ស្តាប់អត្ថបទជាសំឡេង
បាត់ដំបង៖ អគារសិក្សា១ខ្នង មាន០៦បន្ទប់ ស្ថិតក្នុងសាលាបឋមសិក្សាបាយដំរាំ ភូមិនិងឃុំបាយដំរាំ ស្រុកបាណន់ ខេត្តបាត់ដំបង ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈក្រុមការងារថ្នាក់ជាតិចុះជួយស្រុកបាណន់ ត្រូវបានធ្វើពិធីបញ្ចុះបឋមសិលាសាងសង់នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១នេះ ក្រោមវត្តមានសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកបាណន់ ព្រមទាំងក្រុមការងារចុះជួយស្រុកជាច្រើនទៀត ។


សូមបញ្ជាក់ថា អគារសិក្សាថ្មីនេះ គឺសាងសង់ជំនួសអគារចាស់របស់សម្តេចតេជោ ហ៊ុន សែន ដែលមានសភាពចាស់ទ្រុឌទ្រោម មិនអាចឱ្យសិស្សានុសិស្សចូលរៀនសូត្របាន ហើយស្របពេលដែលតម្រូវការសិក្សារបស់ក្មួយៗ មានការកើនឡើងផងនោះ ទើបក្រុមការងារថ្នាក់ជាតិចុះជួយស្រុកបានសហការគ្នាជាថវិកា ដើម្បីកសាងអគារសិក្សាសម្តេចតេជោ ហ៊ុន សែន នេះឡើងវិញ ដើម្បីឆ្លើយតបតាមសំណូពរ និងភាពចាំបាច់របស់លោកគ្រូ អ្នកគ្រូ មាតា បិតាសិស្ស ជាពិសេសគឺក្មួយៗ សិស្សានុសិស្សផ្ទាល់តែម្តង សម្រាប់ការបង្រៀន និងការរៀន ។


សន្តិបណ្ឌិតសុខ ផល បានបញ្ជាក់ថា អគារសិក្សា១ខ្នង ០៦បន្ទប់នេះ គឺជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីលើកកម្ពស់ក្នុងការបណ្តុះបណ្តាល ធនធានចំណេះដឹងដល់ក្មួយៗ សិស្សានុសិស្ស ដែលជាតម្រូវការចាំបាច់របស់ប្រទេសជាតិ ក្នុងការកសាង និងអភិវឌ្ឍន៍ជាតិឱ្យកាន់តែមានការរីកចម្រើន ។


លោក បានបន្តទៀតថា តាមរយៈការផ្តល់អគារសិក្សានេះ បានបង្ហាញឲ្យឃើញពីការខិតខំប្រឹងប្រែងយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំជាតិ ក្នុងការលើកកម្ពស់ដល់វិស័យអប់រំសិក្សាធិការជាតិឱ្យកាន់តែមានការរីកចម្រើន ទាំងបរិមាណ និងគុណភាព ស្របតាមស្តង់ដារទាំងនៅថ្នាក់តំបន់ និងនៅលើសកលលោក ។


រហូតមកដល់នឹងពេលនេះ កម្ពុជាបានត្រៀមធ្វើការបើកសេដ្ឋកិច្ច និងបើកសាលារៀនសម្រាប់ក្មួយៗសិស្សានុសិស្សឡើងវិញ ក្រោយពីមានការស្ទាបស្ទង់នៃការឆ្លងជំងឺកូវីដ-១៩ បន្ទាប់ពីពិធីបុណ្យភ្ជុំបិណ្ឌបានបញ្ចប់រួចមក ប្រសិនបើមិនមានការផ្ទុះឆ្លងជំងឺកូវីដ-១៩នោះទេ ។


ជំងឺកូវីដ-១៩ នៅតែជាបញ្ហាស្រួចស្រាវគួរឱ្យព្រួយបារម្ភបំផុត ដែលត្រូវទាមទារឱ្យមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការទប់ស្កាត់ កុំឱ្យមានការឆ្លងរាលដាលចូលក្នុងសហគមន៍បន្តទៀត អ្វីដែលសំខាន់ សូមឱ្យប្រជាពលរដ្ឋទាំងអស់ចូលរួមអនុវត្តនូវវិធានការសុវត្ថិភាព ៣កុំ ៣ការពារ ដែលជាមធ្យោបាយដ៏ល្អមួយ ក្នុងការទប់ស្កាត់នៃការឆ្លងជំងឺកូវីដ-១៩ ទន្ទឹមនឹងនោះការចាក់វ៉ាក់សាំងកូវីដ-១៩ ក៏ជាវិធានការដ៏ប្រសើរបំផុតត្រូវតែចាក់ឱ្យបានគ្រប់ៗគ្នា ដើម្បីទប់ស្កាត់ហានិភ័យ កើតឡើងចំពោះបុគ្គល គ្រួសារ សហគមន៍ និងប្រទេសជាតិយើងមានឆ្លងជំងឺកូវីដ-១៩ ៕








អត្ថបទ និងរូបភាពដោយ៖ Puthinews