30 C
Phnom Penh
Saturday, July 27, 2024

សាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ បានរៀបចំពិធីផ្សព្វផ្សាយ ស្តីពី “ការលុបបំបាត់ការចម្លងមេរោគអេដស៍ និងស្វាយ ពីម្តាយទៅកូន ក្នុងអំឡុងពេលការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩”

ស្តាប់អត្ថបទជាសំឡេង

ខេត្តតាកែវ៖ នៅថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០២១នេះ ក្រុមការងារ ឥស្សរជនឆ្នើមថ្នាក់ជាតិ នៃកាកបាទក្រហមកម្ពុជា និងក្រុមការងារ ឥស្សរជនឆ្នើម ថ្នាក់ជាតិ នៃសាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ បានរៀបចំពិធីផ្សព្វផ្សាយ ស្តីពី “ការលុបបំបាត់ការចម្លងមេរោគអេដស៍ និងស្វាយ ពីម្តាយទៅកូន ក្នុងអំឡុងពេលការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩” ជូនដល់អ្នកផ្ទុកមេរោគអេដស៍ និងស្ត្រីមានផ្ទៃពោះ ចំនួន១៥នាក់ នៅភូមិភ្នំខ្លែង ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ ។

ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍ ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ និងឯកឧត្តម អ៊ូច ភា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់សាខាខេត្តតាកែវ ។

ក្នុងឱកាសនោះ លោកជំទាវ ម៉ែន នារីសោភ័គ បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករឭក ពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងបានអំពាវនាវចំពោះបងប្អូនទាំងអស់ដែលចូលរួមថ្ងៃនេះ សូមបន្ត ផ្សព្វផ្សាយចំណេះដឹងដល់ក្រុមគ្រួសារ មិត្តភក្តិបន្ថែមទៀត ជាពិសេសចំពោះបណ្តាញសារព័ត៌មាននានា សូមបន្តផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដល់សាធារណជន ដើម្បីលុបបំបាត់ការចម្លងមេរោគអេដស៍ និងស្វាយពីម្តាយទៅកូន ឈានឆ្ពោះទៅបញ្ចប់បញ្ហាអេដស៍នៅឆ្នាំ២០២៥ ក៏ដូចជាចូលរួមទទួលខុសត្រូវក្នុងការទប់ស្កាត់ការចម្លងមេរោគកូវីដ-១៩។

ជាមួយគ្នានេះ បងប្អូនប្រជាពលរដ្ឋទាំងអស់ បានសម្តែងនូវការយល់ដឹងខ្ពស់ អំពីមេរោគអេដស៍ ជំងឺអេដស៍ ការលើកកម្ពស់សុខភាពមាតា ទារក និងកុមារ ក៏ដូចជាចំណេះដឹងស្តីពីជំងឺកូវីដ-១៩ ព្រមទាំងបានថ្លែងអំណរគុណចំពោះ កាកបាទក្រហមកម្ពុជា និងក្រុមការងារ ឥស្សរជនឆ្នើមថ្នាក់ជាតិ ដែលបានដាស់តឿនក្រើនរំលឹកនូវសារអប់រំទាំងអស់នេះ ថែមទាំងបានផ្តល់ជូននូវវត្ថុអនុស្សាវរីយ៍ ក្នុង ម្នាក់ៗរួមមាន អង្ករ មី ត្រីខ សម្ភារៈប្រើប្រាស់ កញ្ចប់អនាម័យ និងថវិកា៥ម៉ឺនរៀលទៀតផង៕


អត្ថបទ និងរូបភាពដោយ៖ Puthinews

អានបន្ត

spot_img