេះដែរនៅក្នុងឃុំព្រៃចាស់ ដែលមានចម្ងាយពីតំបន់នេះជាង៤០គ.ម ។

លោកបានបញ្ជាក់ថា មានតែវិធានការ៣កុំ ៣ការពារ និងការចាក់វ៉ាក់សាំងកូវីដ-១៩ តែប៉ុណ្ណោះ ដែលជាមធ្យោបាយដ៏ល្អបំផុត ដើម្បីខ្លួនឯង គ្រួសារ សហគមន៍ និងប្រទេសជាតិយើង បានឆ្លងផុតពីការឆ្លងជំងឺកូវីដ-១៩ ជាពិសេសមេរោគបំប្លែងខ្លួនថ្មី ប្រភេទ Delta៕


អត្ថបទ និងរូបភាពដោយ៖ Puthinews

អានបន្ត

spot_img