30 C
Phnom Penh
Saturday, July 27, 2024

សាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ចុះពិនិត្យគុណភាព និងសុវត្ថិភាពទំនិញនៅផ្សារក្តាម

កែប៖ សាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) និងមន្ទីរពាណិជ្ជកម្មខេត្ត បានសហការជាមួយរដ្ឋបាលក្រុងកែប និងប៉ុស្តិ៍នគរបាលការពារផ្សារក្តាមនៃស្នងការដ្ឋាន​នគរបាលខេត្តកែប បានចុះពិនិត្យគុណភាព និងសុវត្ថិភាពទំនិញនៅផ្សារក្តាម ក្រុងកែប ជាលទ្ធផល ក.ប.ប រកពុំឃើញការដាក់បញ្ចូលសារធាតុគីមីហាមឃាត់នៅលើផលិផល និងទំនិញឡើយ។

លោក ឯម រតន៍មុន្នី ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកែប បានឱ្យដឹងថា មន្រ្តីជំនាញសាខា ក.ប.ប បានធ្វើតេស្តលើគំរូផលិតផលមឹកស្រស់ បង្គារស្រស់ ចំនួន២៥គំរូ ដោយក្នុងនោះរកពុំឃើញការដាក់បញ្ចូលសារធាតុគីមីហាមឃាត់នៅលើផលិផល និងទំនិញទាំងនោះឡើយ។

លោកបញ្ជាក់ថា ឆ្នាំមុនមន្រ្តីសាខា ក.ប.ប ធ្លាប់រកឃើញបង្គារដែលផ្ទុកសារធាតុចាហួយ ១០០គ.ក ហើយបានរឹបអូសយកទៅកម្ទេចចោល។ ដោយឡែកឆ្នាំនេះ តាមរយ:ការចុះពិនិត្យកាលពីប៉ុន្មានថ្ងៃមុននេះ យើងរកមិនឃើញដូចឆ្នាំមុនទេ។ នេះបង្ហាញថា បងប្អូនអាជីវករយើង ចាប់ផ្តើមយល់ និងចូលរួមក្នុងការគិតគូពីសុខមាលភាព និងផលប្រយោជន៍អ្នកប្រើប្រាស់ ដោយមិនដាក់លក់នូវផលិតផលដែលខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ជាដើម។

លោកបន្តថា ភ្ញៀវទេសចរ ដែលមកកម្សាន្តខេត្ត អាចជឿទុកចិត្តបានលើគុណភាព និងសុវត្ថិភាពទំនិញ និងម្ហូបអារហារ។

លោកសំណូមពរ ឱ្យអាជីវករទាំងអស់សូមបន្តចូលរួមការពារសុខភាព និងផលប្រយោជន៍អ្នកប្រើប្រាស់ ដោយមិនត្រូវដាក់លក់ដាច់ខាតនូវទំនិញដែលខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ ឬសារធាតុគីមីដែលច្បាប់ហាមឃាត់ ព្រោះជាអំពើល្មើសច្បាប់ និងបណ្តាលឱ្យប៉ះពាល់ដល់កិត្តិនាម និងកិត្តិយសរបស់ខេត្ត និងខូចទីផ្សារសម្រាប់ខ្លួនឯងផ្ទាល់ផងដែរ។

លោកបន្ថែថា ចំពោះអ្នកប្រើប្រាស់ ក្នុងករណីសង្ស័យលើគុណភាពទំនិញ សូមផ្តល់ព័ត៌មានដល់សមត្ថកិច្ចប្រចាំការនៅតាមផ្សារ ដើម្បីមានវិធានការតាមនីតិវិធី សំដៅរួមគ្នាទប់ស្កាត់ និងកាត់បន្ថយឱ្យបានជាអតិបរមនូវការដាក់លក់ ឬចរាចរទំនិញខូចគុណភាពនៅលើទីផ្សារ៕


អត្ថបទ និងរូបភាពដោយ៖ Puthinews

អានបន្ត

spot_img