ស្តាប់អត្ថបទជាសម្លេង
កំពង់ធំ៖ សាលារៀនចំនួន២៩០សាលា ក្នុងខេត្តកំពង់ធំ អាជ្ញាធរខេត្តបានអនុញ្ញាតឱ្យដំណើរការឡើងវិញនៅថ្ងៃចន្ទ ទី២០ ខែកញ្ញា ឆ្នាំ២០២១ខាងមុខនេះ។
លោក សុខ លូ អភិបាលខេត្តកំពង់ធំ បានថ្លែងក្នុងកិច្ចប្រជុំជាមួយនឹងអាជ្ញាធរក្រុងស្រុក និងអង្គភាពពាក់ព័ន្ធ ដើម្បីរកដំណោះស្រាយក្នុងការបើកសាលារៀនឡើងវិញ កាលពីល្ងាចថ្ងៃទី១៧ ខែកញ្ញាឆ្នាំ២០២១ថា ដើម្បីបើកដំណើរការសាលារៀនឡើងវិញបាន អាជ្ញាធរមូលដ្ឋាន មាតាបិតាសិស្ស លោកគ្រូ អ្នកគ្រូ ត្រូវអនុវត្តន៍តាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ហើយសាលារៀននីមួយៗ ត្រូវសហការជាមួយស្ថាប័នជំនាញពាក់ព័ន្ធ ដើម្បីធ្វើអនាម័យបន្ទប់រៀនមុនពេលចាប់ផ្តើមអនុញ្ញាតឱ្យសិស្សចូលសិក្សាឡើងវិញ និងត្រូវត្រៀមខ្លួនរួចជាស្រេចនូវកន្លែងលាងសម្អាតដៃ ទឹកអាល់កុល ម៉ាស ម៉ាស៊ីនវាស់កម្ដៅជាដើមផងដែរ។
ទន្ទឹមគ្នានេះសាលារៀនត្រូវរៀបចំគណៈកម្មការសុខភាព រៀបចំក្រុមប្រឹក្សាកុមារ និងយុវជន ដើម្បីជួយសម្រួលក្នុងការវាស់កម្ដៅ និងបាញ់អាល់កុល ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ និងរក្សាសុវត្ថិភាពសិក្សារបស់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ។
ជាមួយគ្នានេះមាតាបិតាអាណាព្យាបាលសិស្សទាំងអស់មេត្តា ចូលរួមផ្គត់ផ្គង់កូនៗ របស់ខ្លួនដោយមានម៉ាស ម្ហូបអាហារ ទឹកស្អាត ព្រោះថាក្រសួងអប់រំមិនអនុញ្ញាតលក់ចំណីអាហារក្នុងសាលារៀនឡើយ។
អត្ថបទ និងរូបភាពដោយ៖ Puthi News