ស្តាប់អត្ថបទជាសម្លេង
សហភាពអឺរ៉ុបបានសន្យាថា ខ្លួននឹងផ្តល់ វ៉ាក់សាំងកូវីដ-១៩ចំនួន ២០០លានដូស ដល់ទ្វីបអាហ្វ្រិក និងប្រទេសដែលមានប្រាក់ចំណូលទាប នៅត្រឹមពាក់កណ្តាលឆ្នាំក្រោយ។
ប្រធានគណៈកម្មការសហភាពអឺរ៉ុប លោកស្រី អ៊ូសូឡា វ៉ុនដឺឡេអេន (Ursula von បានធ្វើការសន្យាបែបនេះ កាលពីថ្ងៃពុធ នៅក្នុងសុន្ទរកថារបស់លោកស្រីនៅមុខសភាសហភាពអឺរ៉ុប។
លោកស្រី វ៉ុនដឺឡេអេន បាននិយាយថា វ៉ាក់សាំងកូវីដ-១៩ ចំនួន ២០០លានដូសដែលសហភាពអឺរ៉ុបគ្រោងនឹងបរិច្ចាគនេះ គឺជាចំនួនបន្ថែមទៅលើវ៉ាក់សាំង ចំនួន ២៥០លានដូស ដែលសហភាពអឺរ៉ុបបានសន្យារួចហើយកាលពីលើកមុន។
លោកស្រីបានពណ៌នាពីការផ្តល់ជំនួយវ៉ាក់សាំងនេះថា «ជាការវិនិយោគមួយនៅក្នុងចំណងសាមគ្គីភាព និងជាការវិនិយោគសម្រាប់សុខភាពជាសាកល»។
លោកស្រី វ៉ុនដឺឡេអេន បានលើកឡើងថា «ទំហំនៃភាពអយុត្តិធម៌ និងកម្រិតនៃតម្រូវការជាបន្ទាន់ មានភាពច្បាស់លាស់ណាស់» ដោយប្រទេសដែលមានប្រាក់ចំណូលទាប និងមធ្យមបានចាក់វ៉ាក់សាំងតិចជាង ១%នៃវ៉ាក់សាំងដែលត្រូវបានចាក់សរុបនៅទូទាំងពិភពលោក។
ជាមួយគ្នានោះ លោកស្រីក៏បាននិយាយដែរថា សហភាពអឺរ៉ុបក៏កំពុងវិនិយោគប្រាក់ជាង ១ពាន់២រយលានដុល្លារ ដើម្បីបង្កើនសមត្ថភាពផលិតវ៉ាក់សាំងនៅក្នុងទ្វីបអាហ្វ្រិក៕
អត្ថបទ នឹងរូបភាពដោយ៖ Puthinews