25 C
Phnom Penh
Monday, December 2, 2024

សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកការចាក់វ៉ាក់សាំងកូវីដ-១៩ ថា បានជួយឱ្យកម្ពុជាមិនអាចឈានទៅកាន់សភាពធ្ងន់ធ្ងរ

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ការចាក់វ៉ាក់សាំងកូវីដ-១៩ បានជួយឱ្យប្រជាពលរដ្ឋកម្ពុជា មិនអាចឈានទៅកាន់សភាពធ្ងន់ធ្ងរទេ ហើយអ្នកដែលទទួលមរណៈភាពដោយសារជំងឺកូវីដ-១៩ ភាគច្រើនជាអ្នកដែលមានជំងឺប្រចាំកាយ។ ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន ដូចនេះ បានធ្វើឡើងតាមរយៈសារជាសំឡេង នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា រហូតមកដល់ពេលនេះ ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ របស់កម្ពុជា មានចំនួនជាង ១៣លាន ៦សែននាក់ ហើយការចាក់វ៉ាក់សាំង បើគិតជាអត្រាគ្របដណ្ដប់មានរហូតទៅដល់ជាង៨៥ភាគរយ នៃចំនួនប្រជាជនសរុប។

ដូច្នេះសម្ដេចតេជោ ហ៊ុន សែន បានចាត់ទុកការចាក់វ៉ាក់សាំង ជាគ្រឹះការពារដ៏រឹងមាំសម្រាប់អាយុជីវិតប្រជាជនកម្ពុជា។ សម្តេចមានប្រសាសន៍លើកឡើងយ៉ាងដូច្នេះថា៖ “នេះគឺជាគុណបុណ្យដែលកម្ពុជាមានវ៉ាក់សាំងកូវីដ-១៩គ្រប់គ្រាន់ កម្ពុជាមានមិត្តជួយ ដូចជាប្រទេសចិន សហរដ្ឋអាមេរិក ជប៉ុន អង់គ្លេស និងកូវ៉ាក់ ព្រមទាំងការទិញវ៉ាក់សាំងរបស់កម្ពុជាយ៉ាងច្រើន ដែលរហូតមកដល់ពេលនេះមានវ៉ាក់សាំងសរុប ៣៨លានដូស ដើម្បីចាក់ជូនប្រជាពលរដ្ឋ”។

នៅក្នុងឱកាសនេះដែរ សម្ដេចតេជោ ហ៊ុន សែន ក៏បានណែនាំដល់អាជ្ញាធរនៅតាមមូលដ្ឋាន និងក្រុមគ្រូពេទ្យសុំយកចិត្តទុកដាក់ក្នុងការផ្ដល់វ៉ាក់សាំងជូនប្រជាពលរដ្ឋ៕


អត្ថបទ និងរូបភាពដោយ៖ Puthinews

អានបន្ត

spot_img
spot_img