30 C
Phnom Penh
Saturday, July 27, 2024

សម្តេច ស ខេង បានប្រាប់អាជ្ញាធរខេត្តព្រៃវែងឱ្យ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ក្នុងសហគមន៍ និងខិតខំធ្វើឱ្យស្ថានភាពមកប្រក្រតីភាពវិញ

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានផ្តល់នូវអនុសាសន៍ ណែនាំដល់ថ្នាក់ដឹកនាំខេត្ត អាជ្ញាធរពាក់ព័ន្ធ និងកងម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់នៅទូទាំងខេត្ត សូមបន្តអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួន នូវតួនាទីនិងភារៈកិច្ចតាមការណែនាំនានារបស់រាជរដ្ឋាភិបាល និងអនុវត្តន៍៣កុំ ៣ការពារ ដើម្បីធ្វើយ៉ាងណាទប់ស្កាត់ការឆ្លងរីករាលជំងឺឆ្លងកូវីដ-១៩ ក្នុងសហគមន៍ និងអាចធ្វើឱ្យស្ថានការណ៍វិលមកប្រក្រតីភាពឡើងវិញ។ សម្តេចក្រឡាហោម ស ខេង បានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ នាទីស្តីការក្រសួងមហាផ្ទៃ ក្នុងកិច្ចប្រជុំស្តីពីបច្ចុប្បន្នភាព ស្ថានភាពជំងឺកូវីដ-១៩ ជាពិសេសវីរុសបំប្លែងថ្មី Delta ក្នុងខេត្តព្រៃវែង តាមរយៈប្រព័ន្ធវីដេអូ។

សម្តេច ក្រឡាហោម ស ខេង មានប្រសាសន៍លើកឡើងបន្តទៀតថាកន្លងមក រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការជាបន្តបន្ទាប់ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩សំដៅការពារសុខភាពនិងអាយុជីវិតរបស់ប្រជាជន។ បន្ថែមលើវិធានការបង្ការ ទប់ស្កាត់ និងគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺនេះ រាជរដ្ឋាភិបាលក៏បានដាក់ចេញ និងកំពុងអនុវត្តន៍យ៉ាងសកម្មនូវយុទ្ធនាការជាតិចាក់វ៉ាក់សាំង ដែលត្រូវបានចាត់ទុកជាយុទ្ធសាស្ត្រគន្លឹះ និងជាខ្សែក្រវាត់ការពារ សំខាន់ជាងគេ ដើម្បីបង្កើតឱ្យមានភាពស៊ាំ ក្នុងសហគមន៍ទប់ទល់នឹងមេរោគកូវីដ-១៩ សំដៅការពារសុខភាព និងអាយុជីវិតរបស់ប្រជាជន ក៏ដូចជា ដើម្បីឈានឆ្ពោះទៅបើកដំណើរការប្រទេសជាតិឡើងវិញលើគ្រប់វិស័យ និងការរស់នៅជាមួយនឹងជំងឺនេះតាមគន្លងប្រក្រតីភាពថ្មី។ ទន្ទឹមនេះ រាជរដ្ឋាភិបាលបាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្តល់ ការថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ ទាំងអស់ដោយឥតគិតថ្លៃនៅតាមមន្ទីរពេទ្យ និងមណ្ឌលព្យាបាលរបស់រដ្ឋទាំងអស់។

សម្តេចបានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងការលះបង់ជូនជាតិ មាតុភូមិដល់ថ្នាក់ដឹកនាំខេត្ត អង្គភាពពាក់ព័ន្ធ អជ្ញាធរគ្រប់លំដាប់ថ្នាក់ និងកងកម្លាំង ប្រដាប់អាវុធទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញតួនាទីតាមជំនាញ និងសមត្ថកិច្ចរៀងៗខ្លួន ដើម្បីទប់ស្កាត់ នូវការឆ្លងរីករាលដាលជម្ងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ជាពិសេសវីរុសបំប្លែងថ្មី delta៕

អត្ថបទ និងរូបភាពដោយ Puthi News

អានបន្ត

spot_img