រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក ឡយ អូស្ទីន បានដឹកនាំគណៈប្រតិភូ អញ្ជើញមកដល់ប្រទេសកម្ពុជានៅវេលាម៉ោងប្រមាណ ៩ ព្រឹកនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤នេះ។
ដំណើរអញ្ជើញដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ របស់លោក ឡយអូស្ទីន ត្រូវបានទទួលបានការស្វាគមន៍ពីមន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិតំណាងអគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ និងតំណាងមេបញ្ជាការកងទ័ពទាំង៣ប្រភេទរបបកម្ពុជា លោក ឡយ អូស្ទីន រដ្ឋមន្ត្រីការពារជាតិអាមេរិក ក៏បានធ្វើដំណើរចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធាន ព្រឹទ្ធសភាកម្ពុជាភ្លាមតែម្តងនៅព្រឹកនេះ។
ក្នុងដំណើរទស្សនកិច្ចនេះ ក្រៅពីជួបសម្តេចតេជោ ហើយនោះ លោក ឡយ អូស្ទីន នឹងជួបជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រី ការពារជាតិរបស់កម្ពុជា។ នៅទីស្តីការក្រសួងការពារជាតិ មុននឹងជំនួបពិភាក្សានោះ ក៏នឹងមានការរៀបចំពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការផងដែរ។ ដំណើរទស្សនកិច្ចរយៈពេលមួយថ្ងៃរបស់លោក ឡយ អូស្ទីន នៅកម្ពុជានាពេលនេះត្រូវបានគេមើលឃើញថាជាការរួមចំណែកលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងកម្ពុជា និងអាមេរិក ឱ្យកាន់តែល្អប្រសើរ។
ដោយ៖ Puthinews
Youtube Channel: Puthi News
Telegram Channel: Puthi News
Puthinews Android app: Puthi New