31 C
Phnom Penh
Sunday, October 6, 2024

សម្តេចវិបុលសេនាភក្តី សាយ ឈុំ អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គអប់រំនយោបាយរបស់គណបក្សប្រជាជនកម្ពុជា កម្រិត ២ ជំនាន់ទី ១០

ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ នេះ គណៈឃោសនាអប់រំនៃគណៈកម្មាធិការកណ្តាល បានប្រារព្ធពិធីបើកវគ្គអប់រំនយោបាយរបស់គណបក្ស កម្រិត ២ ជំនាន់ទី ១០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រធានគណៈប្រចាំការនៃគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល រួមជាមួយឯកឧត្តមប្រធាន អនុប្រធានបណ្តាស្ថាប័នជុំវិញគណៈកម្មាធិការកណ្តាល នៅវិមាន ៧ មករា ។


នៅក្នុងឱកាសនោះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសម្តែងនូវក្តីសោមនស្សរីករាយក្រៃលែង ដោយបានចូលរួមជាអធិបតីក្នុងពិធីបើកវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១០ និងបាននាំមកនូវការផ្តាំសួរសុខទុក្ខ និងជូនពរពីសំណាក់សម្តេចប្រធានគណបក្ស សម្តេចប្រធានកិត្តិយសគណបក្ស សម្តេចអនុប្រធានគណបក្ស និងថ្នាក់ដឹកនាំគណបក្សទាំងអស់ ជូនចំពោះសិក្ខាកាម ក៏ដូចមន្រ្តីបម្រើការងារទាំងអស់ ប្រកបដោយក្តីនឹករឭក និងស្រឡាញ់ដ៏ជ្រាលជ្រៅ ។


សម្តេចភក្តី សាយ ឈុំ បានថ្លែងថា វគ្គអប់រំនយោបាយកម្រិត២ ជំនាន់ទី១០ ដែលកំពុងចាប់ផ្តើមប្រព្រឹត្តទៅនេះ គឺស្របពេលដែលគណបក្សប្រជាជនកម្ពុជាយើងទើបទទួលបានជ័យជម្នះយ៉ាងត្រចះត្រចង់ក្នុងការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក និងក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃ ទី២៦ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ ។

សម្តេចបានបន្តថា ចំពោះរាជធានីខេត្តយើងទទួលបានសម្លេងគាំទ្រចំនួន ៩.៩៨៥សម្លេង ស្មើនឹង ៥០៤អាសនៈ ប្រៀបធៀបនឹងអង្គបោះឆ្នោតយើងកើនបាន ៦១០សំឡេង និងកើនអាសនៈបាន ៣១អាសនៈ ។ ចំពោះថ្នាក់ក្រុង ស្រុក ខណ្ឌយើងទទួលបានសម្លេងគាំទ្រ ៩៩៥០សំឡេង ស្មើនឹង ៣២៥៧អាសនៈ គឺកើនឡើង ៥៧២អាសនៈ គឺស្មើនឹង ២១០សំឡេង ។ ខេត្តដែលទទួលបានអាសនៈ ១០០% រួមមាន ខេត្តមណ្ឌលគីរី ខេត្តពោធិ៍សាត់ ខេត្តព្រះសីហនុ ខេត្តកែប និងខេត្តឧត្តរមានជ័យ ។


សម្តេចភក្តី សាយ ឈុំ បានគូសបញ្ជាក់ថា  លទ្ធផលនេះសបញ្ជាក់ឱ្យឃើញច្បាស់នូវជំនឿជឿជាក់ និងទំនុកទុកចិត្តរបស់អង្គបោះឆ្នោត និងប្រជាជនយើងមកលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាយើង ដែលធានាបានយ៉ាងរឹងមាំពិតប្រាកដនូវ សន្តិភាព ឯករាជ្យភាព អធិបតេយ្យភាព បូរណភាពដែនដី និងការអភិវឌ្ឍ ។

ជាមួយគ្នានេះ រាជរដ្ឋាភិបាលបន្តវេនដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី សម្រេចបាននូវសមិទ្ធផលជាច្រើនក្នុងការបន្តការពារ និងអភិវឌ្ឍប្រទេសជាតិ ប្រកបដោយសមត្ថភាព ថាមភាព កិត្យានុភាព សក្តានុពល ដែលត្រូវបានទទួលនូវការអប់អរសាទរពីសាធារណៈមតិជាតិ និងអន្តរជាតិ ។ ទន្ទឹមនេះ សម្តេចក៏បានបញ្ជាក់បន្ថែមចំពោះពួកប្រឆាំងក្នុង និងក្រៅប្រទេស គេឈឺចាប់ណាស់ចំពោះការបរាជ័យដ៏អាមាស់របស់ពួកគេ ។

មូលហេតុដែលនាំឱ្យគេចាញ់ គឺមានច្រើន តែក្នុងនោះ មូលហេតុមួយដែលយើងគប្បីជ្រួតជ្រាបទាំងអស់គ្នា គឺថា គោលនយោបាយ និងទង្វើប្រតិបត្តិជាក់ស្តែងរបស់ពួកគេ គឺមិនស្របនឹងបំណងរបស់ប្រជាជន និងប្រទេសជាតិយើង ប៉ុន្តែយើងត្រូវចងចាំថា ពួកប្រឆាំង (និយាយាជារួម) កាលណាគេកាន់តែចាញ់ ឧបាយកលរបស់ពួកគេក៏កាន់តែពិសពុល ដូច្នេះគេមិនភ្លេចទេនូវឧបាយកល ដើម្បីផ្តួលរំលំគណបក្សប្រជាជនកម្ពុជា ។ ប្រការនេះ ដែលយើងទាំងអស់គ្នាត្រូវតែមើលឱ្យឃើញ ហើយចងចាំឱ្យច្បាស់កុំបីធ្វេសប្រហែស និងត្រូវតែលើកកម្ពស់ស្មារតីប្រុងប្រយត្ន័ឱ្យបានខ្ពស់ជានិច្ចក្នុងគ្រប់ស្ថានភាព និងគ្រប់កាលៈទេសៈទាំងអស់ ។

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img
spot_img