កាលពីថ្ងៃសុក្រ ប្រទេសជាច្រើនជាសមាជិកនៃអង្គការណាតូ (NATO) បានស្នើឲ្យបន្តពន្យារពេលជម្លៀសមនុស្សចេញពីរដ្ឋធានីកាប៊ុលបន្ទាប់ពីថ្ងៃឱសានវាទព្រោះមានមនុស្សច្រើនណាស់ដែលកំពុងស្វែងរកកន្លែងមានសុវត្ថិភាពក្រោយក្រុមតាលីបង់ចូលគ្រប់គ្រងប្រទេសអាហ្វហ្គានីស្ថាន។
អគ្គលេខាធិការអង្គការណាតូ (NATO) លោក ចេន ស្តូលឡិនបឺក (Jens Stolenberg) បានរៀបរាប់ថាស្ថានភាពនៅខាងក្រៅអាកាសយានដ្ឋានក្នុងរដ្ឋធានីកាប៊ុល «ពិតជាលំបាកនិងធ្ងន់ធ្ងរ» ។ ជនបរទេសនិងពលរដ្ឋអាហ្វហ្គានីស្ថានរាប់ពាន់នាក់ដែលប្រហែលជារងការគំរាមកំហែងពីក្រុមតាលីបង់កំពុងព្យាយាមយ៉ាងខ្លាំងដើម្បីចូលទៅក្នុងអាកាសយានដ្ឋាន។
លោក ស្តូលឡិនបឺក (Stolenberg) បាននិយាយបន្ទាប់ពីចូលរួមកិច្ចប្រជុំបន្ទាន់នៃក្រុមរដ្ឋមន្ត្រីការបរទេសរបស់អង្គការណាតូ (NATO) ថា «សហរដ្ឋអាមេរិកបានកំណត់យកថ្ងៃទី៣១ ខែសីហាជាថ្ងៃឱសានវាទនៃការដកកងទ័ពអាមេរិករាប់ពាន់នាក់ចេញពីអាហ្វហ្គានីស្ថាន ប៉ុន្តែសម្ព័ន្ធមិត្តរបស់យើងមួយចំនួនបានលើកឡើងថាវាចាំបាច់ត្រូវពន្យារពេលបន្តដើម្បីអាចជួយជម្លៀសមនុស្សចេញពីទីនោះបានច្រើនថែមទៀត។»
លោក ស្តូលឡិនបឺក (Stolenberg) បានបន្តថា ប្រទេសជាច្រើនដែលជាសមាជិករបស់អង្គការណាតូ (NATO) បានបញ្ជូនយន្តហោះទៅជម្លៀសមនុស្សពីអាហ្វហ្គានីស្ថាន ប៉ុន្តែភាពផ្ទុយគ្នាគឺថាយន្តហោះមានច្រើន ប៉ុន្តែមិនមានមនុស្សជិះដោយសារតែភាពវឹកវរនៅខាងក្រៅអាកាសយានដ្ឋាន។»
ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយផ្សេងទៀត រដ្ឋមន្ត្រីការបរទេសបែលហ្ស៊ិកបាននិយាយថា ក្នុងចំណោមមនុស្សចំនួន៤៥០នាក់ដែលស្វែងរកការជម្លៀសគឺមានតែ១៦នាក់ប៉ុណ្ណោះដែលបានបង្ហាញខ្លួននៅអាកាសយានដ្ឋាន។
យោងតាមមន្ត្រីអង្គការណាតូ (NATO) មនុស្សជាង១៨,០០០នាក់ត្រូវបានជម្លៀសចេញពីរដ្ឋធានីកាប៊ុលចាប់តាំងពីក្រុមតាលីបង់ចូលកាន់កាប់ទីក្រុងនេះកាលពីថ្ងៃអាទិត្យមក៕
អត្ថបទ និងរូបភាពដោយ Puthinews