30 C
Phnom Penh
Saturday, July 27, 2024

សម្តេចតេជោ ហ៊ុន សែននឹងថ្លែងក្នុងកិច្ចប្រជុំកំពូលកូវីដ-១៩ ជាសកល ស្តីពីការបញ្ចប់ជំងឺរាតត្បាត និងការកសាងឱ្យបានប្រសើរឡើងវិញ

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណា ចក្រកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលកូវីដ-១៩ ជាសកល តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១។ យោងតាមសេចក្តីប្រកាសព័ត៌មានពីក្រសួង ការបរទេសនៅល្ងាចថ្ងៃទី២១ ខែកញ្ញានេះ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលកូវីដ-១៩ ជាសកល ក្រោមប្រធានបទ “ការបញ្ចប់ជំងឺរាតត្បាត និងការកសាងឱ្យបានប្រសើរឡើងវិញ” ដែលកិច្ចប្រជុំនេះនឹងដឹកនាំដោយ លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១។ 

កិច្ចប្រជុំកំពូលនេះ នឹងផ្តោតទៅលើការចាក់វ៉ាក់សាំងពិភពលោក ការសង្រ្គោះជីវិត ការកសាងឱ្យបានប្រសើរឡើងវិញនូវសន្តិសុខសុខភាព និងការធ្វើសកម្មភាពដើម្បីវឌ្ឍនភាព និងធ្វើការឯកភាពទៅលើសេចក្តីព្រាងគោលដៅ(draftTargets)។  

សុន្ទរកថា របស់សម្តេចតេ ជោ នឹងផ្តោតជាសំខាន់ទៅលើភាពចាំបាច់បន្ទាន់ក្នុងការរួមគ្នាបញ្ឈប់ជំងឺកូវីដ-១៩ ក្នុងចេតនាស្មោះត្រង់ និងមនុស្សធម៌ ដោយគ្មានរបៀបវារៈនយោបាយនៅពីក្រោយ ភាពមិនច្បាស់លាស់ នៃជំងឺកូវីដ-១៩ និងផលរំខានទៅលើសកម្មភាពសេដ្ឋកិច្ច-សង្គម និងសារៈសំខាន់ក្នុងការកំណត់នូវរាល់វ៉ាក់សាំងទាំងអស់ ដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក ជាទំនិញយុទ្ធសាស្រ្តសកលដ៏សំខាន់ ដោយគ្មានការរើសអើង។ សម្តេចតេជោ ក៏នឹងចែករំលែកដល់កិច្ចប្រជុំកំពូលផងដែរ អំពីមធ្យោបាយដ៏មានប្រសិទ្ធភាព និងយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងភាពធន់ ក្រោយវិបត្តិជំងឺកូវីដ-១៩។ 

ការអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ឆ្លុះបញ្ចាំងនូវសាមគ្គីភាព និងការប្តេជ្ញាចិត្តដ៏រឹងមាំ និងម៉ឺងម៉ាត់របស់កម្ពុជា ជាមួយសហគមន៍ និងកិច្ចខិតខំប្រឹងប្រែងជាអន្តរជាតិ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជាមួយស្មារតីថា “គ្មានអ្នកណាម្នាក់មានសុវត្ថិភាពនោះទេ រហូតដល់គ្រប់ គ្នាមានសុវត្ថិភាព” ៕

អត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img